GuidePedia

0
ក្រុម​​ជើង​ឯក​អាល្លឺម៉ង់​ Bayern Munich ​បាន​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ ពាន​រង្វាន់​កំពូល​ទ្វីប​​អឺរ៉ុប UEFA Champions League ​៤​រដូវ​កាល​ជាប់ៗ​គ្នា បន្ទាប់​ពី​លត់​ក្រុម​ម្ចាស់​​ជើង​ឯក​អ៊ុយក្រែន Shakhtar Donetsk ​ដែល​សល់​គ្នា​តែ​១០​នាក់​នោះ​ ដល់​ទៅ​ ៧-០ ក្នុង​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ ជើង​ទី​២ នៅ​កីឡដ្ឋាន Allianz Arena ​កាល​ពី​យប់​មិញ។


Thomas Muller ​ជា​អ្នក​ស៊ុត​​បាល់​ប៉េណាល់ទី ​នាំ​សំណាង​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​​គ្រាប់​ទី​១ នៅ​នាទី​៤ បន្ទាប់​​ពី​កីឡាករ Olexandr Kucher ​របស់​ Shakhtar ​ត្រូវ​ពិន័យ​កាត​ក្រហម​តាំង​តែ​ពី​នាទី​ទី​៣។ ​ខណៈ​ដែល​នៅ​តង់​ទី​១ Bayern គ្រប់​គ្រង​បាល់​បាន​ដល់​ទៅ ៧៩​%​ នោះ Jerome Boateng ​បាន​បន្ថែម​១​គ្រាប់​ទៀត នៅ​នាទី​ ៣៤។

​ចូល​ដល់​តង់​ទី​២ ក្រុម​ខ្លាំង​អាល្លឺម៉ង់​មួយ​នេះ ស៊ុត​គ្មាន​​ប្រណី​ទេ ពោល​គឺ​ស៊ុត​បន្ថែម​៥​គ្រាប់​ទៀត ដែល​រក​បាន​ដោយ​កីឡាករ​ Franck Ribery ​នាទី​៤៩, Mueller ១​គ្រាប់​ទៀត នាទី​៥២, Holger Badstuber ​នាទី​៦៣, Robert Lewandowski នាទី​៧៥ និង​ Super Star ​កាល​ World Cup កីឡាករ Mario Goetze ​រក​បាន​១​គ្រាប់​ទៀត​ នៅ​ចុង​ម៉ោង​នាទី​៨៧។

​លោក Pep Guardiola អ្នក​ចាត់​ការ​ក្រុម​ Bayern បាន​និយាយ​ក្រោយ​​ជ័យ​ជម្នះ ​ដ៏​ធំ​ធេង​នេះ​ថា៖ “​ខ្ញុំ​តែង​តែ​ទុក​ចិត្ត​កីឡាករ​របស់​ខ្ញុំ ​ហើយ​ខ្ញុំ​រីករាយ​ណាស់ បន្ទាប់​ពី​ឃើញ​ពួកគេ​លេង​បាន​ល្អ​ឥត​ខ្ចោះ​នៅ​យប់​នេះ។ អ្នក​អាច​និយាយ​ថា ដោយ​សារ​​តែ​កាត​ក្រហម​ ទើប​ធ្វើ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​ដូច​នេះ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា ពេល​ខ្លះ​ទោះ​គេ​សល់​តែ​១០​នាក់ ក៏​មិន​ងាយ​ស្រួល​យក​ឈ្នះ​ដែរ”៕


Post a Comment

 
Top