GuidePedia

0
លោក Pep Guardiola បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ថា លោក​នឹង​​ធ្វើការ​សម្រេចចិត្ត​ទៅលើ​អនាគត​ក្នុង​ក្លិប​ Bayern Munich របស់​លោក​នៅ​ចុង​រដូវកាល​នេះ និង​បាន​ច្រានចោល​នូវ​ពាក្យ​ចចាមអារ៉ាម​ផ្សេងៗ​ជុំវិញ​ការ​ផ្ទេរ​ទៅ​​ដឹកនាំ​ក្នុង​ក្លិប Manchester City​។


លោក Guardiola ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​បេក្ខភាព​មួយ​រូប​ក្នុង​ការ​ចូល​ជំនួស​តំណែង​គ្រូបង្វឹក​ក្រុម Man City លោក Manuel Pellegrini ប៉ុន្តែ គ្រូបង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ បាន​ធ្វើការ​ច្រានចោល​​ទៅ​លើ​ការ​លើក​ឡើង​ផ្សេងៗ​។

លោក​បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​ថា៖ «ខ្ញុំ​មិន​បាន​ទទួល​សំណើ​​អ្វី​ឡើយ ហើយ​ខ្ញុំ​​​ក៏​មិនមែន​កំពុង​រង់ចាំ​ការ​ផ្តល់​សំណើ​ណា​មួយ​ឡើយ​។ ខ្ញុំ​ពិតជា​រីករាយ​ណាស់​​ក្នុង​នៅ​ទីនេះ ព្រោះ​នេះ​ជា​ក្លិប​ដ៏អស្ចារ្យ​មួយ​»​។

គ្រូបង្វឹក​វ័យ​ ៤៤ ​ឆ្នាំ​រូប​នេះ បាន​​ប្រាប់​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​ចង់​បំពេញ​កិច្ចសន្យា​របស់​ខ្ញុំ និង​ធ្វើ​ការងារ​របស់​ខ្ញុំ​ឲ្យ​បាន​ល្អ ហើយ​នោះ​ជា​អ្វី​ដែល​ខ្ញុំ​កំពុង​តែ​គិត​នៅពេល​នេះ​។ ខ្ញុំ​នៅ​សល់​រយៈពេល​ ១ ​ឆ្នាំ​កន្លះ​ទៀត​​ក្នុង​កិច្ចសន្យា​របស់​ខ្ញុំ​។

យើង​​នឹង​បន្ត​នៅ​ជាមួយ​គ្នា​រហូត​ដល់​​រដូវក្តៅ ហើយ​បន្ទាប់មក យើង​នឹង​​រង់ចាំ​មើល​ថា ​មាន​អ្វី​កើតឡើង​»​។ លោក Karl-Heinz Rummeigge ប្រធាន​ក្លិប Bayern បាន​ឲ្យ​ដឹង​ថា លោក​ចង់​​បន្ត​កិច្ចសន្យា​ជាមួយ​នឹង​លោក Guardiola ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​។

ប៉ុន្តែ លោក Guardiola សញ្ជាតិ​អេស្ប៉ាញ កំពុង​តែ​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​​បន្ត​កិច្ចសន្យា​រយៈពេល​​ដ៏យូរអង្វែង​មួយ​ទៅលើ​កុងត្រា​នា​ពេល​បច្ចុប្បន្ន​របស់​លោក​ដែល​នឹង​ត្រូវ​ផុតកំណត់​នៅ​​ខែ​មិថុនា ឆ្នាំ​ ២០១៦ ​។

លោក Guardiola បាន​ឈ្នះ​ពាន​រង្វាន់​បួន​កាលពី​រដូវកាល​មុន​ក្នុង​​ការ​ចូល​កាន់​តំណែង​​ជា​លើក​​ដំបូង​របស់​លោក និង​កំពុង​តែ​ស្ថិត​នៅលើ​​ផ្លូវ​​ក្នុង​ការ​ជួយ​ឲ្យ Bayern ឈ្នះ​ពាន​រង្វាន់ Bundesliga ជា​លើក​ទី​៣​ជាប់ៗ​គ្នា​ក្នុង​ខែ​ឧសភា ខាង​មុខ​នេះ​។

ក្រោយពី​បាន​ឈ្នះ​ពាន​រង្វាន់ Champions League ជាមួយ​នឹង​​អតីត​ក្លិប​របស់​លោក Barcelona លោក Guardiola ពិតជា​សង្ឃឹម​ថា អាច​នាំ​យក​​ពាន​រង្វាន់​ប្រចាំ​ទ្វីប​នេះ​ទៅ​ឲ្យ​ក្រុម Bayern ក្រោយពី​បាន​រងបរាជ័យ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​​កាលពី​​រដូវកាល​មុន​ក្រោម​ស្នាដៃ​ក្រុម​ម្ចាស់​ជើងឯក​បច្ចុប្បន្ន Real Madrid​។

ក្រុម Bayern បាន​ធ្វើ​​ជា​ម្ចាស់ផ្ទះ​ទទួល​ភ្ញៀវ Eintracht Braunschweig ដែល​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​ទី​២ ក្នុង​ការ​ប្រកួត​ដណ្តើម​ពាន German Cup កាលពី​​​យប់មិញ​ដើម្បី​​ដណ្តើម​កៅអី​ទៅ​លេង​ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​។


លោក Guardiola បាន​បញ្ជាក់​ថា លោក​នឹង​ប្រើប្រាស់​ក្រុម​ឈុត​ទី​១​របស់​លោក​​​ក្នុង​ពេល​ប្រកួត​ជាមួយ​នឹង​ក្រុម​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​លំដាប់​ទី​២​មួយ​នេះ​។ ប៉ុន្តែ ទោះបី​​ជា​យ៉ាង​ណា​លោក​អាច​នឹង​មិន​ប្រើប្រាស់​តារា​ឆ្នើម​មួយ​ចំនួន​ឡើយ​ដោយសារ​តែ Bayern​ ត្រូវ​លេង​នៅលើ​​ទឹកដី​ក្រុម Hanover នៅ​ថ្ងៃ​សៅរ៍​នេះ នៅ​មុន​ពេល​​ធ្វើ​ជា​ម្ចាស់ផ្ទះ​ទទួល​ភ្ញៀវ Shakhtar Donetsk នៅ​ថ្ងៃ​ពុធ​ក្រោយ​ក្នុង​ការ​ប្រកួត​ Champions League វគ្គ​ ១៦ ​​ក្រុម ជើង​ទី​២ ក្រោយពី​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ នៅ​អ៊ុយក្រែន​៕

Post a Comment

 
Top