GuidePedia

0
អ្នក​ប្រដាល់​ល្បី​ឈ្មោះ​កូន​នាគ​​ វង្ស ណយ ​ដែល​ទើប​ទទួល​បាន​៣​ពិន្ទុ​ពី​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ខារ៉ាបាវ​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ស្នើ​ដល់​អ្នក​គាំទ្រ​ និង​ Friends នៅ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​​ Facebook ឈប់​និយាយ​អាក្រក់​ពី​រូប​គេ ​ទោះ​បី​ជា​មិន​ពេញ​ចិត្ត​​នឹង​ការ​ប្រកួត​ ឬ​ទង្វើ​មិន​គប្បី​ណា​មួយ​របស់​គេ​ក៏​ដោយ។


វង្ស ណយ​ បាន​និយាថា​ រូប​គេ​​ពិត​ជា​មាន​អារម្មណ៍​​ពិបាក​ចិត្ត​នៅ​ពេល​ឃើញ​​មាន​ Friends ​មួយ​ចំនួន​បាន​បញ្ចេញ​មតិ​មិន​សូវ​ល្អ​ដាក់​រូប​គេ​តាម Facebook ហើយ​អ្នក​ខ្លះ​បាន​​មើល​ងាយ​រូប​គេ​ និង​កីឡាករ​ប្រដាល់​​ផ្សេង​​ទៀត។ ទង្វើ​បែប​នេះ​មិន​ត្រឹម​តែ​មិន​បាន​ជួយ​ជំរុញ​លើក​ទឹក​ចិត្ត​កីឡាករ​ប្រដាល់​ខ្មែរ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បំបាក់​ទឹក​ចិត្ត​អ្នក​ប្រដាល់​ឲ្យ​ចង់​​បោះ​បង់​ចោល​​កីឡា​​ប្រដាល់​ទៀត។

«គ្រាន់​តែ Post ​រូប​ Comments ភ្លាម​ ថា​វ៉ៃ​មិន​កើត​ សូន្យ​តែ​ម្ដង​ឯង​នេះ​ អន់​ណាស់​វ៉ៃ​ស្អី​ ម្ដង​ឃើញ​មុខ​ម្ដង​បាត់​មុខ​អញ្ចឹង​​»។ វង្ស ណយ​បាន​និយាយ​ និង​បន្ត​ថា ៖«ការ​បញ្ចេញ​មតិ​យោបល់​អាក្រក់​ៗ​មាន​ច្រើន​តាំង​ពី​យូរ​មក​ហើយ​ ពេល​ខ្លះ​ខ្ញុំ​ចង់​ឈប់​ប្រដាល់​ តែ​ធ្វើ​ម៉េច​ដើម្បី​ជីវភាព​គ្រួសារ​ ខ្ញុំ​នៅតែ​​អត់​ធ្មត់​ឡើង​សង្វៀន​ដើម្បី​ចិញ្ចឹម​ប្រពន្ធ​កូន»។

ទន្ទឹម​ជា​មួយ​គ្នា​នេះ​ អ្នក​ប្រដាល់​ដែល​បាន​ប្រកួត​ឈ្នះ​​កីឡាករ​ថៃ​ Sam San Sor Samphong ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​​ដណ្ដើម​ខ្សែក្រវាត់​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ឲ្យ​ដឹង​ទៀត​ថា រូប​គេ​ធ្លាប់​បាន​​ប្លុក​(បិទ)​ Friends និង​Unfriends ​មួយ​ចំនួន​រួច​ហើយ​ដោយ​សារ​អ្នក​ទាំង​នោះ​និយាយ​អាក្រក់​ៗ​ខ្លាំង​ពេក​ដាក់​រូប​គេ​តាម​ Facebook។


អ្នក​លេង​កែង​មុត​ស្រួច​ វង្ស​ ណយ​ ជា​កីឡាករ​ម្នាក់​ដែល​ជួប​រឿង​អាស្រូវ​ច្រើន​ និង​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​អ្នក​គាំទ្រ ហើយ​ក៏​ធ្លាប់​ទទួល​ពិន័យ​ពី​​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ផង​ដែរ។ កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៤​រូប​គេ​ធ្លាប់​បាន​ប្រកាស​ដើរ​ចេញ​ពី​ពិភព​ប្រដាល់​ហើយ​ ប៉ុន្តែ​នៅ​ដើម​ឆ្នាំ​២០១៥​ក៏​លេច​មុខ​មក​កាន់​សង្វៀន​ឈឺ​ខ្លួន​សា​ជា​ថ្មី៕

Post a Comment

 
Top