GuidePedia

0
សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ចេញ​សំបុត្រ​​ចំនួន​៧៧០០​សន្លឹក​សម្រាប់​ចូល​ទស្សនា​ការ​ប្រកួត​បាល់ទាត់​វគ្គ​ជម្រុះ World Cup តំបន់​អាស៊ី​​ជុំ​ទី​មួយ​រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ និង​ជម្រើស​ជាតិ​ម៉ាកាវ​នៅ​កីឡដ្ឋានកង​យុទ្ធពល​​ខេមរភូមិន្ទ​(ស្តាត​ចាស់)​នៅ​ថ្ងៃ​ទី​១២ ខែ​មីនា​ខាង​មុខ​នេះ។


លោក សុខា​ រ៉ានាថ​ ប្រធាន​​​ផ្នែក​​ទំនាក់ទំនង និង​ទីផ្សារ​នៅ​​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ សំបុត្រ​ចូល​ទស្សនា​ការ​ប្រកួត​រវាង​កម្ពុជា និង​ម៉ាកាវ​មាន​​៣​ប្រភេទ​គឺ​តំបន់​ A​ មាន​ចំនួន​១៦០០​សន្លឹក​ដោយ​បែង​ចែក​ជា​ពីរ​ប្រភេទ​គឺ​កៅអី​ជ័រ​តម្លៃ​២​ម៉ឺន​រៀល​មាន​​៧២៩​សន្លឹក​​ និង​​​កន្លែង​អង្គុយ​លើ​ស៊ីម៉ង់​ដែល​មាន​តម្លៃ​១៥​ពាន់​រៀល​មាន​៨៧១​សន្លឹក។

ចំពោះ​តំបន់​ B​ វិញ​ដែល​មាន​តម្លៃ​សំបុត្រ​១​ម៉ឺន​រៀល​មាន​ចំនួន​​១៧០០​សន្លឹក ខណៈ​តំបន់​ C ដែល​មាន​តម្លៃ​សំបុត្រ​៤​ពាន់​រៀល​មាន​ចំនួន​៤៤០០​សន្លឹក។ សរុប​សំបុត្រ​ទាំង​តំបន់​ A, B និង C មាន​ចំនួន​៧៧០០​សន្លឹក​ដែល​សហព័ន្ធ​បោះពុម្ព។

លោក រ៉ានាថ បាន​ប្រាប់​ថា សំបុត្រ​អាច​នឹង​លក់​ដល់​ដៃ​អ្នក​ទិញ​បាន​នៅ​ថ្ងៃ​​អង្គារ​ ទី​១០​ ខែ​មីនា​នេះ​ ប៉ុន្តែ​អ្នក​ទស្សនា​អាច​រក​​​ទិញ​​បាន​តាំង​ពី​ប៉ុន្មាន​ថ្ងៃ​មុន​មក​ម្ល៉េះ​ តាម ​រយៈ​ការ​កក់​ទុក​មុន។ សំបុត្រ​​ដែល​អ្នក​គាំទ្រ​អាច​រក​ទិញ​បាន​តាម​​រយៈ​វិធី​៣​យ៉ាង​គឺ​ទី​មួយ​ទៅ​ទិញ​ផ្ទាល់​ដល់​ការិយាល័យ​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​នៅ​ក្នុង​បរិវេណ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

ទី​ពីរ​អាច​រក​ទិញ​បាន​តាម​រយៈ​ទូរសព្ទ​ពីរ​ខ្សែ​គឺ​លេខ​ ០១២ ៤៥៥ ៨៤៨ – ០១២ ៥៦៨ ៩៥៥ និង​ទី​បី​អាច​រក​ទិញ​​បាន​តាម​រយៈ​ម៉ូតូ​កង់​៣​ដែល​ធ្វើ​ដំណើរ​ផ្សព្វ ផ្សាយ​ពី​ការ​ប្រកួត​នេះ​នៅ​រាជធានី​ភ្នំពេញ។

លោក​ថា ៖«អ្នក​កត់​មុន​ មិន​ទាន់​បាន​សំបុត្រ​ សហព័ន្ធ​នឹង​ខល​ទូរសព្ទ​ទៅ​ប្រាប់​មក​​យក​សំបុត្រ​ នៅ​ពេល​សំបុត្រ​បោះ​ពុម្ព​រួច។ តាំង​ពី​មុន​ និង​ពេល​នេះ អ្នក​គាំទ្រ​អាច​រក​ទិញ និងកក់​​ទុក​មុន​បាន​តាម​មធ្យោបាយ​ទាំង​៣​ខាង​លើ»។

លោក​បញ្ជាក់​ថា ប្រសិន​បើ​សំបុត្រ​ចំនួន​​៧៧០០​សន្លឹក​លក់​ដាក់​អស់​លឿន​ក្នុង​រយៈ​ពេល​មួយ​ដ៏​ខ្លី​មុន​ការ​ប្រកួត​មក​​ដល់​ សហព័ន្ធ​នឹង​បោះពុម្ព​បន្ថែម​ទៀត​ ប៉ុន្តែ​ប្រសិន​បើ​មិន​ទាន់​អស់​ ហើយ​នៅ​សល់​ខ្លះ​ សហព័ន្ធ​នឹងដាក់​​លក់​នៅ​កន្លែង​ច្រក​ចូល​កីឡដ្ឋាន​​នា​ថ្ងៃ​ប្រកួត​តែ​ម្តង។

បន្ទាប់​ពី​សំបុត្រ​លក់​អស់​ហើយ អ្នក​ដែល​គ្មាន​សំបុត្រ​នឹង​មិន​អនុញ្ញាត​ឲ្យ​ចូល​មើល​ដាច់​ខាតនៅ​ថ្ងៃ​ប្រកួត​នោះ​ បើ​ទោះ​ជា​កន្លែង​អង្គុយ​នៅ​ជុំ​វិញ​ស្តាត​ចាស់​នៅ​មាន​សល់​ ឬ​ក៏​ឲ្យ​ប្រាក់​ទៅ​អ្នក​យាម​តាម​ច្រក​ដើម្បី​ជា​ថ្នូរ​បាន​ចូល​ទស្សនា​ក៏​ដោយ ក៏​អត់​បាន​ដែរ​គឺ​បិទ​ទ្វារ​តែ​ម្តង។


តាម​ការ​រំពឹង​ទុក អ្នក​ទៅ​ទស្សនា​យ៉ាង​ហោច​ណាស់​ជាង​មួយ​ម៉ឺន​នាក់​ដែរ​នឹង​ទៅ​ទស្សនា​ ប៉ុន្តែ​សំបុត្រ​សម្រាប់​ចូល​ទស្សនា​មាន​មិន​ដល់​មួយ​ម៉ឺន​សន្លឹក​ផង​ ដូច្នេះ​លោក​អ្នក​ស្នេហា​កីឡា​បាល់ទាត់​កម្ពុជា​ប្រញាប់​រួសរ៉ាន់​ឡើង​ដើម្បី​ទិញ​សំបុត្រ៕

Post a Comment

 
Top