GuidePedia

0
ខ្សែ​បម្រើ​ដ៏​ឆ្នើម Eden Hazard ជឿ​ជាក់​ថា ការ​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​ដណ្តើម​ពាន League Cup វគ្គ​ផ្តាច់​ព្រ័ត្រ​របស់​ក្រុម Chelsea អាច​នឹង​ក្លាយ​ជា​សញ្ញា​ដ៏ល្អ​​មួយ​សម្រាប់​ការ​ប្រជែង​ដណ្តើម​ពាន Premier League របស់​​ក្រុមមួយ​នេះ​។


ក្រុម​ឈរ​លេខ​១​នៅលើ​​​​តា​រាង​​លីក​មួយ​នេះ នឹង​ធ្វើ​ដំណើរ​ទៅ​​ប្រកួត​ជាមួយ​នឹង​ក្រុម​​ស្ថិត​ក្នុង​ទីក្រុង​ឡុងដ៍​តែ​មួយ West Ham នៅ​រាត្រី​នេះ ពោល​គឺ​រយៈ​ពេល​៣​ថ្ងៃ​ក្រោយ​ពី​បាន​ផ្តួល​ក្រុម Tottenham ២-០ នា​កីឡ​ដ្ឋាន Wembley ដើម្បី​ឈ្នះ​ពាន​​ជា​លើក​ដំ​បូង​នៃ​ការ​​ចូល​កាន់​តំណែង​​ជា​លើក​ទី​២​របស់​លោក Jose Mourinho ​នៅ​កីឡ​ដ្ឋាន Stamford Bridge​។

ការ​ទទួល​ជ័យ​ជម្នះ​របស់​ក្រុម Chelsea បាន​កើត​ឡើង​ស្រប​ពេល​ដែល​ក្រុម​ឈរ​លេខ​២ Manchester City បាន​រង​បរា​ជ័យ​នៅ​លើ​ទឹក​ដី​ក្រុម Liverpool នា​ថ្ងៃ​ដដែល​នោះ​។​ លទ្ធ​ផល​នេះ​មាន​ន័យ​ថា ក្រុម​របស់​លោក Mourinho នឹង​​ធ្វើ​ដំ​ណើរ​​ទៅ​កាន់​​កីឡ​ដ្ឋាន Upton Park ជា​មួយ​នឹង​ការ​នាំ​មុខ​៥​ពិន្ទុ និង​ការ​នៅ​សល់​មួយ​ប្រកួ​តក្នុង​​ដៃ​។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ ខ្សែ​បម្រើ​អន្តរ​ជាតិ​បែល​ហ្ស៊ិក Hazard អះ​អាង​​ថា Chelsea នឹង​ចាប់​ផ្តើម​ប្រជែង​ដណ្តើម​ឈុ្នះ​​ពាន​រង្វាន់​លីក​ជា​លើក​ទី​១​បើ​​គិត​ចាប់​តាំង​ពី​ឆ្នាំ​​២០១០​ជា​មួយ​នឹង​ការ​មាន​ពោរ​ពេញ​ដោយ​ការ​ជឿ​ជាក់​។ Hazard បាន​ឲ្យ​ដឹង​ថា៖ «ក្រោយ​ពី​បា​នឈ្នះ​ពាន​រង្វាន់​នេះ យើង​អាច​​ផ្តោត​អារម្មណ៍ទៅ​លើការ​ប្រកួត​លីក​១០០​ភាគ​រយ​។ វា​តែង​តែ​ជា​រឿង​ដ៏​សំ​ខាន់​​ក្នុង​ការ​ឈ្នះ​ពាន នៅពេល​ដែល​លេង​ឲ្យ​ក្រុម Chelsea​។

នៅមុន​ពេល​ការ​ប្រកួតនេះ យើងមិន​មាន​អារម្មណ៍​ថា រង​សម្ពាធ ឬ​ក៏​គិត​​​ពី​ការ​ប្រកួត​រវាង​ក្រុម Liverpool និង Man City ឡើយ​។ ពិត​ណាស់ នៅពេល​ដែល​​អ្នក​ឃើញ​លទ្ធ​ផល​នោះ និង​ដឹង​ថា Liverpool ឈ្នះ វា​ពិត​ជា​រឿង​​ដ៏ល្អ​ណាស់​សម្រាប់​ការ​ជឿ​ជាក់​»​។ ខ្សែ​បម្រើ​ដ៏​ឆ្នើម​រូប​នេះ​បាន​ប្រាប់​បន្ត​ថា៖ «នៅ​រដូវ​កាល​នេះ​នៅ​តែ​មាន​រយៈ​ពេល​វែង​ទៀត​។ វា​មិន​ទាន់​បញ្ចប់​នៅ​​ឡើយ​ទេ​។

Manchester City មាន​កីឡាករ​ឆ្នើម​ៗ​ជា​​ច្រើន ពួក​គេ​លេង​បាន​យ៉ាង​ល្អ ហើយ​វា​នឹង​ក្លាយ​ជា​ការ​ប្រជែង​រហូត​ដល់​ចប់​។ ហេតុ​នេះ វា​ពិត​ជា​សំខាន់​ណាស់​សម្រាប់​​យើង​ក្នុង​ការ​រក្សា​ការ​ឆ្ពោះ​ទៅ​មុខ​ ព្រោះ​​យើង​នៅមានការ​ប្រកួត​ជា​ច្រើន​ទៀត​»​។

ការ​​ជួប​ប្រកួត​ជា​មួយនឹងក្រុម West Ham នឹង​ក្លាយ​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​ក្រុម Chelsea នៅមុន​ពេលពួកគេ​បានផ្តោត​ការ​ចាប់​​​អារម្មណ៍​​​​របស់​ពួក​គេ​ទៅលើ​ការ​ប្រកួត​ជើង​ទី​២​នៃ​ក្រប​ខ័ណ្ឌ Champions League ជាមួយ​នឹង​ក្រុម Paris Saint Germain​។

Hazard ពិត​ជា​ចង់​បន្ត​ការ​ទទួល​ជ័យ​ជម្នះ​អំ​ឡុង​ពេលកាត់​សេច​ក្តី​នៃ​យុទ្ធ​នា​​ការ​នេះ​។ កីឡាករ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ «នៅពេល​ដែល​អ្នក​លេង​ឲ្យ Chelsea អ្នក​ត្រូវ​តែ​ឈ្នះ​ពាន និង​ឈាន​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ឬ​ផ្តាច់​​​ព្រ័ត្រ​​នៃ Champions League​»​។


ក្នុង​ការ​ប្រកួត​នេះ លោក Sam Allardyce អ្នក​ចាត់​ការ​ទូទៅ​របស់ West Ham បាន​ស្ថិត​ក្រោម​សម្ពាធ​ដ៏​ធំ ក្រោយ​ពី​ការ​រង​បរា​ជ័យ​យ៉ាង​ចាស់​ដៃ​​ក្នុង​ការ​ប្រកួត FA Cup ក្រោម​ស្នា​ដៃ​ក្រុម​ West Bromwich Albion ហើយ​តំណែង​របស់​លោក​ក៏​ស្ថិត​ក្នុង​ភាព​រង្គោះ​រង្គើ​ផង​ដែរ​ក្រោយ​ពី​ការ​រង​បរា​ជ័យ​ពេល​ជួប​ក្រុម Crystal Palace​​៕

បី​ប្រកួត​ចុង​ក្រោយ​របស់​ក្រុម West Ham

28/02/15 West Ham United 1-3 Crystal Palace

22/02/15 Tottenham Hotspur 2-2 West Ham United

14/02/15 West Bromwich 4-0 West Ham United

បី​ប្រកួត​ចុង​ក្រោយ​របស់​ក្រុម Chelsea

01/03/15 Chelsea 2-0 Tottenham Hotspur

21/02/15 Chelsea 1-1 Burnley

18/02/15 Paris Saint Germain 1-1 Chelsea

បី​ប្រកួត​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ

26/12/14 Chelsea​ 2-0​ West Ham United

30/01/14 Chelsea ​0-0 ​West Ham United

24/11/13 West Ham United​ 0-3​ Chelsea

Post a Comment

 
Top