GuidePedia

0
ក្រុម​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​ ២២ ​ឆ្នាំ​ (U22) បាន​នាំ​យក​ភាពវិជ្ជមាន​ពី​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី មក​ដល់​មាតុប្រទេស​វិញ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ប៉ុន្តែ​ក្រុម​មួយ​នេះ​នឹង​ត្រូវ​ហោះហើរ​ទៅកាន់​ទឹកដី​ថៃ​វិញ នា​ថ្ងៃ​ពុធ​ស្អែក​នេះ ដើម្បី​ត្រៀម​ចូលរួម​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់ AFC U23 Championships 2016 នៅ​ទី​នោះ។


បើ​ទោះបី​ជា​ក្រុម U22 កម្ពុជា មាន​ពេល​តិចតួច​ក្នុង​ការ​ហ្វឹកហាត់​ជុំ​គ្នា ប៉ុន្តែ​ការ​យក​ឈ្នះ​លើ​ក្រុម​​ជម្រើស​ជាតិ​សិង្ហបុរី​អាយុ​ក្រោម​ ២៣ ​ឆ្នាំ ៣-១ ក្នុង​ការ​ប្រកួត​ជើង​ទី​ ១ កាលពី​ថ្ងៃ​សុក្រ និង​ការ​ស្មើ​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម​ ២២ ​ឆ្នាំ​របស់​សិង្ហបុរី ២-២ ក្នុង​ការ​ប្រកួត​ជើង​ទី​ ២ កាលពី​រាត្រី​ថ្ងៃ​អាទិត្យ គឺ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាពរីកចម្រើន​​ទៅលើ​ទម្រង់​លេង​របស់​ក្រុម​កម្ពុជា។

លោក ឆាំង ពិសិដ្ឋ អ្នក​គ្រប់​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា៖​ «​ការ​ឈ្នះ​ក្រុម​​ឈុត​​ត្រៀម​ស៊ីហ្គេម​របស់​សិង្ហបុរី ៣-១ និង​ការ​ស្មើ​ឈុត​អូឡាំពិក​អាយុ​ក្រោម​ ២២ ​ឆ្នាំ​របស់​សិង្ហបុរី វា​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​រីកចម្រើន​ការ​លេង​នៃ​​​កីឡាករ​របស់​យើង តែ​​កីឡាករ​​វ័យ​ក្មេង​​មួយ​ចំនួន​ក៏​នៅ​មាន​កំហុស និង​មាន​ស្មារតី​មិន​ទាន់​រឹងមាំ​ ដែល​យើង​ត្រូវ​ពង្រឹង​បន្ថែម​ផង​ដែរ ព្រោះ​ពួកគេ​មាន​បទពិសោធ​​ខ្ចី​​ក្នុង​​​ការ​​ប្រកួត​​​លើ​ឆាក​អន្តរជាតិ​»។

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​ការ​ប្រកួត​ជើង​ទី​ ១ កាលពី​រាត្រី​ថ្ងៃ​សុក្រ កីឡាករ Sahit Sahaimin ​បាន​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​សិង្ហបុរី​នាំ​មុខ ១-០ មុន​តែ​​​ផានី អ៊ីរដ្ឋា វាយបក​តាម​ស្មើ​វិញ​នៅ​នាទី​ទី ៤៣។ នៅ​តង់​ទី​ ២ ខ្សែប្រយុទ្ធ​ ប្រាក់ មុន្នីឧត្តម រក​បាន​ ១ ​គ្រាប់​ទៀត តាមរយៈ​ការ​ទាត់​បាល់​ពិន័យ​បាន​សម្រេច នៅ​នាទី​ទី​ ៦៨ គឺ​មុន​ពេល​សំអឿន ពិដោរ បាន​បន្ថែម​គ្រាប់​ទី​ ៣ នៅ​នាទី​ទី​ ៧២ ដើម្បី​ជួយ​ឲ្យ​កម្ពុជា ឈ្នះ​សិង្ហបុរី ៣-១។ បន្ថែម​លើ​នេះ​កីឡាករ​របស់​សិង្ហបុរី​ ២ ​នាក់ ត្រូវ​បាន​ពិន័យ​​កាត​ក្រហម​ចំពោះ​​ភាព​ច្រឡោត​របស់​ពួកគេ។

ចំណែក​ការ​ប្រកួត​ជើង​ទី​ ២ កាលពី​រាត្រី​ថ្ងៃ​អាទិត្យ កីឡាករ Iqbal Hussein បាន​ទម្លុះ​សំណាញ់​​ទី​កម្ពុជា នៅ​នាទី​ទី​ ២៨ ដើម្បី​​ឲ្យ​ឈុត U22 ​សិង្ហបុរី នាំ​មុខ​កម្ពុជា ១-០ នៅ​តង់​ទី​ ១។ ប៉ុន្តែ​តង់​ទី​ ២ ខ្សែប្រយុទ្ធ​ចាន់ វឌ្ឍនាកា បាន​តែត​បាល់​បញ្ចូល​​​ទី​ ១ ​គ្រាប់​វិញ​នៅ​នាទី​ទី​ ៥៤ ហើយ វឌ្ឍនាកា ដដែល​​រក​បាន​ ១ ​គ្រាប់​ទៀត នៅ​នាទី​ទី​ ៧៦ តាមរយៈ​ការ​ធ្វើ​បាន​សម្រេច​ក្នុង​ការ​ទាត់​បាល់​ពិន័យ​ ១១ ​ម៉ែត្រ។

ប៉ុន្តែ​ការ​ធ្វើ​ឲ្យ​ប៉ះ​ដៃ​​ក្នុង​តំបន់​គ្រោះថ្នាក់​របស់​ខ្សែការពារ ឆាយ ម៉េង នៅ​នាទី​ទី​៨៨ បាន​នាំឲ្យ​លោក​អាជ្ញាកណ្តាល​ផ្តល់​បាល់​ពិន័យ​ ១១ ​ម៉ែត្រ​ទៅ​ឲ្យ​ខាង​សិង្ហបុរី វិញ ហើយ​ Anumatha Kumar ជា​អ្នក​ធ្វើបាន​សម្រេច ដើម្បី​ធ្វើឲ្យ​ក្រុម​ទាំង​ ២ ​បាន​បញ្ចប់​ការ​ប្រកួត​ត្រឹម​លទ្ធផល​ស្មើ​គ្នា ២-២។

ទោះ​យ៉ាងណា​ក៏ដោយ ក្រុម​ជម្រើស​ជាតិ​ កម្ពុជា នឹង​ត្រូវ​ប្រឈម​នូវ​​ការ​ប្រកួត​ដ៏តានតឹង​​ក្នុង​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFC U23 Championships 2016 ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា​នេះ​តទៅ ដោយ​ក្រុម​កម្ពុជា​​ត្រូវ​ឈរ​នៅក្នុង​​ពូល​ G ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ថៃ ហ្វីលីពីន និង​​​កូរ៉េ​ខាង​​ជើង។

នៅ​រសៀល​​ម៉ោង​៣:៣០ ថ្ងៃ​អង្គារ​នេះ ក្រុម​កម្ពុជា នឹង​ត្រូវ​ធ្វើការ​ហ្វឹកហាត់​នៅ​ស្តាត​ចាស់ ហើយ​នៅ​ព្រឹក​ម៉ោង ១០:២០ ថ្ងៃ​ពុធ​ស្អែក​នេះ ប្រតិភូ​មួយ​ក្រុម​នេះ​នឹង​ធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​ថៃ ដើម្បី​ចូលរួម​ការ​ប្រកួត​ជម្រុះ​មួយ​នេះ៕

Post a Comment

 
Top