GuidePedia

0
សមាគម​កីឡា​យ៉ុងម៉ូដូ​កម្ពុជា ដែល​បាន​បង្កើត​ឡើង​ក្រោម​​ការ​​ជួយ​ជ្រោមជ្រែង​ពី​​សហព័ន្ធ​កីឡា​យ៉ុងម៉ូដូ​​អន្តរជាតិ (INTERNATIONAL YONGMUDO FEDERRATION) ហើយ​​ត្រូវ​បាន​​ទទួល​ស្គាល់​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) កាលពី​ថ្ងៃ​ទី​ ៦ ខែ​សីហា ឆ្នាំ​ ២០១៤ នោះ នឹង​ចាប់​ដំណើរការ​បណ្តុះ​ធនធាន​មនុស្ស តាមរយៈ​ការ​បើក​ឲ្យ​មាន​វគ្គ​សិក្ខាសាលា​កីឡា​យ៉ុងម៉ូដូ​ ជា​លើក​ដំបូង ដែល​នឹង​ចាប់​ដំណើរការ​នៅ​ដើម​ខែ​មេសា ខាង​មុខ​នេះ។


លោក ធិន វិចិត្រ អគ្គលេខាធិការ​សមាគម​​កីឡា​យ៉ុងម៉ូដូ​កម្ពុជា និង​ជា​អគ្គលេខាធិការ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ផង​ដែរ​បាន​ប្រាប់​កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ​ថា៖ ​«សមាគម​កីឡា​យ៉ុងម៉ូដូ​កម្ពុជា នឹង​បើក​សិក្ខាសាលា ជា​លើក​​ទី​ ១ ដែល​មាន​រយៈពេល​ ៧ ​ថ្ងៃ គឺ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​ ៥ រហូត​ដល់​ថ្ងៃ​ទី​ ១២ ខែ​មេសា ឆ្នាំ​ ២០១៥ ​នេះ ដើម្បី​បណ្តុះបណ្តាល​​គ្រូបង្គោល​របស់​យើង»។

បើ​តាម​លោក ធិន វិចិត្រ គឺ​សិក្ខាសាលា​មួយ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​សាលដំបូល​ទូក​នៃ​ពហុកីឡដ្ឋាន​ជាតិ ដោយ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​ ២០ ​នាក់ ដែល​ពួកគេ​មាន​ជំនាញ​ខាង​ប្រភេទ​កីឡា​ការ៉ាតេដូ និង​តេក្វាន់ដូ ហើយ​​​អ្នកជំនាញ​នៅលើ​ប្រភេទ​កីឡា​មួយ​ចំនួន​ទៀត និង​​កីឡាករ​ជើងចាស់​មួយ​ចំនួន ក៏​ចង់​មក​​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ​ដែរ ព្រោះ​​ធនធាន​ដែល​សមាគម​កីឡា​យ៉ុងម៉ូដូ​កម្ពុជា ហៀប​នឹង​ចាប់ផ្តើម​បណ្តុះបណ្តាល​​នេះ នឹង​ត្រូវ​ក្លាយ​ទៅ​ជា​គ្រូបង្វឹក​​​លើ​ប្រភេទ​​កីឡា​យ៉ុងម៉ូដូ ទៅ​ថ្ងៃ​អនាគត។

យ៉ុងម៉ូដូ គឺជា​ប្រភេទ​កីឡា​ថ្មី​មួយ ដែល​មាន​ប្រភពដើម​មកពី​សាធារណៈ​រដ្ឋកូរ៉េ ហើយ​កីឡា​ប្រភេទ​នេះ​មាន​ការ​ច្របាច់​បញ្ចូល​គ្នា​​រវាង​ប្រភេទ​កីឡា​ជាច្រើន​ទៀត ដើម្បី​ចងក្រង​បាន​ជា​ក្បាច់គុន​ដ៏ពិសេស​មួយ។ ការ​បង្ហាញ​សមត្ថភាព​ជា​ផ្លូវការ ​ជា​លើក​ដំបូង​របស់​ក្រុម​អត្តពលិក​កីឡា​យ៉ុងម៉ូដូ មកពី​កូរ៉េ ក្នុង​កម្មវិធី​រាត្រី​យុទ្ធគុន (Martial Arts ​Night) នៅ​ទីស្នាក់ការ NOCC កាលពី​ខែ​កញ្ញា ឆ្នាំ​ ២០១៤ បាន​ធ្វើឲ្យ​អ្នក​ទស្សនា ពិសេស​មន្រ្តី​ដឹកនាំ​នៅលើ​ប្រភេទ​កីឡា​ផ្សេងៗ​ទៀត មាន​ការ​ចាប់​អារម្មណ៍​ទៅ​ការ​សម្តែង​​របស់​ក្រុម​នេះ​យ៉ាងខ្លាំង ខណៈ​ការ​សម្តែង​យ៉ាងល្អ​ឥតខ្ចោះ​របស់​ពួកគេ បាន​គ្របដណ្តប់​​ទៅលើ​ការ​សម្តែង​របស់​ប្រភេទ​កីឡា​ចំនួន​ ១១ ​ទៀត នៅក្នុង​កម្មវិធី​នោះ។

លោក ធិន វិចិត្រ បាន​គូស​បញ្ជាក់​ថា៖ «​នៅក្នុង​សិក្ខាសាលា​​នោះ អ្នក​ជំនាញ​ ២ ​រូប​មកពី​កូរ៉េ នឹង​បង្ហាត់​បង្ហាញ​ដល់​សិក្ខាកាម​របស់​យើង​ពី​មេគុនសម្តែង និង​ក្បាច់ប្រយុទ្ធ ព្រមទាំង​ក្បួន​ច្បាប់​ផ្សេងៗ​របស់​យ៉ុងម៉ូដូ។ ប៉ុន្តែ​​ដោយសារ​តែ​យ៉ុងម៉ូដូ ជា​ប្រភេទ​កីឡា​ថ្មី ហេតុនេះ​យើង​មាន​គម្រោង​​នឹង​បើក​សិក្ខាសាលា​បែប​នេះ​ឲ្យ​បាន​ចំនួន​ ៣ ​ដង​ក្នុង​ ១ ឆ្នាំ ដើម្បី​ឲ្យ​សិក្ខាកាម​របស់​យើង​​ទាំងអស់​បាន​យល់​ច្បាស់ មុន​ពេល​បញ្ជូន​ពួកគាត់​ឲ្យ​ទៅ​បណ្តុះបណ្តាល​នៅ​តាម​ក្លិប​រៀងៗ​ខ្លួន»៕

Post a Comment

 
Top