GuidePedia

0
មុនជំនួបជុំទី១ ជើងទី១ នៃវគ្គជម្រុះពានរង្វាន់ បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០១៨ នៅរុស្ស៊ី រវាងក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជានិងជម្រើស ជាតិ ម៉ាកាវដែលនឹង ចាប់ផ្ដើមនៅថ្ងៃទី១២ ខែមីនាខានស្អែកនេះ សូមតាមដានលទ្ធផល៤ប្រកួត ដែលក្រុមទាំងពីរបានជួបគ្នាក្នុង ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ AFC Challenge Cup តាំងពីឆ្នាំ២០០៨មកបន្តិចសិន ។


លោយ ឆាំង ពិសិដ្ឋ អ្នកចាត់ការទូទៅនៃក្រុម ជម្រើសជាតិកម្ពុជាបានថ្លែងឲ្យដឹងថា មុននឹងចាប់ឆ្នោតជួបគ្នាក្នុងវគ្គ ជម្រុះពាន World Cup ប្រចាំទ្វីបអាស៊ីនេះ ក្រុមជម្រើសជាតិកម្ពុជា និងម៉ាកាវ ធ្លាប់ជួបគ្នា៤ដងរួចមកហើយ ក្នុងវគ្គ ជម្រុះពានរង្វាន់ AFC Challenge Cup ហើយជាលទ្ធផលក្រុមជម្រើសជាតិ កម្ពុជា ឈ្នះ៣ដង និងចាញ់ម្ដង ។

អ្នកចាត់ការខាងលើបានបញ្ជាក់ថាក្នុងឆ្នាំ២០០៨ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះពូល D ដែលជាវគ្គជម្រុះពាន AFC Challenge Cup ក្រុមជម្រើសជាតិកម្ពុជា បាន បំបាក់ក្រុមជម្រើសជាតិម៉ាកាវ ក្នុងលទ្ធផលបច្ចេកទេស ៣-១ ប៉ុន្ដែក្នុងនាមជាម្ចាស់ផ្ទះជម្រើសជាតិកម្ពុជា មិនអាចឡើងទៅប្រកួតវគ្គបន្ដឡើយ ក្រោយប្រកួត ចាញ់ក្រុមជម្រើសនេ ប៉ាល់ក្នុងវគ្គជម្រុះប្រចាំពូល D ដដែល ។

លោកបន្ដថា ចូលដល់ឆ្នាំ២០០៩ ជម្រើសជាតិកម្ពុជា បានធ្វើដំណើរឆ្ពោះទៅ ប្រទេសបង់ក្លាដែស ដើម្បីប្រកួតជម្រុះ និងដណ្ដើមកៅអីពូល A នៃពាន AFC Challenge Cup ម្ដងទៀត ពេលនោះកម្ពុជា ក៏បានជួបក្រុមជម្រើសជាតិម៉ាកាវ ម្តងទៀត ហើយជាលទ្ធផលកម្ពុជា បានបន្ដយកឈ្នះម៉ាកាវ ដោយលទ្ធផល បច្ចេកទេស ២-១ ប៉ុន្ដែជម្រើសជាតិកម្ពុជា គ្មានឱកាសឡើងវគ្គបន្ដឡើយ បន្ទាប់ពីប្រកួតចាញ់ផ្ទួនៗ ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះបង់ក្លាដែស និងមីយ៉ាន់ម៉ា ។

រហូតដល់ឆ្នាំ២០១១ ក្រុមជម្រើសជាតិដែល ដឹកនាំដោយ គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងលោក Lee Tae Hoon បានធ្លាក់ជើងមកប្រកួតវគ្គជម្រុះជុំទី១ឡើងវិញ ហើយជើងទី១ ប្រកួតជាមួយម៉ាកាវ ក្នុងទឹកដី ជម្រើសជាតិកម្ពុជា បានប្រកួតឈ្នះម៉ាកាវ ៣-១ ប៉ុន្ដែដល់ពេលទៅប្រកួតលើទឹកដីម៉ាកាវវិញ ក្នុងជើងទី២នោះ ម្ចាស់ផ្ទះម៉ាកាវ បានយក ឈ្នះជម្រើសជាតិកម្ពុជាវិញដោយលទ្ធផល ៣-២ ។


ដោយសំអាងតាមលទ្ធផល ខាងលើនេះលោក ឆាំង ពិសិដ្ឋ បានបញ្ជាក់ថា ជំនួបជាមួយក្រុមជម្រើសជាតិម៉ាកាវ នាវេលា ម៉ោង៤រសៀល ថ្ងៃទី១២ ខែមីនា នៅលើទីលានស្ដាតចាស់ ខានស្អែកលោកជឿជាក់ថា ជម្រើសជាតិកម្ពុជា មានសង្ឃឹម ឈ្នះច្រើន ព្រោះជាការប្រកួតធ្វើនៅក្នុងទឹកដីខ្លួនឯង ជាមួយនឹងអ្នក គាំទ្រក៏សុទ្ធតែប្ដេជ្ញាចិត្ត ចូលរួមលើកទឹកចិត្តដ៏ច្រើនកុះករផងដែរ ៕

Post a Comment

 
Top