GuidePedia

0
កីឡាករ​ចាន់ រតនា រំពឹង​ថា អាច​បង្ហាញ​​ភាព​ខ្លាំង​របស់​​​គេ​នៅលើ​សង្វៀន​ដាក់​ទ្រុង​នៅលើ​ទឹកដី​​នៃ​ប្រទេស​ម៉ាឡេស៊ី និង​ស្វែងរក​ជ័យជម្នះ​ជា​លើក​ទី​ ១ ​ឲ្យ​កម្ពុជា​នៅលើ​ទឹកដី​ក្រៅ​​ប្រទេស​ក្នុង​កម្មវិធី​ប្រកួត​របស់ ONE FC នៅពេល​ដែល​រូប​គេ​​ប្រកួត​​ជាមួយ​នឹង​កីឡាករ​ហ្វីលីពីន Ramon Gonzales ក្នុង​ព្រឹត្តិការណ៍ Age of Champions ក្នុង​ទីក្រុង​គូឡាឡាំពួ នា​ថ្ងៃ​សុក្រ ទី​ ១៣ ខែ​មីនា ឆ្នាំ​ ២០១៥ ខាង​មុខ​នេះ​។

ចាន់ រតនា (ស្តាំ) នឹង​ត្រូវ​​ជួប​ជាមួយ​នឹង​កីឡាករ Gonzales នៅ​ថ្ងៃ​សុក្រ​នេះ

កីឡាករ​របស់​ក្លិប​សិល្បៈ​​រូប​នេះ បាន​ប្តេជ្ញាចិត្ត​​ថា នឹង​ខិតខំ​ព្យាយាម​​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​ និង​ក៏​ដូចជា​នាំ​យក​បច្ចេកទេស​ហ្វឹកហាត់​របស់​​គេ​កន្លងមក​ដើម្បី​បង្ហាញ ​នៅពេល​ជួប​ជាមួយ​នឹង​កីឡាករ Gonzales នៅលើ​សង្វៀន Putra បើ​ទោះបី​​នេះ​ជា​ការ​ប្រកួត​នៅ​​ក្រៅ​​ប្រទេស​ជា​លើក​ទី​ ១ ​របស់​​​រូប​គេ​ក៏​ដោយ​។

ការ​ប្រកួត​នេះ នឹង​​ធ្វើឲ្យ​ចាន់ រតនា អាយុ​ ២៩ ​ឆ្នាំ ទទួល​បាន​ឱកាស​​ក្នុង​ការ​បង្ហាញ​ទេពកោសល្យ​របស់​គេ​ក្នុង​ការ​ប្រកួត​យុទ្ធគុន​ចម្រុះ (MMA) នៅលើ​សង្វៀន​ដាក់​ទ្រុង ក្រោយពី​ស្ថិត​ក្នុង​នាម​ជា​​កីឡាករ​ប្រដាល់​​​សេរី​ម្នាក់​​ដ៏ខ្លាំង​​រួច​ជាស្រេច​ជាមួយ​នឹង​កំណត់ត្រា​ប្រកួត​ជា​​អាជីព​ចំនួន​ ៩៩ ​លើក ឈ្នះ​​ ៨៣ ​​លើក និង​ចាញ់​ ១៦ ​លើក​។

ទាក់ទង​នឹង​ការ​ប្រកួត​នេះ ចាន់ រតនា ដែល​ទើប​តែ​បាន​​បញ្ចប់​ការ​ហ្វឹកហាត់​របស់​ខ្លួន​រយៈពេល​មួយ​​ខែ​នៅឯ​ក្លិប Tiger Muay Thai and MMA Training Camp នៅឯ​ខេត្ត​ភូកេត ក្រោយពី​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ណាហ្គាវើល​នោះ បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ពិតជា​រីករាយ និង​រំភើប​យ៉ាងខ្លាំង​ចំពោះ​ការ​ទទួល​បាន​ឱកាស​នេះ​​ ហើយ​ខ្ញុំ​មាន​ការ​លើក​ទឹកចិត្ត​​​យ៉ាងខ្លាំង​»​។

ខណៈ​​​បញ្ជាក់​ថា ការ​ហ្វឹកហាត់​របស់​គេ​​​ក្នុង​ប្រទេស​ថៃ​ត្រូវ​បាន​​ផ្តោត​ទៅលើ​ស្នៀត​ក្លេ និង Brazilian Jiu Jitsu រតនា បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ក្នុង​សន្និសីទ​សារព័ត៌ មាន​​មួយ​​នៅឯ​សណ្ឋាគារ​ណាហ្គាវើល​កាលពី​ថ្ងៃ​ចន្ទ​​ថា៖​ «ភាព​ខ្លាំង​របស់​ខ្ញុំ​គឺ​​លើ​ស្នៀត​ទាត់ និង​ការ​ប្រើ​កណ្តាប់ដៃ​។ ខ្ញុំ​មិន​ហ៊ាន​មើល​ស្រាល​ទៅលើ​​គូ​ប្រកួត​របស់​ខ្ញុំ​ឡើយ ប៉ុន្តែ ខ្ញុំ​​នឹង​ប្រើប្រាស់​​គ្រប់​ស្នៀត​​ទាំងអស់​ដើម្បី​គ្រប់គ្រង​លើ​គូ​ប្រកួត​»​។

ដោយឡែក Gonzales ដែល​ជា​គ្រូបង្វឹក​ការ៉ាតេដូ និង​ជា​អ្នកប្រយុទ្ធ MMA ក្នុង​កីឡា Yaw Yan ក្នុង​ប្រទេស​ហ្វីលីពីន​របស់​គេ អាច​នឹង​មាន​ភាព​ខ្លាំង​​​ទៅលើ​ការ​ប្រើប្រាស់​ស្នៀត​​ក្លេ ពិសេស​ពេល​ប្រកួត​ដេក​លើ​​ក្តារ​សង្វៀន ដែល​​ផ្ទុយស្រឡះ​​ទៅ​នឹង​រតនា ដែល​មាន​ភាព​ខ្លាំង​ក្នុង​ពេល​ឈរ​ប្រកួត​។

ប៉ុន្តែ ទោះបី​ជា​យ៉ាងណា នេះ​នឹង​ក្លាយ​ជា​ការ​ប្រកួត​ក្នុង​​កម្មវិធី ONE FC ជា​លើក​ទី​ ១ ​របស់​ Gonzales ក្រោយពី​​មាន​​កំណត់ត្រា​ប្រកួត​ MMA ត្រឹមតែ​ ១ ​លើក​គត់​នៅលើ​ទឹកដី​របស់​គេ​។ កីឡាករ​ទាំង​ពីរ​នឹង​ត្រូវ​ប្រកួត​ក្នុង​ទម្ងន់​ ៦១,២ ​គីឡូក្រាម ហេតុនេះ រតនា ដែល​​ជាធម្មតា​ប្រកួត​ក្នុង​ទម្ងន់​ ៦៥,៨ ​គីឡូក្រាម​នោះ ត្រូវ​​បញ្ចុះ​ទម្ងន់​ដើម្បី​អាច​​តម្រូវ​តាម​​កម្រិត​នៃ​​ការ​ប្រកួត​នេះ​។

ទោះបី​ជា​យ៉ាងណា រតនា ដែល​មាន​កំណត់ត្រា​ប្រកួត​ក្នុង MMA ៣ ​លើក និង​ឈ្នះ​ ២ ​លើក​នោះ បាន​បញ្ជាក់​​ឲ្យ​ដឹង​ថា៖ «កាលពី​​មុន ខ្ញុំ​ក៏​បាន​ប្រកួត​ក្នុង​ទម្ងន់​នេះ​ដែរ ហេតុនេះ វា​គ្មាន​បញ្ហា​ឡើយ​សម្រាប់​ខ្ញុំ​។ ខ្ញុំ​​ត្រៀម​​ខ្លួន​រួច​ជាស្រេច​​សម្រាប់​ការ​ប្រកួត​នេះ​ដើម្បី​ដណ្តើម​យក​ជ័យជម្នះ​​​ជា​លើក​ទី​ ១ ​ឲ្យ​​កម្ពុជា​ ហើយ​ខ្ញុំ​​​នឹង​ខិតខំ​ព្យាយាម​រារាំង​ទៅលើ​ការ​ប្រើប្រាស់​​ស្នៀត​ក្លេ​របស់​គេ​»​។

កីឡាករ​របស់​កម្ពុជា​ ដែល​បាន​ចេញ​ដំ​ណើរ​ទៅកាន់​ទឹកដី​ម៉ាឡេស៊ី កាលពី​​ព្រឹក​ថ្ងៃ​ម្សិលមិញ​ដើម្បី​​ត្រៀម​​ខ្លួន​សម្រាប់​ការ​ប្រកួត​​នៅ​ថ្ងៃ​សុក្រ​នោះ ក៏​បាន​ជួប​​ការ​លំបាក​​ចំពោះ​​​ការ​​បញ្ចុះទម្ងន់​ផង​ដែរ ដោយ​រូប​​ត្រូវ​តម​អាហារ​នា​ពេល​​​ល្ងាច ដែល​ជា​ហេតុ​ធ្វើឲ្យ​ថមថយ​កម្លាំង​។ ប្រសិន​បើ​ រតនា ទទួល​ជ័យជម្នះ​ គេ​នឹង​ក្លាយ​ជា​កីឡាករ​កម្ពុជា​​ដំបូង​គេ​ក្នុង​ការ​ដណ្តើម​បាន​ជ័យជម្នះ​ក្នុង​កម្មវិធី ONE FC លើ​ទឹកដី​ក្រៅ​ប្រទេស​ ក្រោយពី​ការ​បរាជ័យ​របស់​កីឡាករ ឡុង សុភី ឃីម ឌីម៉ា តក់ សោភ័ណ្ឌ និង​កីឡាការិនី​សំ ថារ័ត្ន ក្នុង​ការ​ប្រកួត​​នៅ​បរទេស​របស់​គេ​​​​។

ស្រប​ពេល​ជាមួយ​​គ្នា​​នេះ ក្រៅពី​ការ​ប្រកួត​រវាង​រតនា និង Gonzales កម្មវិធី Age of Champions នឹង​ផ្តល់​ភាព​រំភើប​ពី​ការ​ប្រកួត​នៅ​រាត្រី​ដដែល​នោះ​​រហូត​​ដល់​ទៅ​​ ៧ ​គូ​​​​ផ្សេង​ទៀត​​។ ONE FC ដែល​ជា​អង្គភាព​រៀបចំ​ការ​ប្រកួត MMA ធំ​បំផុត​​ប្រចាំ​​ទ្វីប​អាស៊ី បាន​ជ្រើសរើស​ដាក់​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​របស់ ONE FC ក្នុង​ទម្ងន់​ ៥៦,៧ ​គីឡូក្រាម​​រវាង​កីឡាករ​ប្រេស៊ីល Adriano Moraes និង កីឡាករ Riku Shibuya របស់​ជប៉ុន ធ្វើ​ជា​ការ​ប្រកួត​គូឯក​។

Moraes វ័យ​ ២៥ ​ឆ្នាំ ដែល​មាន​​កំណត់ត្រា​ឈ្នះ​ ១២ ​លើក និង​ចាញ់​ ១ ​លើក នឹង​​ត្រូវ​ធ្វើការ​​ការពារ​ខ្សែក្រវាត់​ជា​លើក​ទី​ ១ ​របស់​គេ នៅពេល​ជួប​ជាមួយ​នឹង Shibuya វ័យ​ ២៩ ​ឆ្នាំ (ឈ្នះ​ ១១ ​លើក ចាញ់​ ២ ​លើក និង​ស្មើ​ ១ ​​លើក ក្រោយពី​រូប​គេ​បាន​ឈ្នះ​ខ្សែក្រវាត់​នេះ​នៅលើ​ទឹកដី​កម្ពុជា​ក្នុង​កម្មវិធី ONE FC: Rise of the Kingdom កាលពី​ថ្ងៃ​ទី​ ១២ ខែ​កញ្ញា ឆ្នាំ​ ២០១៤​។

អ្នក​គាំទ្រ​​ម៉ាឡេស៊ី ក៏​នឹង​ជួប​ការ​រំភើប​​យ៉ាងខ្លាំង​ក្លាយ​​ផង​​ដែរ នៅពេល​ដែល​តារា​ឆ្នើម Peter Davis នឹង​ត្រូវ​ជួប​ជាមួយ​នឹង​កីឡាករ​ជើងចាស់​របស់​ឥណ្ឌា Rajinder Singh Meena ក្នុង​ការ​ប្រកួត​ទម្ងន់​​ ៧០,៣ ​គីឡូក្រាម​។

ជាមួយ​នឹង​កំណត់ត្រា​ឈ្នះ​ ៩ ​លើក និង​ចាញ់​ ៣ ​លើក Davis អាយុ​ ៣៣ ​​ឆ្នាំ គឺជា​តារា​ឆ្នើម​​​ដ៏ពិត​ប្រាកដ​របស់​​ម៉ាឡេស៊ី ហើយ​រូប​គេ​នឹង​​​ព្យាយាម​ផ្តល់​ភាព​រីករាយ​ដល់​អ្នកគាំទ្រ​នៅពេល​ជួប Meena (ឈ្នះ​ ៨ ​លើក និង​ចាញ់​ ១ ​លើក​)​។

កីឡាការិនី Ann Osman (ឈ្នះ​ ២ ចាញ់​ ១ ) ដែល​ជា​ជើងខ្លាំង​​របស់​ម៉ាឡេស៊ី នឹង​ត្រូវ​ប៉ះ​ជាមួយ​នឹង​កីឡាការិនី​សញ្ជាតិ​អេហ្ស៊ីប Walaa Abbas (ឈ្នះ​ ២ ចាញ់​ ២) ក្នុង​ទម្ងន់​ ៥៦,៧ ​គីឡូក្រាម ខណៈ​ដែល​កីឡាករ​ម្ចាស់​ស្រុក Ev Ting ត្រូវ​ឈាន​​ជើង​ទៅកាន់​សង្វៀន​ដាក់​​ទ្រុង​ដើម្បី​ជួប​ជាមួយ​នឹង​កីឡាករ Cary Bullos របស់​ហ្វីលីពីន ក្នុង​ទម្ងន់ ៦៥,៨ ​គីឡូក្រាម​។

នា​ខណៈ​នោះ​ផង​ដែរ កីឡាការិនី​​សិង្ហបុរី Kirstie Gannaway នឹង​ត្រូវ​ឡើង​ទៅ​ជួប​ជាមួយ​នឹង​កីឡាការិនី April Osenio របស់​​ហ្វីលីពីន ស្រប​ពេល​​កីឡាករ​ម៉ាឡេស៊ី Gianni Subba នឹង​ត្រូវ​បង្ហាញ​សមត្ថភាព​នៅ​ពេល​ជួប​កីឡាករ​អូស្ត្រាលី Thanh Vu​ ក្នុង​ទម្ងន់​ ៦៥,៨ ​គីឡូក្រាម​។ ក្នុង​ការ​ប្រកួត​នា​រាត្រី​​​នោះ​ដែរ កីឡាករ​ម្ចាស់​ស្រុក​ម្នាក់​ទៀត Agilan Thani វ័យ​ ១៩ ​ឆ្នាំ នឹង​ត្រូវ​ប្រកួត​ជាមួយ​នឹង​កីឡាករ​ជើងថ្មី​របស់​ឥណ្ឌូនេស៊ី Reant Febriza Rainir វ័យ​ ២៦ ​ឆ្នាំ​៕

Post a Comment

 
Top