GuidePedia

0
ការ​ប្រកួត​បាល់ទាត់​វគ្គ​ជម្រុះ​ទ្វីប​អាស៊ី សម្រាប់​ FIFA World Cup 2018 តាម​តំបន់​ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នោះ នឹង​ចាប់ផ្ដើម​នៅ​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​១២ ​ខែ​មីនា ២០១៥​នេះ នៅ​ទីលាន​បាល់ទាត់​ស្តាត​ចាស់។ កម្ពុជា​នឹង​ជួប​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ម៉ា​កាវ។


ក្រុម​ម៉ា​កាវ​ថា គេ​បានដឹង​ពី​យុទ្ធសាស្ត្រ​នៃ​ការលេង​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា តាមរយៈ​ការ​មើលឃើញ​ក្នុង​ប្រព័ន្ធ​Youtube និង​Internet ដូច្នេះ​សម្រាប់​ការ​លេង​នៅ​ពេលនេះ ម៉ា​កាវ​ត្រូវតែ​មាន​ការ​ប្រយ័ត្នប្រយែង​បំផុត។

លោក​Joseph Tun Cao San គ្រូបង្វឹក​របស់​ក្រុម​ជម្រើស​ម៉ា​កាវ បាន​និយាយ​បែបនេះ ក្នុង​សន្និសីទកាសែត​មួយ​រួមគ្នា​រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​និង​ក្រុម​ជម្រើស​ម៉ា​កាវ​នៅ​សណ្ឋាគារ​សាន់វ៉េ​នា​ល្ងាច​ថ្ងៃទី​១១​ ខែមីនា​នេះ។

លោក Joseph Tun Cao San បាន​បញ្ជាក់​ថា ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ​នេះ ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​សម្រាប់​ប្រទេស​ទាំងពីរ​ដែល​ចង់​ឡើង​ទៅ​លេង​វគ្គ​បន្ត​ដូចគ្នា តែ​លោក​បាន​កត់​សម្គាល់ឃើញ​ថា ក្រុម​កម្ពុជា​ល្អ​ជាង​ម៉ា​កាវ តាម​ការ​ឆែក​មើល​ឃើញ​ពី​ការ​លេង​និង​ត្រៀម​របស់​កម្ពុជា​តាម​ប្រព័ន្ធ​Online​ពិសេស​ពី​ការប្រកួត​ជាមួយ​U.22​សិង្ហបូរី​កន្លង​មកនេះ គឺ​កម្ពុជា​មានការ​រីកចម្រើន​ជាង​មុន​និង​លេង​ល្អ​ជាង​មុន។

គ្រូបង្វឹក​ម៉ា​កាវ​និយាយថា ក្រុម​របស់គាត់​បាន​ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​នេះ រយៈពេល​១​ខែ ដោយបាន​លេង​កម្តៅ​សាច់ដុំ​ជាមួយ​ហុងកុង និង​ការលេង​ក្នុង​League​រដូវ​កាល​ថ្មី។ លោក​បន្តថា លោក​មិនមាន​កីឡាករ​ដែលមាន​លក្ខណៈ​អាជីព​នោះ​ទេ តែ​យ៉ាងណា ក្រុម​របស់លោក​នឹង​ខិតខំ​ប្រឹងប្រែង​លេង​ដើម្បី​យកឈ្នះ​កម្ពុជា។

ប៉ុន្តែ​យ៉ាងណា គ្រូបង្វឹក​របស់​ម៉ា​កាវ​បាន​សម្តែង​ក្តី​ព្រួយបារម្ភ​ចំពោះ​អាកាសធាតុ​នៅ​កម្ពុជា ដែល​ពេលនេះ​នៅ​ម៉ា​កាវ​មាន​សីតុណ្ហភាព​តែត្រឹម​២០​អង្សា​តែប៉ុណ្ណោះ ដោយឡែក​នៅ​កម្ពុជា​ក្តៅ​ខ្លាំង។ ប្រធាន​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​ម៉ា​កាវ លោក​Paulo Cheang Cheng Igong បាន​និយាយថា « ក្រុម​របស់​យើង​ដំបូង​បំផុត គឺ​ត្រូវការពារ ...» ។ លោក​និយាយទៀតថា លោក​បាន​កត់សម្គាល់ឃើញ​ចំណុច​សំខាន់​របស់​ក្រុម​កម្ពុជា​មាន​៣​ចំណុច គឺ​លឿន កម្លាំង និង ទិចនិច។

លោក​Tae Hoon Lee ដែល​ជា​គ្រូ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​និយាយ​ក្នុង​សន្និសីទកាសែត​នេះ​ដែរ​ថា គាត់​មិន​បាន​ដឹង​ពី​ការ​លេង​របស់​ម៉ា​កាវ​មានការ​ប្រែប្រួល​យ៉ាងណា​នោះទេ ព្រោះ​គ្មានអ្វី​តាមដាន​និង​ឆែក​មិន​រក​មិនឃើញ។

ការ​ឈ្នះ​ម៉ា​កាវ​កាលពី​៣-៤​ឆ្នាំមុន​នោះ គឺ​វា​យូរ​ណាស់​មកហើយ យើង​ត្រូវ​ការដឹង​ពី​ការវិវត្ត​ថ្មីៗ សម្រាប់​ការ​ជួបគ្នា​លើក​នេះ។ តែ​យ៉ាងណា លោក Lee បាន​បញ្ជាក់​ថា ដោយសារ​ម៉ា​កាវ​ដឹង​ពី​យុទ្ធសាស្ត្រ​លេង​របស់​កម្ពុជា​អស់នេះ គឺ​លោក​បាន​ត្រៀម​រួចហើយ​សម្រាប់​ការផ្លាស់ប្តូរ​បច្ចេកទេស​នៃ​ការ​លេង​ជាមួយ​ម៉ា​កាវ​លើក​នេះ។

តាម​ការ​ឲ្យ​ដឹង​រប​ស់​លោក Lee ថា សម្រាប់​ព្រឹត្តិការណ៍​ជម្រុះ​ទ្វីបអាស៊ី សម្រាប់ FIFA World Cup 2018 នាពេលនេះ ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ ទោះជា​ការត្រៀម​មាន​រយៈពេល​តិច​ជា​ម៉ា​កាវ​ក៏ដោយ។ លោក​ថា យើង​បាន​ត្រៀម​រយៈពេល​២០​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ដោយសារ​ការ​លេង​របស់​កម្ពុ​ជាមាន​លក្ខណៈ​ជា​ក្រុម​នោះ ការ​លេង​របស់​កីឡាករ​នៅ​ថ្ងៃ​ប្រកួត​ជាមួយ​ម៉ា​កាវ​នេះ គឺជា​ការ​លេង​ដោយ​ការ​ជឿជាក់​របស់​កីឡាករ​ដោយ​ខ្លួនឯង។

ឃួន ឡា​បូ​រ៉ាវី ប្រធាន​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​អះអាងថា គេ​នឹង​ព្យាយាម​រក​គ្រាប់​បាល់​ឲ្យ​បានឲ្យ​ក្រុម គេ​នឹង​ទាត់​ចូល​ឲ្យ​បាន​ច្រើន នៅពេលដែល​គេ​មាន​ឱ​កាស​នោះ។ គួរ​បញ្ជាក់ថា រវាង​កម្ពុជា​និង​ម៉ា​កាវ​នេះ គឺ​ធ្លាប់​ជួបគ្នា​៤​លើក​ហើយ​ចាប់ពី​ឆ្នាំ​២០០៨​មក ដោយ​កម្ពុជា​ឈ្នះ​ម៉ា​កាវ ៣ លើក និង​ចាញ់ ១ លើក។

ក្នុងនោះ នៅ​ថ្ងៃទី​២៨​ ខែ​ឧសភា​ឆ្នាំ​២០០៨ ក្នុងការ​ប្រកួត​នៅ​កម្ពុជា​នោះ ក្រុម​កម្ពុជា​ឈ្នះ​ម៉ា​កាវ ៣ ទល់ ១ ។ ថ្ងៃទី​២៨ ខែ​​មេសា ឆ្នាំ​២០០៩ ក្នុងការ​ប្រកួត​នៅ​ទីក្រុង​ដា​កា​កម្ពុជា​ឈ្នះ​ម៉ា​កាវ ២ ទល់ ១ ។

ថ្ងៃទី​៩​កុម្ភៈ​ឆ្នាំ​២០១១ ក្នុងការ​ប្រកួត​នៅ​ភ្នំពេញ​កម្ពុជា​ឈ្នះ​ម៉ា កាវ ៣ ទល់ ១ តែ​ពេល​កម្ពុជា​ទៅ​ប្រកួត​នៅ​ម៉ា​កាវ​វិញ នៅ​ថ្ងៃទី​១៦​ ខែ​កុម្ភៈ​ឆ្នាំ​២០១១ ដដែល​នោះ​កម្ពុជា​ចាញ់​ម៉ា​កាវ ២ ទល់ ៣។ សូម​រម្លឹក​ថា ប្រសិនបើ​កម្ពុជា​ឈ្នះ​ឬ​ចាញ់​ក្នុង​ជំនួប​ដំបូង​លើ​ដី​របស់​ខ្លួន​នោះ​ នៅ​ថ្ងៃ​ទី​១៧​ ខែ​មីនា​កម្ពុជា​នឹងត្រូវ​ទៅលេង​លើទឹក​ដី​ម៉ា​កាវ​វិញ៕

Post a Comment

 
Top