GuidePedia

0
ការប្រកួត​ជម្រុះ​ខ្សែក្រវាត់ ​K cement ​ទម្ងន់​ ៦០ ​គីឡូក្រាម ​នៅលើ​សង្វៀន ​SEATV​ បាន​ឈាន​ដល់​ជុំ​ទី​ ៧​ ចុងក្រោយ​ នា​រសៀល​ថ្ងៃ​សៅរ៍​ ចុង​សប្តាហ៍​នេះ ហើយ​ការ​ប្រកួត​លើក​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​លាស់ យីន​ នឹង​ឈ្នះ​ទី ពន្លែត ឯ សូត្រ​ ប៊ុនធី ​មកពី​ក្លិប​​បក្សី​ស្លាបដែក ក៏​​អាច​នឹង​ឈ្នះ​ ថុល មករា ដែរ ប៉ុន្តែ​ការវិល​ជួប​គ្នា​រវាង ឃីម បូរ៉ា និង មាស ច័ន្ទមាន នឹង​មាន​ភាពតានតឹង ដែល​ពិបាក​ក្នុង​ការ​វាយតម្លៃ​ទុក​មុន​ណាស់។


ការប្រឈម​មុខ​ដាក់​គ្នា​រវាង ឃីម​ បូរ៉ា មកពី​ក្លិប​រស្មី​​ភូមិ​គាប​ខេត្ត​បន្ទាយមានជ័យ និង​ជើងខ្លាំង ​មាស ​ច័ន្ទ​មាន ពិតជា​លំបាក​ទស្សន៍ទាយ ​ឬ​ព្យាករ​ណាស់​ ដោយសារ​វិជ្ជាគុន និង​កម្រិត​បច្ចេកទេស​ មាន​ភាពប្រហាក់ប្រហែល​គ្នា​នោះ​។​ អ្នកប្រដាល់​ទាំង​ពីរ ​ដែល​គេ​រំពឹង​ថា នឹង​​ប្រកួត​គ្នា​យ៉ាង​ជក់ចិត្ត​នោះ​ មិន​ធ្លាប់​ប្រកួត​គ្នា​ទេ ហើយ​​តាមរយៈ​ការប្រកួត​វិលជុំ​ចំនួន​ ៦ ​លើក​កន្លងមក​នេះ បូរ៉ា និង ច័ន្ទមាន មាន​​ ១៦ ​ពិន្ទុ​ស្មើ​គ្នា តាមរយៈ​ការឈ្នះ​ ៥ ​និង​ចាញ់​ ១ ​ប្រកួត​ដូច​គ្នា ហេតុនេះ​ពួកគេ​ទទួល​បាន​ឱកាស​ឡើង​ទៅ​ប្រកួត​វគ្គ​ ៦ ​នាក់​ជា​បន្ត​ទៀត​ដូច​​គ្នា។

លោក​ ហេង ប៊ុនឃីម ​ជា​គ្រូបង្វឹក​ និង​ជា​ឪពុក​​របស់ ឃីម បូរ៉ា បាន​ប្រាប់​ថា៖​ «ខ្ញុំ​​មាន​ការព្រួយបារម្ភ​ណាស់​ ព្រោះ​ បូរ៉ា​ មាន​កម្រិត​វិជ្ជាគុន​នៅ​ខ្ចី​ជាង ​បទពិសោធក៏​តិច​ជាង​ មាស ច័ន្ទមាន ដែរ​ហើយ​យើង​ពិតជា​លំបាក​ធានា​ឈ្នះ​ណាស់​។​ ​ខ្ញុំ​ធានា​ត្រឹម​ថា កូន​របស់​ខ្ញុំ នឹង​​ប្រកួត​ឲ្យ​​អស់​ពី​សមត្ថភាព ​ប៉ុន្តែ​សម្រាប់​ឈ្នះ​ គឺ​ហ៊ាន​គិត​ត្រឹម​ ៥០ ភាគរយ​ប៉ុណ្ណោះ​ បើ​ទោះបី​ជា ឃីម បូរ៉ា ​ហ្វឹកហាត់​បាន​ច្រើន និង​​ល្អ​ជាង​ការប្រកួត​មុនៗ​ក៏ដោយ»​។

ចំណែក​កីឡាករ​ លាស់ យីន ក្លិប​សម្រែក​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន ត្រូវ​គេ​រំពឹង​ទុក​មុន​ថា ​នឹង​ឈ្នះ​​បាន​ ៣ ​ពិន្ទុ​បន្ថែម​ ព្រោះ​​រូប​គេ​ត្រូវ​ជួប ទី​ ពន្លែត​ មកពី​ក្លិប​រដ្ឋ​សែនជ័យ​ ៣១៧ ​គូលែន ដែល​ឡើង​ប្រកួត​បង្គ្រប់កិច្ច​ជំនួស ណាម​ ម៉ូរ៉ាក់ ​ដែល​បាន​ដក​ខ្លួន​ចេញ​ ហេតុនេះ​ លាស់​ យីន​ ដែល​ ៦ ​ប្រកួត​កន្លងមក ​ឈ្នះ​ ៣ និង​ចាញ់​ ៣ ​ប្រកួត​ ហើយ​មាន​ ១២ ​ពិន្ទុ​នោះ នឹង​ឈ្នះ​បាន​ ៣ ពិន្ទុ​បន្ថែម​​ទៀត​ជា​មិន​ខាន​។

ស្រដៀង​គ្នា​នេះ​ដែរ​កីឡាករ​ ឱម​ សំរេច ​ក្លិប​កងពល​តូច​ទ័ព​ឆត្រយោង​ ៩១១​ ​ត្រូវ​បាន​កំណត់​​ឲ្យ​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ​ដោយសារ​ដៃគូ​របស់​គេ​គឺ ជ័យ ​ប៊ុនសង់ ​ក្លិប​គីសែមានរិទ្ធ​ បាន​​សុំ​ចុះចាញ់​ មុន​ប្រកួត​ខណៈ​​​ប្រកួត​កន្លងមក គេ​ចាញ់​រហូត​ គ្មាន​សមត្ថភាព​ និង​មាន​បញ្ហា​សុខភាព​ផង​ដែរ​។

លោក ញាន សុធី​ អ្នក​គ្រប់គ្រង​នៅ SEATV បាន​និយាយ​ថា​៖ ​«ជ័យ​ ប៊ុនសង់ មិន​អាច​ឡើង​ប្រកួត​បាន​ទេ​ ដោយ​សុខភាព ​បន្ទាប់ពី​ចាញ់​យ៉ាងគ្រាំគ្រា​កន្លងមក ​គឺ​សន្លាក់​ជង្គង់​​មាន​បញ្ហា​ ហើយ​ណា​មួយ​​គេ​ដឹង​ខ្លួន​ថា ​ត្រូវ​ជ្រុះ​ធ្លាក់​ស្រាប់​ទៅ​ហើយ ​ហេតុនេះ​ ឱម ​សំរេច ​រក​បាន​ ៣ ​ពិន្ទុ​ដោយ​មិន​ឈឺ​សាច់​ ខណៈ​​ ៦ ប្រកួត​កន្លងមក សំរេច ​ឈ្នះ​ ២​ ចាញ់​ ៤ ​ប្រកួត ដោយ​មាន​ ១០ ​ពិន្ទុ​»។

ដោយឡែក​កីឡាករ ​ថុល​ មករា ​ក្លិប​ឃ្លាំងមឿង​កីឡា ​ប្រហែល​ជា​មិន​អាច​ទៅ​រួច​ជាមួយ​សូត្រ ប៊ុនធី។ បើទោះបី​ជា សូត្រ ប៊ុនធី ​​ទើប​តែ​​ចាញ់​ជា​លើក​ដំបូង​ក្រោម​ស្នាដៃ មាស ច័ន្ទមាន កាលពី​សប្តាហ៍​មុន ប៊ុនធី និង ​គ្រូបង្វឹក​​របស់​គេ​បាន​អួត​ថា ប៉ះ​ជាមួយ​ ថុល​ មករា​ លើក​នេះ​គេ​​​មិន​អាច​ចាញ់​នោះ​ឡើយ​ គឺ​អាច​ឈ្នះ​ដោយ​មិន​តឹងតែង​ឡើយ​។​ ការប្រកួត​ចំនួន​ ៦ ​ប្រកួត​ដូច​គ្នា​ថុល ​មករា ​ឈ្នះ​ ៣​ ចាញ់​ ៣ ​ប្រកួត​ មាន​ ១២ ​ពិន្ទុ​ ឯ ​សូត្រ​ ប៊ុនធី​ ឈ្នះ​ ៥​ ចាញ់​ ១ ​ប្រកួត​ មាន​ ១៦ ​ពិន្ទុ​ ដោយ​ឈ្នះ​កៅអី​នៅ​វគ្គ​បន្ត​រួច​ជាស្រេច។

តាម​ការវាយតម្លៃ​ទុក​ជា​មុន ផ្អែក​លើ​លទ្ធផល​នៃ​ការប្រកួត​កន្លងមក​ គឺ​ការប្រកួត​ជម្រុះ​ជុំ​ចុងក្រោយ​ វគ្គ​ទី​ ១ ដណ្តើម​ខ្សែក្រវាត់​នេះ​ ក្នុង​ចំណោម​អ្នកប្រដាល់​ទាំង​ ៨ ​នាក់​នេះ ពីរ​នាក់​ដែល​ត្រូវ​ជ្រុះ​ចេញ​ពី​ការប្រកួត​​នេះ​គឺ ជ័យ ប៊ុនសង់ ​និង ទី ពន្លែត។ ចំណែក​អ្នក​ប្រដាល់​ ៦ ​នាក់​ទៀត​ ដែល​ត្រូវ​ឡើង​ទៅ​វគ្គ​ទី​ ២ ​ជា​បន្ត​ទៀត​រួមមាន មាស ​ច័ន្ទមាន, សូត្រ ប៊ុនធី ឱម សំរេច, ​លាស់ ​យីន, ​ឃីម ​បូរ៉ា​ និង ​ថុល មករា៕

Post a Comment

 
Top