GuidePedia

0
ព្រឹត្តិការណ៍​បាល់ទះ​ដណ្ដើម​​ពាន​រង្វាន់​ស្រាបៀរ​លីអូ ប្រចាំ​ឆ្នាំ​ ២០១៥ (Leo Cup National Volleyball 2015) ​​បាន​បើក​ការប្រកួត​ជម្រុះ​ប្រចាំ​​មណ្ឌល​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង ប្រចាំ​ពូល​នេះ​ឡើង​ទៅ​ប្រកួត​​នៅ​​វគ្គ​ដំណាក់កាល​ផ្តាច់ព្រ័ត្រ ជា​បន្ត​ទៀត។


ការប្រកួត​ជម្រុះ​ប្រចាំ​នៅ​មណ្ឌល​​ខេត្ត​ព្រះសីហនុ ដែល​​បាន​ធ្វើ​ឡើង នៅលើ​ទីលាន​ឆ្នេរ​អូរឈើទាល ហើយ​គ្រោង​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ គឺ​មាន​ក្រុម​​ចូលរួម​ចំនួន​ ៨ តាម​​ការកំណត់ ហើយ​ក្រុម​ទាំង​នេះ​ត្រូវ​បាន​​បែងចែក​ការប្រកួត​ជា​​ ២ ​ពូល គឺ​ពូល​ A មាន​ក្រុម​សាកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច ក្រុម​ការងារ​យុវជន​ខេត្ត​កំពត យុវជនអូសំអាត និង​ក្រុម​ស្តារក្រោន រីឯ​ពូល ​B មាន​ក្រុម​ឆ្នេរ​ស្អាត​ទេសចរណ៍ ក្រុម​បញ្ជាការដ្ឋាន​កងទ័ព​ជើងទឹក ក្រុម​វិទ្យាល័យ​ហ៊ុនសែន​មិត្តភាព និង​ក្រុម​វិទ្យាល័យ​ហ៊ុនសែន​ស្មាច់ដែង។

ចំពោះ​រូបមន្ត​នៃ​ការប្រកួត​វិញ គឺ​ក្រុម​ឈរ​នៅ​តាម​ពូល​នីមួយៗ ត្រូវ​ធ្វើការ​ប្រកួត​ជម្រុះ​ ដើម្បី​រក​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ចំនួន​ ២ ​ឡើង​ទៅ​ប្រកួត​ខ្វែង​រវាង​ពូល​ A និង​ពូល​ B ឬ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ហើយ​ក្រុម​ឈ្នះ​ចំនួន​ ២ ​ក្រុម នៅ​វគ្គ​នេះ​ដែល​ត្រូវ​ឡើង​ទៅ​ជួប​គ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ គឺ​នឹង​ក្លាយ​ជា​បេក្ខភាព​ប្រចាំ​មណ្ឌល​ខេត្ត​​ព្រះសីហនុ ត្រូវ​ឡើង​ទៅ​ប្រកួត​បន្ត​នៅ​វគ្គ​ដំណាក់កាល​ផ្តាច់ព្រ័ត្រ។

យ៉ាងណាមិញ សម្រាប់​ការប្រកួត​បើក​ឆាក កាលពី​ថ្ងៃ​អង្គារ ម្សិលមិញ​នេះ ក្រុម​សាកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច ​បាន​យក​ឈ្នះ​លើ​​ក្រុម​ស្តារក្រោន ក្នុង​លទ្ធផល ៣-០ ឯ​ក្រុម​ការងារ​យុវជន​ខេត្ត​កំពត បាន​យក​ឈ្នះ​លើ​​ក្រុម​យុវជន​អូសំអាត ៣-០ ដូច​គ្នា​ប៉ុន្តែ​ក្រុម​ឆ្នេរស្អាត​ទេសចរណ៍ ​បាន​ចាញ់​​ក្រុម​វិទ្យាល័យ​ហ៊ុនសែន​ស្មាច់ដែង ៣-០។

យ៉ាងណា​មិញ សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ពុធ​នេះ​ក្រុម​ឆ្នេរស្អាត​ទេសចរណ៍ ត្រូវ​ប្រកួត​ជា​លើក​ទី​ ២ ​ជាមួយ​ក្រុម​វិទ្យាល័យ​ហ៊ុនសែន​មិត្តភាព នៅ​ម៉ោង ១៤:៣០ ហើយ​ក្រុម​វិទ្យាល័យ​ហ៊ុនសែន​ស្មាច់ដែង ត្រូវ​វិល​ទៅ​ជួប​ក្រុម​បញ្ជាការដ្ឋាន​កងទ័ព​ជើងទឹក ម៉ោង ១៥:៣០ គឺ​មុន​ពេល​ការប្រកួត​គ្នា​រវាង​ក្រុម​សាកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច ជាមួយ​ក្រុម​យុវជន​អូសំអាត ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​ម៉ោង ១៦:៣០។

គួរ​បញ្ជាក់​​ថា ការប្រកួត​បាល់ទះ​ដណ្ដើម​ពាន​រង្វាន់​ស្រាបៀរ​លីអូ ប្រចាំ​ឆ្នាំ​ ២០១៥ នឹង​ត្រូវ​ធ្វើការ​ប្រកួត​ជម្រុះ​ចំនួន​ ៥ ​មណ្ឌល ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ចំនួន​ ១០ ​ក្រុម ឡើង​មក​ប្រកួត​គ្នា​នៅ​វគ្គ​ដំណាក់កាល​ផ្តាច់ព្រ័ត្រ ឬ Division B ហើយ​ក្រុម​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​ ១ និង​លេខ​ ២ ​នៅក្នុង​វគ្គ​នេះ នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ Division A ឬ​ពាន​សម្តេច​ហ៊ុនសែន ជាមួយ​ក្រុម​ឈរ​ជើង​ចាំ​ទាំង​ ៦ ​កាលពី​ឆ្នាំ​ ២០១៤ រួមមាន​ក្រុម ​ស.ស.យ.ក. ​ខេត្ត​ព្រៃវែង ក្រសួង​មហាផ្ទៃ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង កងពល​តូច​លេខ​ ៣១ ​ការពារ​ឆ្នេរ សាលាខេត្ត​កំពង់ចាម និង​ក្រុម​កងពល​អន្តរាគមន៍​លេខ ៣ ​ខេត្ត​ព្រះវិហារ។

ប៉ុន្តែ​គិត​មក​ដល់​ត្រឹម​ពេល​នេះ ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ​ដណ្ដើម​ពាន​រង្វាន់​ស្រាបៀរ​លីអូ​ ប្រចាំ​ឆ្នាំ​ ២០១៥ បាន​បញ្ចប់​ការប្រកួត​ជម្រុះ​ប្រចាំ​​​​មណ្ឌល​រាជធានី​ភ្នំពេញ​ ដែល​មាន​ក្រុម​ចូលរួម​ចំនួន​ ៩ ​ហើយ​។ រីឯ​លទ្ធផល​ គឺ​ក្រុម​ខ្លាំង បញ្ជាការដ្ឋាន​អង្គរក្ស និង​ក្រុម​ចំណាត់ថ្នាក់​លេខ​ ២ យុវជន​បូរី​១០០​ខ្នង ជា​អ្នក​ឈ្នះ​កៅអី​ប្រចាំ​នៅមណ្ឌល​​មួយ​នេះ៕

Post a Comment

 
Top