GuidePedia

0
សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា មនុស្ស​យ៉ាង​ហោច​១០​នាក់ ក្នុង​នោះ​រួមមាន​ទាំង​អត្តពលិក​អូឡាំពិក​សញ្ជាតិ​បារាំង​២​រូប​ផង​ដែរ​នោះបាន​ស្លាប់​នៅ​ពេល​ឧទ្ធម្ភាគចក្រ​ចំនួន​ពីរ​គ្រឿង​បាន​បុក​គ្នា នៅក្នុង​តំបន់ភ្នំ La Rioja ស្ថិតនៅ​ភាគ​ពាយព្យ​ប្រទេស​អា​ហ្ស​ង់​ទីន កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ។


លោក សេសា អង់​ហ្គូ​ឡូ ប្រធាន​សន្តិសុខ​ប្រចាំ​តំបន់ La Rioja បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា មនុស្ស​ទាំងអស់​១០​នាក់​នៅ​លើ​ឧទ្ធម្ភាគចក្រ បាន​ស្លាប់ ពោលគឺ​គ្មាន​នរណា​ម្នាក់ នៅ​មាន​ជីវិត​ឡើយ។ ដោយឡែក សារព័ត៌មាន​ស្រុក​បាន​រាយការណ៍​ថា អ្នកបើកបរ​យន្តហោះ​២​នាក់​ជា ជនជាតិ​អា​ហ្ស​ង់​ទីន និង​អ្នកដំណើរ​ផ្សេងទៀត​ជា​ជនជាតិ​បរទេស។

ក្នុងចំណោម ជនរងគ្រោះ ទាំងនោះ​ក៏មាន ជើងឯក​កីឡាហែលទឹក​អូឡាំពិក គឺ​កីឡាករ Camille Muffat​អាយុ​២៥​ឆ្នាំ ដែល​ធ្លាប់​ឈ្នះ​មេដាយមាស នៅ​ការប្រកួត​អូឡាំពិក​ក្រុង​ឡុង​ដ៍​ឆ្នាំ​២០១២ និង​អ្នក​ប្រដាល់ សញ្ជាតិ​បារាំង លោក Alexis Vastine​អាយុ​២៨​ឆ្នាំ ដែល​ធ្លាប់​ឈ្នះ​​​មេដាយ​សំរឹទ្ធិ​អូឡាំពិក​ក្រុង​ប៉េកាំង​ឆ្នាំ​២០០៨។

សេចក្តីថ្លែងការណ៍​ពី​រដ្ឋាភិបាល​ក្នុងស្រុក​បាន​ឲ្យ​ដឹង​ថា ចំណែក​ឯ​ជនរងគ្រោះ​ផ្សេងទៀត មានឈ្មោះ​ដូចជា Laurent Sbasnik, Lucie Mei-Dalby, Volodia Guinard, Brice Guilbert និង Edouard Gilles​ព្រមទាំង​ពី​ឡុ​ត​សញ្ជាតិ​អា​ហ្ស​ង់​ទីន​២​នាក់​ទៀត គឺ​លោក Juan Carlos Castillo និង​លោក Roberto Abate។

ឧប្បត្តិហេតុ​នេះ​ដែរ បាន​កើតមានឡើង​នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ចន្ទ គឺ​ភ្លាមៗ​ក្រោយពី ឧទ្ធម្ភាគចក្រ​ទាំងពីរ​គ្រឿង​ហោះ​ចេញពី​តំបន់ភ្នំ La Rioja។ សូមបញ្ជាក់ថា នាង Camille Muffat គឺជា​អតីត​ម្ចាស់​កំណត់ត្រា​ពិភពលោក​សម្រាប់​ការ​ហែល​ទឹក​ចម្ងាយ​៤០០​ម៉ែត្រ ចាប់ពី​ឆ្នាំ​២០១២​ដល់​ឆ្នាំ​២០១៣ ហើយ​នាង​បាន​ឈ្នះ​មេដាយ​មាស​អូឡាំពិក​ឆ្នាំ​២០១២ ក៏ដូចជា​ទទួល​បាន​ការ​ជ្រើសតាំង​ជា​កីឡាការិនី​ហែល​ទឹក​ឆ្នើម​ពិភពលោក​ប្រចាំឆ្នាំ​ដដែល​នោះ​ផងដែរ។



ចំណែក​កីឡាករ Alexis Vastine​វិញ បានឈ្នះ​មេដាយ​សំរិទ្ធិ ក្នុង​ស្ថាប័ន​ទម្ងន់​ស្រាល​ Light Welterweight​នៅ​ការប្រកួត​អូឡាំពិក​ក្រុង​ប៉េកាំង ហើយ​រូបលោក​ក៏បាន​ចូលរួម​ការប្រកួត​អូឡាំពិក​ក្រុង​ឡុងដ៍​ឆ្នាំ​២០១២​ផងដែរ ប៉ុន្តែ​បាន​ជ្រុះ​ពី​ការប្រកួត​ក្នុង​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ​៕

Post a Comment

 
Top