GuidePedia

0
កីឡាករ​ចំណូល​ថ្មី Sahatsada Pimphasart ដែល​ជា​សិស្ស​របស់​​ស្តេច​ប្រដាល់​​ប៊ូខាវ ​ត្រូវ​បាន​កីឡាករ​កម្ពុជា សារឿន ច័ន្ទ វាយ​កែង​បណ្តាល​​ឲ្យ​ដួលដេក និង​ត្រូវ​បាន​អាជ្ញាកណ្តាល​បញ្ឈប់​​យ៉ាង​ទាន់ហន់ សម្រាប់​ការ​បង្ហាញ​ខ្លួន​នៅលើ​សង្វៀន​ប៉ុស្តិ៍​លេខ​៣ កាលពី​ថ្ងៃ​អាទិត្យ ប៉ុន្តែ​សិស្ស​ច្បង​របស់​គេ​គឺ​អ្នក​ប្រយុទ្ធ Choedchom Sarayuth បាន​យក​ឈ្នះ​ជើងខ្លាំង យ៉េន ឌីណា របស់​កម្ពុជា។


ជាមួយ​នឹង​ប្រវត្តិ​ប្រកួត​ ១៥ ​ដង ឈ្នះ​ ១៤ និង​ស្មើ​ ១ ដង Sahatsada Pimphasart បាន​ធ្វើការ​ទាត់ និង​ម៉ាត់​ឆ្វេង​ស្តាំ​ចូល​មុខ​ពេញៗ ដែល​ធ្វើឲ្យ សារឿន ច័ន្ទ របស់​ក្លិប​សម្រែក​រាជសីហ៍​បង្រ្កាប​គ្រឿងញៀន ស្ទើរតែ​ចង់​គាំង​​ទៅ​ហើយ។ ប៉ុន្តែ ច័ន្ទ ដែល​មាន​ប្រវត្តិ​ប្រកួត​ជិត​ ១០០ ​ដង​នោះ មិន​បាន​ធ្វើឲ្យ​អ្នក​ទស្សនា​ផ្ទាល់ មាន​ការ​ខកចិត្ត​នោះ​ឡើយ គឺ​គេ​បាន​ព្យាយាម​ទប់​យ៉ាង​អំណត់។

បន្ថែម​លើ​នេះ​នៅពេល Sahatsada Pimphasart បង្កើន​ការ​វាយសម្រុក​កាន់តែ​ខ្លាំង ហើយ​ភ្លេច​ការពារ​ខ្លួន​នោះ សារឿន ច័ន្ទ បាន​​ច្រាស​កែង​សង​ចូល​ផ្ទៃមុខ​ពេញ​ធ្វើ​ឲ្យ​កីឡាករ​ថៃ​ម្នាក់​នេះ​សឺ។ ឃើញ​ស្ថានភាព​បែប​នេះ ច័ន្ទ បាន​ស្ទុះ​ម៉ាត់​ថែម​ចូល​មុខ​​ពេញៗ​ចំនួន ៣ ​ដៃ​ទៀត​ធ្វើឲ្យ Sahatsada ដួល​​ផ្ងារ​ជើង​ ជា​ហេតុ​ធ្វើឲ្យ​អាជ្ញាកណ្តាល អេ ភូថង រាប់​ទៅលើ​រូប​គេ​ជា​លើក​ទី​ ១។

បើ​ទោះបី​ជា Sahatsada បាន​ព្យាយាម​រក្សា​ស្មារតី បន្ត​ការ​ប្រកួត​ទៀត ប៉ុន្តែ​ការ​ម៉ាត់​ថែម​ ៣ ​ទៅ​ ៤ ​ដៃ​របស់ សារឿន ច័ន្ទ បាន​ធ្វើឲ្យ​រូប​គេ​វិល​វល់ និង​ទោរទន់​រក​កល​នឹង​ដួល ហើយ​​ភ្លាម​នោះ ច័ន្ទ បាន​វាយ​ថែម​មួយ​កែង​ចំ​ថ្គាម​បណ្តាល​ឲ្យ Sahatsada ដួល​ផ្កាប់​មុខ ដែល​ធ្វើឲ្យ​អាជ្ញាកណ្តាល​បញ្ឈប់​​ការ​ប្រកួត​ថៃ​ម្នាក់​នេះ​តែ​ម្តង ព្រោះ​អាការ​របស់​គេ​មិន​អាច​ប្រកួត​បន្ត​បាន​ឡើយ​។

ការ​ចាញ់​របស់ Sahatsada Pimphasart ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ វា​ជា​ការ​ភ្លាត់​ស្នៀត ដោយសារ​រូប​គេ​មើល​ស្រាល​មកលើ​កីឡាករ​ម្ចាស់​ផ្ទះ​ខ្លាំង​ពេក ដែល​​នាំឲ្យ​​អ្នក​ទស្សនា​ផ្ទាល់ ​បាន​លាន់​មាត់​បែប​ចំអក​​ថា៖​ «វា​មិន​ដែល​ចាញ់​​នៅ​ថៃ តែ​ពេល​នេះ​សន្លប់​ធំ​​នៅ​ខ្មែរ​ហើយ»។ ប៉ុន្តែ​លោក មាស សុខគ្រី គ្រូបង្វឹក​របស់ សារឿន ច័ន្ទ នៅ​តែ​មើល​ឃើញ​ថា Sahatsada Pimphasart ខ្លាំង​ដោយ​លោក​បាន​លាន់​មាត់​​ស្រប​​ពេល Sahatsada ត្រូវ​បាន​បញ្ឈប់​ថា៖​ «​ហ៊ាន​តែ​ចូល​ដល់​ទឹក​ទី​ ៣ ដឹង​តែ​យ៉ាប់​របស់​​វា​ជា​មិន​ខាន​ឡើយ ព្រោះ​វា​ល្អ​ណាស់»។

យ៉ាងណា​ក៏ដោយ​សិស្ស Choedchom Sarayuth ដែល​ធ្លាប់​ប្រកួត​ ៦២ ​ដង ឈ្នះ​ ៥០ ​ដង និង​ចាញ់​ ១២ ​ដង មិន​បាន​ធ្វើឲ្យ​គ្រូបង្វឹក​របស់​គេ​គឺ​​អ្នក​ប្រដាល់​​ជើងខ្លាំង​ប៊ូខាវ អាម៉ាស់​មុខ​នោះ​ទេ ដោយ​រូប​គេ​បាន​ប្រើប្រាស់​នូវ​បច្ចេកទេស​ប្រកួត​ពិតៗ ដើម្បី​យក​ឈ្នះ​​លើ​​កីឡាករ​ជើងខ្លាំង​ យ៉េន ឌីណា ​របស់​ក្លិប​អប្សរាគុនខ្មែរ ដោយ​ពិន្ទុ។

បើ​ទោះបី​ជា​ការ​ប្រកួត​នេះ Choedchom Sarayuth មិន​ហ៊ាន​វាយ​ដោយ​ប្រឈម​ជាមួយ យ៉េន ឌីណា ដែល​ធ្វើឲ្យ ឌីណា វាយ​សម្រុក​ស្ទើរ​ ៥ ​ទឹក​ពេញ​ទៅលើ​រូប​គេ ប៉ុន្តែ​​តាម​​ការពិត​ទៅលើ​ការ​វាយ​ចេញ​របស់​អ្នក​ទាំង​ ២ ​គឺ Choedchom វាយ​ចំ​គោលដៅ​ល្អ​ជាង និង​មាន​ទម្ងន់​ធ្ងន់​ជាង ពិសេស​ការ​ទាត់ និង​បុក​ជង្គង់​បាន​យ៉ាងល្អ​​របស់​គេ ខណៈ​ការ​ជម្នះ​តាម​ម៉ាត់ ទាត់ និង​វាយ​កែង​របស់ យ៉េន ឌីណា ចូល​ចំ​គោលដៅ​មិន​សូវ​ពេញ​​ឡើយ ហើយ​ការ​ចូល​ចាប់​បុក​ជង្គង់​របស់​គេ ក៏​មិន​សូវ​បាន​សម្រេច​នោះ​ដែរ ព្រោះ​ត្រូវ​បាន Choedchom ធ្វើការ​បិទ និង​គេច​ផុត​ជា​បន្តបន្ទាប់៕

Post a Comment

 
Top