GuidePedia

0
កីឡាករ​ជើង​ថ្មី សូត្រ ប៊ុនធី ដែល​​មិន​ធ្លាប់​ចាញ់​សោះ ក្នុង​ការ​​ប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់ K cement ទម្ងន់​ ៦០ ​គីឡូក្រាម​ នៅលើ​សង្វៀន​ SEATV​នោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​ឈ្នះ​បាន​ ៣ ពិន្ទុ​បន្ថែម​ទៀត​ក្នុង​ការ​ប្រកួត​ជុំ​ទី​ ៥ ​នា​ល្ងាច​ថ្ងៃ​សៅរ៍ ខាង​មុខ​នេះ​ឯ មាស ច័ន្ទមាន ដែល​ខកចិត្ត​ពី​សប្តាហ៍​មុន​នោះ ក៏​អាច​នឹង​ឈ្នះ ៣ ពិន្ទុ​បន្ថែម​​ផង​ដែរ ប៉ុន្តែ​ការ​ប្រកួត​វិលជុំ​ចំនួន​ ២ ​គូ​​​ទៀត អាច​នឹង​ជួប​ការ​ប្រកួត​ដ៏តានតឹង ក្នុង​ការ​រក​អ្នក​ឈ្នះ។

កីឡាករ សូត្រ ប៊ុនធី (ឆ្វេង) បាន​ទាត់​ទៅលើ ឱម សំរេច ក្នុង​ការ​ប្រកួត​វិលជុំ​លើក​ទី​ ៤ ។


នៅក្នុង​ការ​ប្រកួត​ជុំ​ទី​ ៥ ​នេះ សូត្រ ប៊ុនធី ក្លិប​បក្សី​ស្លាបដែក ដែល​ឈ្នះ​ទាំង​ ៤ ​លើក​ជាប់ៗ​គ្នា​នោះ នឹង​ត្រូវ​ធ្វើការ​ប្រកួត​ជាមួយ​សិស្ស​គណក្លិប​រដ្ឋ​សែនជ័យ​ ៣១៧ គូលែន ទី ពន្លែត ដែល​ត្រូវ​​បាន​គណៈកម្មការ​ដាក់​ឲ្យ​ប្រកួត​ជំនួស​កីឡាករ ណាម ម៉ូរ៉ាក់ មកពី​ក្លិប​ពន្លឺសាមគ្គី​ខេត្ត​បាត់ដំបង ដែល​មាន​បញ្ហា​សុខភាព ហើយ ទី ពន្លែត ដែល​បាន​ចាញ់ ឃីម បូរ៉ា ទាំង​ទ្រម​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន​នោះ មិនមែន​ជា​ឧបសគ្គ​ចំពោះ សូត្រ ប៊ុនធី ក្នុង​ការ​ស្វែងរក​ ៣ ពិន្ទុ​បន្ថែម ក្នុង​ការ​ប្រកួត​លើក​នេះ​នោះ​ទេ។

ផ្ទុយទៅ​វិញ ការ​វិល​មក​ជួប​គ្នា​របស់​កីឡាករ ឱម ​សំរេច ​ក្លិប​កងពល​តូច​ទ័ព​ឆត្រយោង​ ៩១១ និង ​ឃីម ​បូរ៉ា មកពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្ត​បន្ទាយមានជ័យ​ លើក​នេះ​វា​អាច​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏តានតឹង​មួយ ព្រោះ​អ្នក​ទាំង​ ២ ​នេះ​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​នោះ​ទេ ហើយ​កម្រិត​វិជ្ញាគុន ក៏​មាន​ភាព​ប្រហាក់ប្រហែល​គ្នា​ដែរ។ ប៉ុន្តែ ឃីម បូរ៉ា ដែល​ ៤ ​ប្រកួត ឈ្នះ​ ៣ និង​ចាញ់​ ១ ​ដង ដោយ​មាន​ ១០ ​ពិន្ទុ​នោះ ត្រូវ​បាន​គេ​រំពឹង​ថា អាច​មាន​ភាគរយ​ឈ្នះ ច្រើន​លើ ឱម សំរេច ដែល ៤ ​ប្រកួត​កន្លង មក​ឈ្នះ​ ២ និង​ចាញ់​ ២ ​ដង​ ព្រោះ​​ការ​វាយ​ចេញ​របស់ បូរ៉ា ច្បាស់​ជាង សំរេច ពិសេស​គឺ​ស្នៀត​ជង្គង់​របស់​គេ​តែ​ម្តង។

ចំពោះ​ការ​វិល​មក​ជួប​គ្នា​របស់​កីឡាករ ​លាស់ ​យីន ​មកពី​ក្លិប​សម្រែក​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន​ និង​ថុល​ មករា ​ក្លិប​ឃ្លាំងមឿង​កីឡា​ វិញ ក៏​ពិបាក​ទស្សន៍ទាយ​ដែរ ព្រោះ​ពួកគេ​​មាន​សមត្ថភាព និង​បច្ចេកទេស​ប្រហាក់ប្រហែល​គ្នា​ ខណៈ​ការ​ប្រកួត​ ៤ ​លើក​កន្លងមក លាស់ យីន និង ថុល មករា បាន​ឈ្នះ​ ២​ ចាញ់​ ២ ដោយ​មាន​​មាន​ ៨ ​ពិន្ទុ​ស្មើ​គ្នា ព្រោះ​ការ​ប្រកួត​លើក​ទី​ ៤ កាលពី​ថ្ងៃ​សៅរ៍ កន្លង មក​នេះ លាស់ យីន បាន​យក​ឈ្នះ​ជើងខ្លាំង មាស ច័ន្ទមាន ដោយ​ពិន្ទុ ឯ មករា ឈ្នះ ជ័យ ប៊ុនសង់ ដោយ​ពិន្ទុ​ដូច​គ្នា។

ដោយឡែក ​មាស ច័ន្ទមាន ​​របស់​​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ ​និង ជ័យ ប៊ុនសង់ ក្លិប​គីសែមានរិទ្ធ ​វិញ​អ្នក​ទស្សនា​ភាគច្រើន​គិត​ថា​ គ្មាន​ភាពតឹងតែង​នោះ​ទេ​ ព្រោះ​ ប៊ុនសង់ ​ប្រហែល​ជា​គ្មាន​សមត្ថភាព​អាច​ឈ្នះ​​ ច័ន្ទមាន ឡើយ​ ព្រោះ​​បទពិសោធ​ប្រកួត​ខុស​គ្នា​ឆ្ងាយ​។ ​ប៉ុន្តែ ច័ន្ទមាន ​បាន​ចាញ់​ លាស់ យីន កាលពី​សប្តាហ៍​មុន ដែល​​ជា​រឿង​​ចម្លែក​មួយ គួរ​កត់សម្គាល់​ដែរ​ ដោយ​​មិន​​ដឹង​ថា ច័ន្ទមាន មាន​ចេតនា​ចាញ់ ​ឬ​យ៉ាងណា​នោះ​ទេ​ ហើយ​ការ​ចាញ់​នោះ បាន​ធ្វើឲ្យ​ ៤ ​ប្រកួត​របស់ ច័ន្ទមាន ឈ្នះ​ ៣ និង​ចាញ់​ ១ ​ដង តែ ជ័យ ប៊ុនសង់ បាន​ចាញ់​ទាំង​ ៤ ​ប្រកួត​តែ​ម្តង ហេតុនេះ ប៊ុនសង់ គេច​មិន​ផុត​ពី​ការ​ហាល​អាវ​នោះ​ទេ៕

Post a Comment

 
Top