GuidePedia

0
ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ​ដណ្ដើម​ពាន​រង្វាន់​ស្រាបៀរ​លីអូ ប្រចាំ​ឆ្នាំ​ ២០១៤ (Leo Cup National Volleyball 2015) ​បាន​​ចាប់​ដំណើរការ​ប្រកួត​ជម្រុះ​ប្រចាំ​​មណ្ឌល​រាជធានី​ភ្នំពេញ នៅក្នុង​វិមាន​ពហុកីឡដ្ឋាន​ជាតិ កាលពី​ម្សិលមិញ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ប្រចាំ​មណ្ឌល​នេះ​ចំនួន​ ២ ​ក្រុម ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ដំណាក់កាល​ផ្តាច់ព្រ័ត្រ។

ការ​ប្រកួត​បើក​ឆាក​រវាង​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​សង្កាត់​វាលស្បូវ​(លឿង) និង​យុវជន​បូរី​១០០​ខ្នង។


នៅក្នុង​ការ​ប្រកួត​ជម្រុះ ប្រចាំ​នៅ​​មណ្ឌល​រាជធានី​ភ្នំពេញ ដែល​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​អាទិត្យ ចុងសប្តាហ៍​នេះ មាន​ក្រុម​ចូលរួម​ចំនួន​ ៩​ ហើយ​​ក្រុម​ទាំងនេះ​ត្រូវ​បាន​បែងចែក​ការ​ប្រកួត​ជា​ ២ ​ពូល ដោយ​ពូល​ A ​មាន​ ៥ ​ក្រុម រួមមាន​ក្រុម​យុវជន​បូរី​១០០​ខ្នង យុវជន​សង្កាត់​ព្រែកឯង សមាគម​និស្សិត ​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សង្កាត់​វាលស្បូវ និង​ក្រុម​យុវជន​សាមគ្គី ហើយ​ពូល​ B មាន​ ៤ ​ក្រុម​រួមមាន​ក្រុម​វិទ្យាល័យ​ឫស្សីកែវ ក្រុម​អង្គការ​ដើម្បី​ភាពញញឹម​នៃ​កុមារ ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស និង​ក្រុម​យុវជន​បូរីកីឡា។

ចំពោះ​រូបមន្ត​នៃ​ការ​ប្រកួត គឺ​ពូល​នីមួយៗ​ត្រូវ​ប្រកួត​ជម្រុះ យក​ក្រុម​​ដែល​មាន​ពិន្ទុ​លើ​គេ​ចំនួន​ ២ ​ក្រុម ដើម្បី​ឡើង​ទៅ​ប្រកួត​នៅ​​វគ្គ​ពាក់កណ្ដាល និង​​ផ្ដាច់ព្រ័ត្រ ​ហើយ​​ក្រុម​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​ ២ និង​លេខ​ ២ ប្រចាំ​ពូល​នេះ ​នឹង​ឈ្នះ​កៅអី ក្នុង​ការ​បន្ត​ដំណើរ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ដំណាក់កាល​ផ្តាច់ព្រ័ត្រ ជាមួយ​ក្រុម​ឈ្នះ​ចំនួន​ ៨ មកពី​មណ្ឌល​ចំនួន​ ៤ ​ទៀត។ ចំណែក​ក្រុម​ជើងឯក និង​ជើងឯក​រង ដែល​ឈ្នះ​ក្នុង​ការ​ប្រកួត​ដំណាក់កាល​ផ្តាច់ព្រ័ត្រ នឹង​ត្រូវ​ចូល​ទៅ​ប្រកួត​ពាន​រង្វាន់​សម្តេច​ហ៊ុនសែន ជាមួយ​ក្រុម​ឈរ​ជើង​ចាំ​ទាំង​ ៦ ​ក្រុម កាលពី​ឆ្នាំ​ ២០១៤ ក្នុង​នោះ​មាន​ក្រុម​ក្រសួង​មហាផ្ទៃ ក្រុម ស.ស.យ.ក. ​ខេត្ត​ព្រៃវែងស្នងការដ្ឋាន​នគរបាល​ ខេត្ត​បាត់ដំបង កងពល​តូច​លេខ​ ៣១ ​ការពារ​ឆ្នេរ សាលា​ខេត្ត​កំពង់ចាម និង​ក្រុម​កងពល​អន្តរាគមន៍​លេខ​ ៣ ​ខេត្ត​ព្រះវិហារ។

យ៉ាងណា​មិញ សម្រាប់​ការ​ប្រកួត​បើក​ឆាក ប្រចាំ​មណ្ឌល​ភ្នំពេញ ចាប់ពី​រសៀល​ម៉ោង​ ២ ដល់​ម៉ោង​ ៧​:៣០ ​យប់ កាលពី​ម្សិលមិញ ក្រុម​ឈរ​នៅ​ពូល​ A ស.ស.យ.ក ​សង្កាត់​វាលស្បូវ បាន​​ចាញ់​ក្រុម​យុវជន​បូរី​១០០​ខ្នង ៣-០ តែ​ក្រុម​យុវជន​សង្កាត់​ព្រែកឯង ​ឈ្នះ​​ក្រុម​សមាគម​និស្សិត​ ៣-០ ចំណែក​ពូល​ B ក្រុម​វិទ្យា ល័យ​ឫស្សីកែវ បាន​ចាញ់​ក្រុម​យុវជន​បូរី​កីឡា ក្នុង​លទ្ធផល ៣-០ ខណៈ​ក្រុម​ខ្លាំង បញ្ជាការដ្ឋាន​អង្គរក្ស ដែល​ទើប​ចូល​មក​ប្រកួត​ពាន​នេះ​វិញ ក្រោយ​ដក​ខ្លួន​ចេញ​កាលពី​ឆ្នាំ​ ២០១៤ ​នោះ បាន​លត់​ក្រុម​អង្គការ​ដើម្បី​ភាពញញឹម​នៃ​កុមារ ៣-០។

យ៉ាងណាមិញ សម្រាប់​ការ​ប្រកួត​នៅ​​ថ្ងៃ​ពុធ​នេះ ក្រុម​យុវជន​សាមគ្គី ត្រូវ​ជួប​ក្រុម​សមាគម​និស្សិត នៅ​ព្រឹក​ម៉ោង ៨:៣០ គឺ​មុន​ពេល​ក្រុម​យុវជន​បូរី​១០០​ខ្នង ត្រូវ​ប៉ះ​ក្រុម​យុវជន​សង្កាត់​ព្រែកឯង។ រីឯ​នៅ​ពេល​រសៀល​ក្រុម វិទ្យាល័យ​ឫស្សីកែវ ត្រូវ​ប្រឈម​ជាមួយ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស នៅ​ម៉ោង​ ១៣:៣០ ឯ​ក្រុម​យុវជន​បូរី កីឡា ត្រូវ​ប្រកួត​ជាមួយ​ក្រុម​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ នៅ​ម៉ោង ១៥:៣០ ហើយ​ក្រុម​ ស.ស.យ.ក សង្កាត់​វាលស្បូវ ត្រូវ​ជួប​ក្រុម​យុវជន​សាមគ្គី ម៉ោង​ ១៦:៣០៕

Post a Comment

 
Top