GuidePedia

0
លោក​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ Lee Tae Hoon បាន​កោះ​ហៅ​កីឡាករ​កម្លាំង​សំខាន់​ចំនួន ៣ នាក់​បន្ថែម​មាន ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា របស់​ក្រុម​បឹងកេតអង្គរ ខ្សែ​បម្រើ គួច សុកុម្ភៈ របស់​ណាហ្គាវើល និង ខ្សែ​បម្រើ អ៊ុល រ៉ាវី របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ទៅ​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​​ដែល​កំពុង​តែ​បោះ​ជំរំ​នៅ​ទីលាន​មជ្ឍមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី។

ចាន់ វឌ្ឍនាកា និង គួច សុុម្ភៈ កាល​ប្រកួត​ជម្រុះ AFF Suzuki Cup 2014


លោក ឆាំង ពិសិដ្ឋ អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​បាន​ឱ្យ​ដឹង​ថា ការ​បន្ថែម​សមាជិក ៣ នាក់​ទៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​​ក្រោយ​ពិភាក្សា​ជាមួយ​​គ្រូ​បង្គោល​​តាម​ក្លិប​និមួយៗ ពី​ទម្រង់​លេង​របស់​ពួក​គេទាំង​ហ្វឹកហាត់ និង ប្រកួត កើន​​ឡើងគួរ​ឱ្យ​កត់​សម្គាល់ តាម​ការ​ចង់​បាន​របស់​លោក Lee ហើយ​ខ្លះ​ទៀត​បាន​​ជា​សះស្បើយ​ពី​របួស។

ទន្ទឹម​នឹង​បូក​បន្ថែម​កម្លាំង​ថ្មី ៣ នាក់ លោក​គ្រូ​បង្វឹក​ជនជាតិ​កូរ៉េខាងត្បូង បាន​ជម្រុះ​កីឡាករ ៣ នាក់​សិន​​ដែរ​មាន ថោង ដា របស់​ភ្នំពេញក្រោន, ឆេង ម៉េង របស់​ណាហ្គាវើល និង មួន ណារ៉ា របស់​ស្វាយរៀង។ កីឡាករ​ទាំង ៣ នាក់​នេះ​នឹង​កោះ​ហៅ​ចូល​ហ្វឹកហាត់​ឡើង​វិញ ដើម្បី​ត្រៀម​ប្រកួត​​ជម្រុះ​ពាន​រង្វាន់ AFC U23 Championship 2016 ប៉ុន្ដែ​ពេល​នេះ​ថ្នាក់​ដឹកនាំ​​ក្រុម​ផ្ដោត​លើ​ការ​ប្រកួត​ជម្រុះ​ជុំ​ដំបូង​ប្រចាំ​ទ្វីប​អាស៊ី​នៃ​ពាន FIFA World Cup 2018 ដែល​នឹង​មក​ដល់​ឆាប់ៗ ជាមុន​សិន។

អ៊ុល រ៉ាវី (កណ្ដាល) កាល​ប្រកួត​ពាន​ Hun Sen Cup 2015


ក្រុម​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​ធ្វើ​ម្ចាស់​ផ្ទះ​​ប្រកួត​ជាមួយ​ក្រុម​កោះម៉ាកាវ ក្នុង​​វគ្គ​ជម្រុះ​ជុំ​ដំបូង FIFA World Cup 2018 នៅ​ថ្ងៃ​ទី ១២ មីនា ឆ្នាំ ២០១៥ ហើយ​ជើង​ជើ​ទី២ ត្រូវ​ទៅ​ប្រកួត​នៅ​​កីឡដ្ឋាន Estádio Campo Desportivo ក្នុង​ក្រុង​​ Taipa កោះ​តៃវ៉ាន់ វិញ​ម្ដង។ មុន​ការ​ប្រកួត​មក​ដល់ ១ ថ្ងៃ​លោក Lee នឹង​ជ្រើសរើស​យក​កីឡាករ​ចំនួន ២៣ នាក់​ក្នុង​ចំណោម ៣២ នាក់​ត្រៀម​ចេញ​ប្រយុទ្ធ​តំណាង​ឱ្យ​ជាតិ៕

Post a Comment

 
Top