GuidePedia

0
អាង​ហែល​ទឹក​ខ្នាត​អន្តរជាតិ​មួយ​ដែល​សាងសង់​នៅ​ខេត្តកំពង់ចាម ដែលជា​ការខិតខំ​ប្រឹង​ប្រែង​របស់​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក តាំងពី​ជំនាន់​លោក ហែម ថុ​ន នឹង​ជិត​លេចចេញ​ជា​រូបរាង​ហើយ មុន​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាងមុខ។



បើ​យោង​ពី​ប្រភព​មន្ត្រី​របស់​សហព័ន្ធ​កីឡាហែលទឹក បាន​បង្ហើប​រឿង​ចំនួន ៥ មុនពេល​អាង​ហែល​ទឹក​នេះ​សាងសង់​រួចរាល់​ជា​ស្ថាពរ៖

១) ព័ត៌មាន​សង្ខេប៖ អាង​នេះ​មានឈ្មោះ «មជ្ឈមណ្ឌល​អាង​ហែល​ទឹក​តេ​ជោ​សែន» ហើយ៣ផ្នែកធំៗ គឺ​អាង​ធំ​សម្រាប់​ប្រកួត មាន​បណ្ដោយ៥០ម៉ែត្រ គុណ​នឹង២៥ម៉ែត្រ និង​មាន១០បន្ទាត់។ ចំណែក​ទី២ គឺ​អាង​លោត ២៥ម៉ែត្រ គុណ​នឹង២៥ម៉ែត្រ និង​ទី៣ គឺ​អាង​សម្រាប់​កម្ដៅ​សាច់ដុំ មាន​បណ្ដោយ១៥ម៉ែត្រ គុណ​នឹង៨ម៉ែត្រ មាន៣ខ្សែ រួមទាំង​មាន បន្ទប់​រដ្ឋបាល កៅអីអង្គុយ​ទស្សនា សម្រាប់​ភ្ញៀវ និង​ប្រតិភូ​ផងដែរ ។ ការសាងសង់​អស់​ទឹកប្រាក់​ប្រមាណ ១ លាន ៦ សែន ដុល្លារ នេះ​មិនទាន់​គិត​បរិក្ខារ​លំអ​មួយចំនួន​ដូចជា នាឡិ​ក ឬ បរិក្ខារ ជុំវិញ​មូ​យ​ចំនួន​នោះទេ។

២) ហេតុអ្វី​បាន​សាងសង់​អាង​នេះ​នៅ​ខេត្តកំពង់ចាម? លោក ហែម ថុ​ន អតីត​អគ្គលេខាធិការ​សហព័ន្ធ​កីឡាហែលទឹក​ធ្លាប់​លើកឡើងថា កាលពី​ទសវត្សរ៍​ឆ្នាំ ១៩៦០ ដែលជា​ឆ្នាំ​កីឡា​ខ្មែរ​ហក់​ដល់​កម្រិត​កំពូល​បើ​ធៀប​នឹង​ប្រទេស​ក្នុង​តំបន់ មាន​ជើង​ខ្លាំង​ហែល​ទឹកជា​ច្រើន​សុទ្ធ​តែមាន​ដើមកំណើត​មកពី​ខេត្តកំពង់ចាម​នេះ​តែម្ដង។ ទោះជា​សព្វថ្ងៃ​ខេត្ត​នេះ​មិនមាន​អាង​ហែល​ទឹក ហើយ​កីឡាករ​ខ្លះ​ហ្វឹកហាត់​តាម​ទន្លេ​ក៏ដោយ តែមាន​ជើង​ខ្លាំង ២ នាក់​ជាប់​ឈ្មោះ​ក្នុង​ឈុត​ជម្រើសជាតិ​ត្រៀម​ប្រកួត​ស៊ី​ហ្គេម ឆ្នាំ ២០១។

៣) ការដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់៖ បើតាម​ការ​ឱ្យដឹងពី​អ្នក​សាងសង់ អាង​ហែល​ទឹក​នេះ​នឹង​រួចរាល់​ក្នុង​សប្ដាហ៍​ទី១ ឬ ទី២ ក្នុង​ខែមេសា ដោយ​អាច​ទាំង​មានការ​ចូលរួម​ពី​សំណាក់​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា លោក ហ៊ុន សែន ផងដែរ។ លោក ស៊ុន ចាន់ថុល ប្រធាន​សហព័ន្ធ​ចំណាយ​ទាំង​កម្លាំងកាយ ចិត្ត និង ថវិកា ដើម្បី​អាងទឹក​ស្ដង់ដារ​អន្តរជាតិ​នេះ​លេច​ជា​រូបរាង។

៤) ប្រកួត​ដណ្ដើម​ពានរង្វាន់​នៅពេល​បើកសម្ពោធ៖ ការប្រកួត​ហែល​ទឹក​ថ្នាក់ជាតិ​នឹងធ្វើ​ឡើងជា​លើកដំបូង​នៅ​អាង​ហែល​ទឹក​ប្រចាំខេត្ត​កំពង់ចាមនេះក្រោយពេល​ កាត់​ខ្សែបូ​រួចរាល់។ ការរៀបចំ​នៅ​ប្រកួត​នៅ​ទីនោះ​នឹងធ្វើ​ឡើង​រៀងរាល់ឆ្នាំ ដើម្បី​លើកស្ទួយ​កីឡាករ​ក្នុង​ខេត្ត។

៥) បណ្ដោះ​យុវជន​ក្នុង​ខេត្ត៖ ការហ្វឹកហាត់​ហែល​ទឹក​តាម​ស្តង់ដារ​ដល់​យុវជន​ក្នុង​ខេត្ត នឹង​ចាប់ផ្ដើម​ជា​ផ្លូវការ​ក្រោយពេល​ដាក់ឱ្យ​ប្រើប្រាស់ ដោយ​លែង​ហ្វឹកហាត់​តាម​ទន្លេ ស្ទឹង ឬ បឹង​ទៀតហើយ។ ទីនេះ​អាចជា​កន្លែង​បោះ​ជម្រុះ​ដល់​ក្រុម​ជម្រើសជាតិ​មួយគ្រា​ផងដែរ។

Post a Comment

 
Top