GuidePedia

0
Roman Abramovich ​មិន​ត្រឹម​តែ​វិនិយោគ​លុយ​មហាសាល​ ក្នុង​​ការ​​ធ្វើ​ជា​ម្ចាស់​ក្លិប​ Chelsea នោះ​ទេ ពោល​គឺ​​​ថែម​ទាំង​ស្រលាញ់​ក្លិប​មួយ​នេះ ងប់ងុល​ខ្លាំង​ទៀត​ផង។ ទាំង​អស់​នេះ ជា​ហេតុផល​មួយ​​ជួយ​​ឲ្យ​ក្រុម​តោ​ខៀវ​ ក្លាយ​ជា​ក្រុម​អង់គ្លេស​តែ​មួយ​គត់ ​ដែល​ធ្វើ​បាន​ល្អ​ជាង​គេ​ នៅ​ក្របខ័ណ្ឌ​អឺរ៉ុប​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។


​​មហា​សេដ្ឋី​រុស្សី​រូប​នេះ ​ស្ទើរ​តែ​មិន​បាន​យល់​ថា អ្វី​ទៅ​ជា​បាល់​ទាត់​ផង​ មុន​នឹង​មក​កាន់​ក្លិប​តោ​ខៀវ ប៉ុន្តែ​តាំង​ពី​លោក​ទិញ​ក្លិប​​មួយ​នេះ នៅ​ឆ្នាំ​២០០៣​មក ​បុរស​វ័យ​​៤៨​ឆ្នាំ​រូប​នេះ បាន​ក្លាយ​ជា​អ្នក​ស្នេហា​វិស័យ​បាល់​ទាត់​ដ៏​ងប់ងុល​ម្នាក់។ ជាក់​ស្ដែង​​នៅ​ពេល​មួយ​​លោក​រវល់​ការ​ងារ​ខ្លាំង ដោយ​ជាប់​បេសកកម្ម ​នៅ​លើ​​កប៉ាល់ ក៏​លោក​មិន​ភ្លេច​ការ​ទស្សនា​ក្រុម​​តោ​ខៀវ​របស់​លោក​ ប្រកួត​ពាន​រង្វាន់​អឺរ៉ុប​ដែរ។

​​ក្នុង​ការ​ជ្រើស​តាំង​អ្នក​ចាត់ការ​ថ្មី​របស់​ក្លិប Chelsea គឺ​ត្រូវ​តែ​ធ្វើ​ការ​ពិភាក្សា​នៅ​គេហដ្ឋាន​របស់ Abramovich ​ដែល​ស្ថិត​នៅ​តំបន់​ Belgravia នៃ​ទី​ក្រុង​ឡុងដុង ដើម្បី​ជជែក​គ្នា​​ពី​បាល់ទាត់ និង​បច្ចេកទេស​នានា។ ជាង​នោះ​ទៅ​ទៀត​ លោក​គឺ​​​ជា​មនុស្ស​ម្នាក់ ដែល​សកម្ម​ក្នុង​ការ​ដោះ​ដូរ​កីឡាករ​របស់​ក្លិប​។

​​​​​ឡើង​មក​កាន់​តំណែង​ម្ចាស់​ក្លិប​បាន​១​ឆ្នាំ Abramovich បាន​ជួយ​ឲ្យ​តោ​ខៀវ​​ឈ្នះ​ពាន​រង្វាន់​ក្នុង​លីក​កំពូល​អង់គ្លេស​​ ​នៅ​រដូវ​កាល ២០០៤-២០០៥ ជា​លើក​ដំបូង​​ក្នុង​រយៈពេល​៥០​ឆ្នាំ ហើយ​ជា​លើក​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប។


ក្នុង​រជ្ជកាល​របស់​​ Abramovich ​ក្រុម​ Chelsea ​បាន​ឈ្នះ​ពាន​​ចំនួន ១២​មក​ហើយ ដែល​មាន​ដូច​ជា៖ UEFA Champions League ១​លើក​, UEFA Europa League ១​លើក, Premier League ​៣លើក, FA Cup ​៤​លើក និង​ League Cup ​ចំនួន​៣​លើក (​ទើប​​តែ​ឈ្នះ​​រដូវ​កាល​នេះ​១​ទៀត)៕

Post a Comment

 
Top