លោកគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ជនជាតិកូរ៉េខាងត្បូង Lee Tae Hoon បានកោះហៅខ្សែការពារស្ដាំ ទូច បញ្ចរ៉ុង ប្រចាំក្លិបបាល់ទាត់បឹងកេតអង្គរ សមាជិកក្នុងលីកកំពូលរបស់កម្ពុជា ឱ្យចូលក្នុងជំរំហ្វឹកហាត់ ដើម្បីត្រៀមបង្ហាញសមត្ថភាពពេលជួបប្រកួតជាមួយក្រុមកោះម៉ាកាវ ក្នុងវគ្គជម្រុះដំបូងប្រចាំទ្វីបអាស៊ី នៃពានរង្វាន់ FIFA World Cup 2018 ដែលប្រទេសរុស្ស៊ីជាម្ចាស់ផ្ទះ។
ទូច បញ្ចរ៉ុង របស់បឹងកេត (ស-ខៀវ) ក្នុងពេលប្រកួតកន្លងមក
ក្លិបបឹងកេតអង្គរបានប្រកាសព័ត៌មាននេះឱ្យអ្នកគាំទ្ររបស់ខ្លួនបានដឹងកាលពីល្ងាចម្សិលមិញ ខណៈកីឡាករក្នុងបញ្ជីដំបូងចំនួន ៣២ នាក់បានចេញទៅប្រមូលផ្ដុំនៅមជ្ឈមណ្ឌលនិងសាលាបាល់ទាត់ជាតិបាទី តាំងពីថ្ងៃទី ២៩ កុម្ភៈ ឆ្នាំ ២០១៥ មកម៉្លេះ។
ទូច បញ្ចរ៉ុង ជាកីឡាករទី៤ របស់ក្លិបបឹងកេតអង្គរ ដែលជាប់ឈ្មោះក្នុងបញ្ជីរបស់លោកគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង បន្ទាប់ពី អ្នកចាំទី ស៊ូ យ៉ាទី ខ្សែការពារកណ្ដាល សុខ សុវណ្ណ ខ្សែការពារឆ្វេង រស់ សំអឿន និង ខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី។ ប្រភពបញ្ជាក់ថា កីឡាករ ចាន់ វឌ្ឍនាកា មិនបានជាប់ឈ្មោះក្នុងឈុតជម្រើសជាតិនឹងគេព្រោះតែរបួសកជើង ខណៈកីឡាករ ហុង ផេង ទើបផ្ទេរមកពីក្លិបភ្នំពេញក្រោន ស្ថិតក្នុងការមើលរំលងនៅឡើយ។
តាមពិតកីឡាករទាំងអស់នឹងត្រូវជម្រុះចេញខ្លះទុកតែចំនួនខ្លះដើម្បីត្រៀមប្រកួតប្រជែងជម្រុះពានលំដាប់ពិភពលោកមួយនេះ ស្របពេលប្រកួតដំបូងកម្ពុជា ត្រូវត្រៀមស្វាគមន៍ក្រុមម៉ាកាវ ក្នុងជំនួបជើងទី១ នៅថ្ងៃទី ១២ មីនា ឆ្នាំ ២០១៥ ហើយពេលជើងទី២ ត្រូវចេញទៅប្រកួតនៅម៉ាកាវ វិញម្ដងនៅថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៥។
វគ្គជម្រុះដំបូងប្រចាំទ្វីបមាន ៥ គូផ្សេងទៀតដែលជាប្រទេសមានចំណាត់ថ្នាក់ទាបជាងគេក្នុងចំណាត់ថ្នាក់ FIFA កាលពីខែមករាកន្លងទៅ៖
– ឥណ្ឌា Vs នេប៉ាល
– យេមែន Vs ប៉ាគីស្ថាន
– ទីម័រខាងកើត Vs ម៉ុងហ្គោលី
– ចិនតៃប៊ិ Vs ប៊្រុយណេ
– ស្រីលង្កា Vs ប៊ូតាន់
Post a Comment