ក្រុម ២ នៅក្នុងពូល D នៃពានរង្វាន់បាល់ទះសម្រាប់សិស្សប្រចាំវិទ្យាល័យទូទាំងរាជធានីភ្នំពេញ Western Cup 2015 មាន វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន និង និង វិទ្យាល័យហ៊ុន សែន ភ្នំពេញថ្មី ដណ្ដើមកៅអីបានឡើងទៅវគ្គ ៨ ក្រុមចុងក្រោយហើយក្រោយយកឈ្នះគូប្រកួតចុងសប្ដាហ៍កន្លងទៅ។
លទ្ធផលនៃការប្រកួតបិទពូល D ដែលជាពូលចុងក្រោយ សម្រាប់ឆ្នាំ ២០១៤ នេះ ធ្វើឡើងនៅរសៀលថ្ងៃទី ៣១ មករា ឆ្នាំ ២០១៥ នៅទីលានបាល់ទះវិទ្យាល័យព្រែកលៀប ដោយវិទ្យាល័យជម្ពូវ័ន ឈ្នះ វិទ្យាល័យ ហ៊ុន សែន ១០០ ខ្នង ក្នុងលទ្ធផល ៣ សិត ទល់ ២ សិត ហើយក្រុមជើងឯកឆ្នាំចាស់ វិទ្យាល័យហ៊ុន សែន ភ្នំពេញថ្មី ឈ្នះ វិទ្យាល័យទួលអំពិល ៣ សិត ទល់ ០។
ដូច្នេះក្រុមដែលមានឈ្មោះឡើងទៅវគ្គ ១/៤ ផ្ដាច់ព្រ័ត្រមាន វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ និង វិទ្យាល័យព្រែកឯង (ពូល A) វិទ្យាល័យព្រែកលៀប និង វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនកោះដាច់ (ពូល B) វិទ្យាល័យពងទឹក និង វិទ្យាល័យជាស៊ីម សាមគ្គី (ពូល C) វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន និង និង វិទ្យាល័យហ៊ុន សែន ភ្នំពេញថ្មី (ពូល D)។
បើតាមការឱ្យដឹងពីអ្នករៀបចំកម្មវិធី នៅរសៀលថ្ងៃទី ២ ខែ កុម្ភៈ វេលាម៉ោង ២ រសៀល នេះនៅសាកលវិទ្យាល័យវេស្ទើននឹងមានការចាប់ឆ្នោតជ្រើសរើសគូប្រកួតដណ្ដើមតំណែងទៅប្រកួតវគ្គ ១/២ ផ្ដាច់ព្រ័ត្រ។
Western Cup 2015 រៀបចំឡើងដោយសាកលវិទ្យាល័យវេស្ទើន ក្រោមការឧបត្តម្ភដោយក្រុមហ៊ុនដៃគូមួយចំនួនដូចជា ភេសជ្ជៈ M-150, រោងភាពយន្តលេជេន, ផ្សារទំនើប Cambodian Superstore, ភេសជ្ជៈ AQUARIUS, សាលាវេស្ទើនអន្តរជាតិ, មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវេស្ទើន, Sokha Hotel and Resorts និង វេបសាយ Sabay។
ពានរង្វាន់សម្រាប់តែសិស្សវិទ្យាល័យនេះមានក្រុមចូលរួមចំនួន ៣២ ដោយបែងចែកទៅជា ៤ ពូល ក្រុមខ្លាំងតាមពូលនីមួយៗ ចំនួន២ ក្រុមមានកៅអីឡើងទៅលេងនៅវគ្គបន្ទាប់ ដើម្បីប្រជែងរង្វាន់ប្រាក់លាន។ ក្រុមជើងឯកនឹងទទួលទឹកប្រាក់ចំនួន ១០ លានរៀល ខណៈក្រុមជើងឯករកបាន ៦ លានរៀល ក្រុមលេខ ៣ នឹងទទួលបានទឹកប្រាក់ ៤ លានរៀល និងក្រុមលេខ ៤ ចំនួន ៣ លានរៀល៕
Subscribe to:
Post Comments (Atom)
Post a Comment