ខ្សែប្រយុទ្ធ Lionel Messi ស៊ុតគ្រាប់ជ័យជម្នះឲ្យក្រុម Barcelona បន្តឈ្នះ៨ប្រកួតជាប់ៗគ្នា បន្ទាប់ពីឈ្នះក្រុម Villarreal ទាំងប្រផុតប្រផើយ ដោយលទ្ធផល ៣-២ នៅ La Liga កាលពីយប់មិញ។
កីឡាករ Denis Cheryshev ស៊ុតឲ្យក្រុមភ្ញៀវនាំមុខមុន នៅនាទី៣០ ខណៈដែលខ្សែប្រយុទ្ធកំពុងឡើងជើង Neymar រកគ្រាប់តាមបានស្មើវិញនៅចុងតង់ទី១នាទី៤៥ ធ្វើឲ្យចប់តង់ទី១ ក្រុមទាំង២បញ្ចប់លទ្ធផលស្មើគ្នា ១-១។
ចាប់ផ្ដើមតង់ទី២ បាន៦នាទីខ្សែប្រយុទ្ធវ័យក្មេង Luciano Vietto របស់ Villarreal ស៊ុតបន្តឲ្យក្រុមភ្ញៀវធ្វើការនាំមុខជាថ្មីម្ដងទៀត ប៉ុន្តែត្រូវបាន Barca តាមស្មើភ្លាមៗត្រឹមតែ២នាទី ដោយខ្សែបម្រើ Rafinha នៅនាទី៥៣។ ២នាទីបន្ទាប់ ពោលគឺនាទី៥៥ Messi បានបង្ហើយ១គ្រាប់ទៀត ធ្វើឲ្យចប់ការប្រកួតក្រុមម្ចាស់ផ្ទះ Barca ទទួលបានជ័យជំនះ ៣-២។
ជ័យជម្នះមួយនេះ ធ្វើឲ្យក្រុមអ្នកមានបុណ្យ បន្តឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងតារាង La Liga របស់អេស្ប៉ាញ ដោយមាន៥០ពិន្ទុ តាមពីក្រោយក្រុមលេខ១ Real Madrid ចំនួន១ពិន្ទុ និងនាំមុខក្រុមលេខ៣ Atletico Madrid ចំនួន៣ពិន្ទុ៕
Post a Comment