កីឡាករ ឡៅ ស៊ីណាត ធ្វើបានយ៉ាងល្អ ក្នុងការប្រកួតប្រដាល់ មិត្តភាពអន្ដរជាតិ កាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយបានផ្ដួល កីឡាករថៃ Pirabkao ឲ្យបោះបង់ការ ប្រកួតត្រឹមទឹកទី៣ ។ រីឯជំនួបរវាងកូននាគ វង្ស ណយ និងកីឡាករថៃ Singha Thornnoy វិញ គឺបានបន្សល់ទុក នូវស្នាមបែកធំៗ នៅលើចញ្ចើម ទាំង ២នាក់ មុននឹងចៅក្រមកាត់ក្ដីឲ្យ វង្ស ណយ ឈ្នះពិន្ទុនោះ ។
ឡៅ ស៊ីណាត ហាក់ដឹងខ្លួនឯងច្បាស់ថា មានប្រៀបជាងគូប្រកួត ដែលទឹកទី១ និងទឹកទី២ គេគ្រាន់តែវាយបណ្ដែតៗ កំដរអារម្មណ៍ទស្សនិកជន ទុកគ្រាន់ជា ការទស្សនា កម្សាន្ដប៉ុណ្ណោះ ដោយមិនសូវបញ្ចេញនូវ ស្នៀតពិសេសៗអ្វីគួរឲ្យ កត់សម្គាល់នោះទេ ។ ប៉ុន្ដែចូលដល់ទឹកទី៣ ស្របពេល Pirabkao បានចិត្ត មានការធ្វេសប្រហែសច្រើន ឡៅ ស៊ីណាត ក៏សម្រុកប្រើកណ្ដាប់ដៃ និងជង្គង់មួយប្រាវធ្វើឲ្យ Pirabkao ទ្រាំទ្រមិនបាន ក៏សម្រេចបោះបង់ចោល ការប្រកួតែម្ដង បន្ទាប់ពីអាជ្ញាកណ្ដាលរាប់ដល់ ១០ជាលើកដំបូង ។
សម្រាប់ការប្រកួតរវាងបេក្ខភាព ត្រូវឡើងសង្វៀន ជម្រុះដណ្ដើមប្រាក់រង្វាន់ ១ម៉ឺនដុល្លារ នាខែមីនាខាងមុខកីឡាករ វង្ស ណយ និងកីឡាករ Singha Thornnoy បានទទួលការចាប់អារម្មណ៍ ពីអ្នកគាំទ្រយ៉ាងច្រើនកុះករ ជាពិសេសក្នុងទឹកទី២ ដែលជើងខ្លាំងទាំង ២រូប បានចូលប្ដូរកែងគ្នា ទៅវិញទៅមក បង្កឲ្យមានស្នាម បែកយ៉ាងធំ ទាំងសងខាង ដោយ វង្ស ណយ បែកនៅលើកន្ទុយភ្នែកខាងស្ដាំ ប៉ុន្ដែរាងតូចជាងស្នាមបែក របស់កីឡាករថៃ Singha Thornnoy ដែលបែកនៅ កន្ទុយភ្នែកខាងឆ្វេង ។
ទោះជាយ៉ាងណា ការបង្កឲ្យមានស្នាមរបួសដូច្នេះ ក៏កាន់តែធ្វើឲ្យកំហឹងពុះកញ្រ្ជោល នឹងធ្វើឲ្យកីឡាករទាំង២ បន្ដការវាយសម្រុកគ្នាទៅវិញទៅមក ក្នុងនោះ វង្ស ណយ ក៏ត្រូវបានអាជ្ញាកណ្ដាលរាប់ចំនួន ៨ម្ដងដែរ ក្រោយ Singha Thornnoy ប្រើកែងវាយយ៉ាងល្អ ទៅលើចញ្ចើម ។ ប៉ុន្ដែសមរភូមិលាយឡំ នឹងឈាមហូរ តិចៗ នៅលើកន្ទុយភ្នែកនេះ នៅតែបន្ដការប្រកួតយ៉ាងជក់ចិត្ត តែគេសង្កេតឃើញ វង្ស ណយ មានឱកាសប្រើកណ្ដាបដៃ ដាល់លើផ្ទៃមុខ Singha Thornnoy បានច្រើន ។ ដូច្នេះចប់ការប្រកួត ចៅក្រមក៏កាត់សេចក្ដីឲ្យ វង្ស ណយ ឈ្នះពិន្ទុលើកីឡាករ Singha Thornnoy តែម្ដង ៕
Subscribe to:
Post Comments (Atom)
Post a Comment