អ្នកចាត់ចែងការទូទៅ ក្លឹបបិសាចក្រហម Manchester United លោក Louis van Gaal កំពុងតែត្រូវ បានសហព័ន្ធកីឡា បាល់ទាត់អង់គ្លេស FA ពិចារណា អំពីការ ដាក់ទោសទណ្ឌ ពីបទពោលពាក្យ មិនសមរម្យទៅលើ លោកអាជ្ញាកណ្តាល Chris Foy នាពេលកន្លងមក ។
ប្រភពព័ត៌មានពីគេហទំព័រ BBC បានឲ្យដឹងថា នេះជាលើកទី ១ហើយ សម្រាប់គ្រូបង្វឹកជនជាតិហូឡង់ វ័យ៦៣ឆ្នាំរូបនេះ ដែលទទួលពិន័យក្នុងជីវិតជាគ្រូ បង្វឹកបាល់ទាត់ រយៈពេល ៣០ឆ្នាំមកនេះ ដែលត្រូវបាន គេរកឃើញថា បានពោល ពាក្យមិនគប្បី ទៅលើលោកអាជ្ញាកណ្តាល Chris Foy អំឡុងពេល Man Utd លេងបានស្មើលទ្ធផល ០-០ ទល់ នឹងក្រុមម្ចាស់ផ្ទះ Cambridge United ជើងទី១ នៃជុំទី៤ ពានរង្វាន់លំដាប់ទី២ អង់គ្លេស FA Cup ។
តែយ៉ាងណាក៏ដោយ ទណ្ឌកម្មនេះដែរ FA នឹងចំណាយពេល ២៤ម៉ោងថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ ដើម្បីប្រជុំសម្រេចពីកំហុសរបស់អតីតគ្រូបង្វឹកក្រុម ជម្រើស ជាតិ ហូឡង់មួយនេះ ខណៈដែល Van Gaal ធ្លាប់បានថ្លែងប្រាប់ថា នឹងធ្វើការប្តឹងទៅ FA វិញផងដែរដោយបានថ្លែងថា “ខ្ញុំមិនដឹងថាខ្ញុំបានធ្វើអ្វីខុស នោះទេ ។ ខ្ញុំមិនដែលទទួលរងពិន័យ ណាមួយទេក្នុងជីវិត ជាគ្រូបង្វឹករយៈពេល ៣០ឆ្នាំមកនេះ ហើយក៏ពុំដែលពោល ពាក្យអ្វីដែលប៉ះពាល់ ដល់លោកអាជ្ញាកណ្តាលនោះ ដែរ នៅគ្រប់ការប្រកួតទាំងអស់” ។
សូមបញ្ជាក់ថា នេះជាលើកទី ១ហើយ ដែលគ្រូបង្វឹក មានអាកប្បកិរិយា សុភាពរាបសារ និងដឹកនាំ តាមបែបសុភាពៗ នៅលើទីលានត្រៀម ទទួលទណ្ឌកម្មខុស ប្លែកពីគ្រូបង្វឹក Jose Mourinho, Diego Simeone, Roberto Mancini និង Pep Guardiola ដែលតែងតែទទួលពិន័យ ពីបទប៉ះទង្គិចជាមួយអាជ្ញា កណ្តាល និងចូលទីលាន ខុសច្បាប់នោះ ។ Van Gaal ត្រៀមដឹកនាំ Man Utd ជួបប្រកួតជាមួយក្រុមភ្ញៀវ Burnley ផងដែរនៅ Premier League ប្រចាំសប្តាហ៍ទី២៥ រាត្រីស្អែកនេះ ក្រោយពេលជើងទី១បានត្រឹមស្មើ ០-០ ៕
Post a Comment