ព្រឹត្តិការណ៍ប្រណាំងម៉ូតូលំដាប់អន្តរជាតិ បែប Super-cross នឹងរៀបចំនៅប្រទេសកម្ពុជាបន្តទៀតហើយនៅថ្ងៃទី ១ ខែ មីនា ដើមខែក្រោយ នៅទីលានទួលប្រណាំងព្រែកលៀប ដោយចែកជា ៤ វិញ្ញាសាផ្សេងៗគ្នា។
លោក បូរិន្ទ តំណាងគណៈកម្មការរៀបចំការប្រកួតបានប្រាប់ថា វិញ្ញាសានៅបែប Super-cross នេះមានការបើកឆ្លងកាត់ទីទួលខ្ពស់ ហើយអាចបង្ហោះរហូតបានកម្ពស់ផ្ទះថ្ម ៣ ជាន់ឯណោះ។ វិញ្ញាសាទាំង ៤ បែងចែកទៅតាមកម្រិតបច្ចេកទេសរបស់បេក្ខជននីមួយៗ ដូចជា Class A មានអ្នកចូលរួមសុទ្ធតែជើងខ្លាំងមកពីតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន រួមទាំងជើងខ្លាំងមកពីអឺរ៉ុបខ្លះដែរ។ ចំពោះ Class B វិញ មានបេក្ខភាពសុទ្ធតែជើងខ្លាំងក្នុងស្រុក ហើយ Class C សម្រាប់អ្នកមានសមត្ថភាពល្មមៗ និង Class D សម្រាប់ក្មេងៗ។
ការប្រកួតនឹងរៀបចំចាប់ម៉ោង ៧ ព្រឹករហូតដល់ម៉ោង ៥ ល្ងាច ព្រមទាំងបើកឱ្យចូលទស្សនាដោយសេរីថែមទៀតផង។ ការប្រកួតនេះអាចនឹងមានផ្សាយផ្ទាល់តាមទូរទស្សន៍ដូចរាល់ដង ប៉ុន្តែរង់ចាំ១ ឬ ២ សប្ដាហ៍ទៀត ក្រោយការចុះឈ្មោះរួចរាល់សិន។
ប្រភពបន្ថែមថា សម្រាប់កីឡាកររបស់កម្ពុជា ធ្លាប់បានទទួលការបណ្ដុះបណ្ដាលពីគ្រូបរទេសមួយរយៈនាពេលកន្លងមក ហើយហ្វឹកហាត់ជាប្រចាំ ជាពិសេសថ្ងៃចុងសប្ដាហ៍ដើម្បីពង្រឹងសមត្ថភាពបន្ថែមមុនការប្រកួតមកដល់។
សម្រាប់បេក្ខជនផ្សេងទៀតដែលចង់ចូលរួមប្រកួតប្រជែង សូមចុះឈ្មោះឱ្យបានរួសរាន់ តាមលេខទូរសព្ទ ០១២ ៨៨៨ ៣៨០ ឬ ០៩៧ ៩៨៥ ៧១១១៕
Subscribe to:
Post Comments (Atom)
Post a Comment