កីឡាការិនីវាយកូនបាល់តំណាងឲ្យប្រទេសកម្ពុជាទីមួយលើឆាកអន្តរជាតិកញ្ញា Andrea Ka ប្តេជ្ញាប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីមកជួយកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០១៥នៅប្រទេសសិង្ហបុរី។
កីឡាការិនី Andrea Ka
ក្រោយធ្លាក់នៅជុំទីពីរក្នុងព្រឹត្តិការណ៍ ITF Women’s Futures នៅទីក្រុងហុងកុងដើមសប្តាហ៍នេះ Andrea Ka បានឲ្យដឹងថា កញ្ញានឹងវិលត្រឡប់ទៅសហរដ្ឋអាមេរិកដើម្បីបន្តការសិក្សាសម្រាប់ឆមាសថ្មី និងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជើងឯកកីឡាវាយកូនបាល់សាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក មុនពេលធ្វើដំណើរមកកម្ពុជាចូលរួមប្រកួតស៊ីហ្គេម២០១៥។
កញ្ញាបាននិយាយថា ៖«ខ្ញុំផ្ដោតសំខាន់លើរឿងពីរសម្រាប់ការវិលទៅអាមេរិកនេះ ទីមួយខ្ញុំចូលរៀន និងទីពីរប្រឹងប្រែងប្រកួត។ រាល់ចុងសប្តាហ៍ ខ្ញុំត្រូវចេញទៅប្រកួតនៅតាមបណ្តាសាកលវិទ្យាល័យនានានៅអាមេរិក ព្រោះខ្ញុំជាកីឡាការិនីតំណាងឲ្យសាកលវិទ្យាល័យ San Francisco»។
Andrea បានបញ្ជាក់ថា ការប្រកួតចាប់ពីខែមករាដល់ខែឧសភា ឆ្នាំ២០១៥ នៅសហរដ្ឋអាមេរិកនេះ ជាឱកាសដ៏ល្អមួយសម្រាប់កញ្ញាត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាពាក់កណ្តាលឆ្នាំ២០១៥ខាងមុខ។
កីឡាការិនីអាយុ២២ឆ្នាំ និយាយពោរពេញដោយអត្ថន័យថា ៖«ខ្ញុំពិតជាមានកិត្តិយសដែលបានតំណាងឲ្យកម្ពុជាលើឆាកអន្តរជាតិ។ អ្វីដែលខ្ញុំចង់បានគឺនាំមេដាយជូនប្រទេសកម្ពុជា»។
នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ Andrea Ka នឹងមកប្រទេសកម្ពុជាមុនពេលធ្វើដំណើរទៅសហរដ្ឋអាមេរិកនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៥។
កីឡាការិនីកើតនៅប្រទេសបារាំងដែលមានឪពុកម្តាយជាខ្មែររៀនជំនាញទីផ្សារនៅសាកល San Francisco ដែលនឹងត្រូវបញ្ចប់ថ្នាក់បរិញ្ញាបត្ររបស់នាងនៅខែឧសភា ឆ្នាំ២០១៦។
កីឡាការិនី Andrea Ka (ពីឆ្វេងទី៤) និងក្រុមកីឡាកម្ពុជានៅកីឡាទ្វីបអាស៊ី កូរ៉េខាងត្បូង
កញ្ញាធ្លាប់បានចូលរួមជាមួយក្រុមកីឡាជម្រើសជាតិកម្ពុជានៅស៊ីហ្គេមប្រទេសឥណ្ឌូណេស៊ី និងកីឡាទ្វីបអាស៊ីនៅប្រទេសកូរ៉េខាងត្បូង។ ទោះជាមិនទទួលបានមេដាយ ប៉ុន្តែកញ្ញាបានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីបណ្ដាប្រទេសផ្សេងៗ៕
Post a Comment