GuidePedia

0
ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់ Martin Odegaard ​ក្នុង​ឈុត Real Madrid B ​ពិត​ជា​ពិសេស​មែន ដោយ​អាច​ជួយ​មិត្ត​រួម​ក្រុម​រក​គ្រាប់​បាល់​បាន​២​គ្រាប់​ក្នុង​ប្រកួត​មិត្តភាព​ជាមួយ Beijing Guoan ​របស់​ប្រទេស​ចិន។ លើស​ពី​នេះ​ទៅ​ទៀត​នោះ យុវជន​វ័យ​១៦​ឆ្នាំ​រូប​នេះ​ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​ដែល​លោក Carlo Ancelotti ​យក​ទៅ​ប្រកួត​ក្នុង​ពាន​រង្វាន់ UEFA Champions League ​ថែម​ទៀត​ផង។


ត្បិត​តែ​ប្រកួត​មិត្តភាព​នេះ ក្រុម​ទាំង​ពីរ​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើ​គ្នា​ ៣-៣ ​មែន ប៉ុន្តែ​កីឡាករ​ Odegaard ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​សមត្ថភាព​លេង​ល្អ​ជាង​គេ ពោល​គឺ​រាល់​ការ​បណ្ដើរ​បាល់​របស់​គេ ​ត្រូវ​បាន​ខ្សែ​ការពារ​ក្រុម Beijing Guoan ​បិទ​ ៣-៤​ នាក់​ឯ​ណោះ។ មួយ​វិញ​ទៀត​អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ រូបគេ​ជា​អ្នក​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន​២​គ្រាប់​ផង​ដែរ។ ក្រោយ​ការ​ប្រកួត​ចប់ លោក Carlo Ancelotti ​ក៏​បាន​ប្រកាស​ដោយ​ផ្ទាល់​តែ​ម្ដង​ថា យុវជន​ន័រវែស​រូប​នេះ​នឹង​ត្រូវ​បាន​ជាប់​ឈ្មោះ​ទៅ​លេង​ពាន​រង្វាន់ UEFA Champions League ​ជាមួយ​ឈុត​ធំ​តែ​ម្ដង ​ពេល​ប៉ះ Schalke ​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ​ថ្ងៃ​ទី​១៨​ ខាង​មុខ​នេះ។


ខ្សែ​បម្រើ​វ័យ​ក្មេង​រូប​នេះ​នឹង​ត្រូវ​ពាក់​អាវ​លេខ​២១ ហើយ​ប្រសិន​បើ​​បាន​ចូល​ប្រកួត​ទៀត​នោះ ​គឺ​មាន​ន័យ​ថា​អាច​បំបែក​កំណត់ត្រា​កីឡាករ​វ័យ​ក្មេង​ជាង​គេ​ដែល​អាច​ឈាន​ជើង​ចូល​លេង​ពាន​រង្វាន់​ធំ​ជាង​គេ​នៅ​ទ្វីប​អឺរ៉ុប​នេះ​​។ កីឡាករ​ដែល​កាន់​កាប់​កំណត់​ត្រា​នេះ​គឺ​ Celestine Babayaro ​ដែល​អាច​ចូល​លេង​ត្រឹម​វ័យ​១៦​ឆ្នាំ​ ៨៧​ថ្ងៃ (លេង​នៅ​ក្រុម Anderlecht ) ​ចំណែក​ឯ Martin Odegaard ​វិញ​គិត​ត្រឹម​ថ្ងៃ​ Real Madrid ​ប្រកួត​នោះ​គឺ​មាន​អាយុ​១៦​ឆ្នាំ ​៣០​ថ្ងៃ​ប៉ុណ្ណោះ ៕

Post a Comment

 
Top