ក្របខ័ណ្ឌ English Premier League របស់អង់គ្លេស ជាលីកកំពូលមួយដែលមានប្រជាប្រិយភាពបំផុតនាពេលបច្ចុប្បន្ននេះ។ មានកីឡាករល្បីៗជាច្រើនបាន និងកំពុងលេងក្នុងលីកនេះ ប៉ុន្តែក្នុងនោះក៏មានកីឡាករដែលសំបូរទៅដោយរឿងអាស្រូវមិនល្អផងដែរ។ ជាក់ស្ដែងកីឡាករ១០នាក់ខាងក្រោមនេះ ត្រូវបានគេចាត់ទុកថាជាកីឡាករដែលមានប្រវត្តិអាក្រក់ជាងគេប្រចាំ Premier League៖
១០. ខ្សែការពារ Richard Dunne
Richard Dunne បានលេងនៅឈុតធំតាំងពីឆ្នាំ១៩៩៦មកម្ល៉េះជាមួយក្លិប Everton ប៉ុន្តែមិនបានបង្កើតប្រវត្តិសាស្ត្រល្អនោះទេ បែរជាមានឈ្មោះជាកីឡាករលេងអាក្រក់ជាងគេទៅវិញ។ បុរសវ័យ៣៥ឆ្នាំរូបនេះមានឈ្មោះជាកីឡាករដែលធ្វើឱ្យចូលទីខ្លួនឯង (Own Goal) ច្រើនជាងគេ ហើយក៏ជាកីឡាករដែលទទួលបានកាតលឿង និងក្រហមច្រើនផងដែរ។ Dunne តាំងពីចេះលេងបាល់មកបានទទួលកាតក្រហមមិនតិចជាង៨ដង និងកាតលឿងវិញលើសពី៧០ដង។ បច្ចុប្បន្នអតីតប្រធានក្រុម Manchester City រូបនេះ លេងនៅក្លិប Queens Park Rangers ។
៩. ខ្សែប្រយុទ្ធ Kevin Davies
នៅ Premier League គ្មានកីឡាករណាមានកំហុសច្រើនដូច Kevin Davies នោះទេ។ អតីតប្រធានក្រុម Bolton រូបនេះធ្លាប់បានទទួលកាតលឿងរហូតដល់ទៅ៩៩ដងមកហើយ ក្នុងនាមជាខ្សែប្រយុទ្ធលេងកាចជាងគេ។ បុរសវ័យ៣៧ឆ្នាំរូបនេះ បច្ចុប្បន្នលេងនៅក្លិប Preston North End ។
៨. ខ្សែបម្រើ Patrick Vieira
Patrick Vieira ជាខ្សែបម្រើដែលបានជួយ Arsenal បានច្រើនអំឡុងឆ្នាំ១៩៩៦-២០០៥ ប៉ុន្តែទន្ទឹមនឹងមានសមត្ថភាពនេះដែរ អតីតខ្សែបម្រើជម្រើសជាតិបារាំងរូបនេះក៏ធ្លាប់ទទួលការពិន័យរហូតដល់ទៅ៨ប្រកួតផងដែរ។ បុរសវ័យ៣៨ឆ្នាំរូបនេះសត្រូវស៊ីសាច់ហុតឈាមជាមួយ Roy Keane របស់ Manchester United ។
៧. ខ្សែបម្រើ Pual Scholes
Paul Scholes ត្បិតតែជាកីឡាករល្អរបស់ Manchester United ប៉ុន្តែរូបគេក៏មានប្រវត្តិអាក្រក់ផងដែរនៅក្នុងអាជីព។ អតីតខ្សែបម្រើវ័យ៤០ឆ្នាំរូបនេះ បង្កកំហុសភាគច្រើន គឺទាត់ជើងគូប្រកួត។
៦. ខ្សែបម្រើ Lee Bowyer
Lee Bowyer លេងប៉ះគ្នាជាមួយកីឡាករក្រុមផ្សេងនោះ គឺមិនសូវជាមានប៉ុន្មាននោះទេ ប៉ុន្តែរូបគេបង្កកំហុសខ្លាំងដោយវ៉ៃគ្នាជាមួយមិត្តរួមក្រុមតែម្ដង។ នៅឆ្នាំ២០០៥ អតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះបានវ៉ៃគ្នាជាមួយមិត្តរួមក្រុមម្នាក់ឈ្មោះ Kieron Dyer ពេលលេងនៅក្លិប Newcastle United ។
៥. ខ្សែប្រយុទ្ធ Duncan Ferguson
បើនិយាយពីខ្សែប្រយុទ្ធចិត្តឆាវជាងគេ គឺមានតែ Duncan Ferguson នេះហើយ ព្រោះឱ្យតែមាននរណាហ៊ានប៉ះបន្តិចដឹងតែមានរឿងហើយ។ នេះជាមូលហេតុដែលធ្វើឱ្យរូបគេត្រូវបានចាប់ឈ្មោះនៅក្នុងបញ្ជីកីឡាករលេងអាក្រក់ជាងគេនេះ។
៤. ខ្សែបម្រើ Vinnie Jones
Vinnie Jones ជាកីឡាករលេងខូចជាងគេ ហើយក៏ជាប់ឈ្មោះជាកីឡាករដែលត្រូវបានគេពិន័យលឿនជាងគេដែរនៅក្របខ័ណ្ឌ FA Cup ពោលគឺត្រឹមតែ៣វិនាទីប៉ុណ្ណោះ ត្រូវបានអាជ្ញាកណ្ដាលបណ្ដេញចេញពីទីលានទៅហើយ។ ខណៈដែលកាលនោះ ខ្សែបម្រើរូបនេះលេងនៅ Chelsea ហើយក៏ត្រូវ FA ពិន័យជាប្រាក់២០ ០០០ផោនផងដែរពីបទបង្កកំហុសចេតនា។ សរុបជារួម រូបគេទទួលបានកាតក្រហម៦ដងនៅ Premier League ហើយ៦ដងទៀតនៅពេលលេងនៅក្លិបក្រៅពីអង់គ្លេស។ បច្ចុប្បន្ននេះ អតីតកីឡាករជម្រើសជាតិវែលរូបនេះមានអាយុ៥០ឆ្នាំទៅហើយ។
៣. ខ្សែបម្រើ Roy Keane
អ្នកណាក៏ដឹងដែរថា Roy Keane ជាកីឡាករកាចណាស់ ហើយក៏ជាប្រធានក្រុមល្អម្នាក់ដែរ។ ទោះជាកីឡាកររូបនេះលេងល្អមែន ប៉ុន្តែដោយសារទង្វើរបស់គេធ្វើអាក្រក់មើលខ្លាំងពេក ទើបធ្វើឱ្យមានអ្នកគាំទ្រជាច្រើនស្អប់។ យ៉ាងណាមិញ បុរសវ័យ៤៣ឆ្នាំរូបនេះក៏ធ្វើឱ្យអ្នកគាំទ្រ Man Utd មួយចំនួនមិនភ្លេចពីទេពកោសល្យរបស់គេដែរ ព្រោះបានជួយបិសាចក្រហមលើកពាន Premier League បាន៧ដង ។
២. ខ្សែការពារ Ben Thatcher
Roy Keane ជាមនុស្សកាច ប៉ុន្តែបើនិយាយពី Ben Thatcher វិញគឺកាចជាងនេះរយដងឯណោះ ព្រោះធ្លាប់បានទៅប៉ះទង្គិចកីឡាករម្នាក់រហូតដល់ទៅដេកពេទ្យ។ រឿងរ៉ាវវ៉ៃគេឱ្យដេកពេទ្យនេះកើតឡើង អំឡុងពេល Thatcher លេងនៅក្លិប Manchester City ហើយពេលនោះខ្សែការពាររូបនេះបានរត់ទៅបុកកីឡាករ Mendes ដោយកម្រោលតែម្ដង។
១. ខ្សែបម្រើស្លាប El Hadji Diouf
កីឡាករដែលមានគេស្អប់ច្រើនជាងគេនៅអង់គ្លេស គឺខ្សែបម្រើស្លាប El Hadji Diouf នេះហើយ ព្រោះទាំងអ្នកគាំទ្រ និងកីឡាករបាល់ទាត់ស្អប់ភាគច្រើនស្អប់គេ។ ត្បិតតែធ្លាប់ទទួលកាតក្រហមតែម្ដងមែន ប៉ុន្តែអតីតកីឡាករ Liverpool រូបនេះ ត្រូវបានគេចាត់ទុកថាមានចរិកអាក្រក់ណាស់ទាំងនៅក្នុងទីលាន និងក្រៅទីលាន។
យ៉ាងណាក្ដី នេះគ្រាន់តែជាការចាត់ថ្នាក់របស់គេហទំព័រ Sports Keed ប៉ុណ្ណោះ ចុះចំណែកប្រិយមិត្តវិញយល់យ៉ាងណាដែរ?
Subscribe to:
Post Comments (Atom)
Post a Comment