ទីបំផុតអ្នកចាំទី ស៊ូ យ៉ាទី ដែលទទួលបានងារ ពីអ្នកគាំទ្រថា ជាកំពូលអ្នកចាំទី ស្រុកខ្មែរ ក្នុងរជ្ជកាលនេះ គឺបានចាកចេញពី ក្លឹបភ្នំពេញក្រោន ជាផ្លូវការហើយ ហើយបានសម្រេចចិត្ត ជ្រើសរើសយកក្លឹប បឹងកេតអង្គរ ដែលជាក្លឹបអ្នកមាន ក្នុងស្រុកធ្វើជាទ្រនំថ្មី របស់ខ្លួន ។ នេះបើយោងតាមប្រភពព័ត៌មាន នៅលើគេហទំព័រ Facebook ផ្លូវការរបស់ក្លឹបភ្នំ ពេញក្រោន និងក្លឹបបឹងកេតអង្គរ ។
ការចាកចេញនេះបានទទួលការគាំទ្រ យ៉ាងពេញទំហឹង ពីទស្សនិក ដែលនិយមគាំទ្រ វិស័យកីឡាបាល់ទាត់ជាតិ ។ ប៉ុន្ដែ មុននឹងចាកចេញមករួមរស់ ជាមួយក្លឹបបឹងកេតអង្គរ ស៊ូ យ៉ាទី គឺបានជាប់ពិន័យពីក្លឹបចាស់ ភ្នំពេញក្រោន មិនឲ្យចូលរួម លេងក្នុងពានរង្វាន់បាល់ទាត់ សម្ដេចតេជោ ហ៊ុន សែន រហូតដល់ចប់រដូវកាល ។
នេះគឺដំណឹងល្អ និងដំណឹងខកចិត្ត ក្នុងពេលតែមួយ សម្រាប់ក្លឹបបឹងកេតអង្គរ ដែលទទួលបានអ្នកចាំទី ដ៏មានស្នាដៃម្នាក់ គឺកីឡាករ ស៊ូ យ៉ាទី ប៉ុន្ដែក៏ស្របពេល ជាមួយនឹង ការចាកចេញរបស់ គ្រូបង្វឹកជនជាតិអូស្ដ្រាលី លោក John Mcglynn ដែលជាអតីតជំនួយការ ធ្លាប់ជួយក្លឹបភ្នំពេញក្រោន ឲ្យលើកពាន League កំពូលកម្ពុជាកាលពីរដូវកាល មុនផងដែរ ។
ប្រភពព័ត៌មាននៅលើ Facebook របស់ក្លឹបភ្នំពេញក្រោន បានឲ្យដឹងថា ស៊ូ យ៉ាទី គឺជាអ្នកចាំទី ដ៏ល្អដែលបានជួយក្លឹប ឲ្យលើកពានរង្វាន់ លីកកំពូលកម្ពុជា កាលពីរដូវកាលមុន ប៉ុន្ដែក្លឹបបានត្រឹម សោកស្ដាយប៉ុណ្ណោះ ចំពោះការចាកចេញនេះ ព្រោះក្លឹបមិនមាន សិទ្ធិរារាំងឡើយ ។ ដូច្នេះហើយភ្នំពេញក្រោន ក៏សម្រេចចិត្តលក់ ស៊ូ យ៉ាទីទៅឲ្យក្លឹបបឹងកេតអង្គរ ក្នុងតម្លៃព្រមព្រៀងមួយ (មិនបញ្ជាក់) ។
គួរបញ្ជាក់ថា អ្នកចាំទីដៃស្អិត ស៊ូ យ៉ាទី មុនមករួមរស់ ជាមួយក្លឹបជើងឯក លីកកំពូលកម្ពុជា ៥សម័យកាលភ្នំពេញក្រោន កាលពីឆ្នាំ ២០១៣កន្លងទៅនោះ
យ៉ាទី ធ្លាប់លេងឲ្យក្លឹបក្រសួងការពារជាតិ អស់រយៈពេល ៥ឆ្នាំមកហើយ ហើយ សម្រាប់រដូវកាលថ្មី ឆ្នាំ២០១៥នេះ យ៉ាទី ក៏ចាកចេញពីក្លឹបភ្នំពេញក្រោន ទៅលេងឲ្យក្លឹប បឹងកេតអង្គរវិញ ។
ស៊ូ យ៉ាទី គឺជាកីឡាករចុងក្រោយហើយ ក្នុងចំណោមកីឡាករទាំង ៤នាក់ ដែលត្រូវបានក្លឹបភ្នំពេញក្រោន ពិន័យមិនឲ្យ ចូលប្រកួតពានរង្វាន់ Hun Sen-Cup ឆ្នាំ២០១៥នេះ ដែលចាកចេញពីក្លឹប ភ្នំពេញក្រោន ក្រោយគេ ។ រីឯកីឡាករ ៣នាក់ទៀតនោះ រួមមានកីឡាករ ហុង ផេង ចេញមុនទៅលេងឲ្យ ក្លឹបបឹងកេតដូចគ្នា ប៉ុន្ដែកីឡាករខ្សែប្រយុទ្ធ ល្បីឈ្មោះ ឃឹម បូរី និងកីឡាករ គួច សុកុម្ភៈ គឺបានផ្លាស់ទៅលេងឲ្យ ក្លឹបណាហ្គាវើល ៕
Post a Comment