រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់ជាលក្ខណៈមិត្តភាពអន្តរជាតិក្រោមការឧបត្ថម្ភពីក្រុមហ៊ុនស្រាបៀរ Ganzburg នៅលើសង្វៀនទូរទស្សន៍រាជធានីភ្នំពេញបុ៉ស្តិ៍លេខ៣ នាថ្ងៃអាទិត្យ ទី៨ កុម្ភៈ មានចំនួន២គូ និង៣គូផ្សេងទៀតជាការប្រកួតលក្ខណៈមិត្តភាពរវាងកីឡាករកម្ពុជា និងកម្ពុជា ។
សម្រាប់គូប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិវិញនោះមានកីឡាករឡុង សុភី មកពីក្លិបសាលវ័ន្តកីឡា ប្រកួតជាមួយកីឡាកររុស្ស៊ី Mario Vidolov Todorov ក្នុងប្រភេទទម្ងន់៦៤គីឡូក្រាម និងកីឡាករឈាន ហុង មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ប្រកួតជាមួយកីឡាករថៃ Vachira Wongpakcham ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ ឡុង សុភី គឺជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលមានប្រវត្តិប្រកួតនៅលើសង្វៀនមិនក្រោម១០០ដងឡើយ និងធ្លាប់គ្រប់គ្រងតំណែងជាម្ចាស់ខ្សែក្រវាត់បានច្រើនជាងគេបំផុតក្នុងចំណោមអ្នកប្រដាល់ជើងចាស់ដូចគ្នា ។ បុ៉ន្តែមួយរយៈមកនេះ ឡុង សុភី មិនសូវលេចធ្លោដូចមុនឡើយ ហើយសម្រាប់ការមកជួបជាមួយកីឡាកររុស្ស៊ីលើកនេះ គេកំពុងតែទន្ទឹងរង់ចាំមើលថា តើកីឡាករជើងខ្លាំងរូបនេះអាចបំបាក់បានឬអត់ ។
ចំណែកអ្នកប្រដាល់រុស្ស៊ីអត់មានអ្នកណាស្គាល់ពីប្រវត្តិប្រកួតច្បាស់លាស់ឡើយ ។ លោកទី រ៉ាណាត អ្នកគ្រប់គ្រងកម្មវិធីប្រកួតប្រដាល់ប្រចាំស្ថានីយទូរទស្សន៍រាជធានីភ្នំពេញបុ៉ស្តិ៍លេខ៣ បានត្រឹមតែប្រាប់ថា Todorov គឺជាជើងខ្លាំងមួយរូបដែលធ្លាប់ផ្តួលគូប្រកួតឱ្យចាញ់នៅក្រោមកណ្តាប់ដៃរបស់គេមិនតិចនាក់ទេ ទើបគេហ៊ានមកប្រកួតជាមួយ ឡុង សុភី ដែលជាជើងខ្លាំងរបស់កម្ពុជានោះ ខណៈពីមុនមកគេមិនធ្លាប់មកប្រកួតនៅស្រុកខ្មែរសូម្បីតែម្តង។ ចាំមើល តើអ្នកប្រដាល់រុស្ស៊ីរូបនេះមានសមត្ថភាពបុ៉នណាបានជាថ្លើមធំហ៊ានមកវាយជាមួយ ឡុង សុភី បែបនេះ ។ ឈាន ហុង ដែលត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃលើកនេះ គឺអត់មានអ្នកណាហ៊ានទស្សន៍ទាយលទ្ធផលទុកមុនទេ ដោយសារគេមិនដឹងពីប្រវត្តិកីឡាករថៃច្បាស់លាស់ ។
សម្រាប់ ឈាន ហុង បើគិតមកទល់នឹងពេលនេះ គេធ្លាប់ឡើងសង្វៀនប្រកួតបានចំនួន៦០ដងរួចមកហើយ និងធ្លាប់ប្រកួតជាមួយកីឡាករបរទេសរាប់ភ្លេចទាំងសង្វៀនក្នុងស្រុក និងក្រៅស្រុក ។ ដូច្នេះការមកប៉ះជាមួយកីឡាករថៃលើកនេះ គឺជារឿងធម្មតា គ្មានអ្វីត្រូវព្រួយបារម្ភសោះ ទោះបីយ៉ាងណា មានការព្យាករថា ឈាន ហុង នឹងជួបការលំបាកមិនខាន ព្រោះកីឡាករថៃត្រូវបានលោកទី រ៉ាណាត អះអាងថា ក៏ជាជើងខ្លាំងមួយរូបនៅស្រុកថៃដែរ ។ យ៉ាងណាក៏ដោយ សម្រាប់អ្នកនិយមទស្សនាកីឡាប្រដាល់ភាគច្រើននៅតែមានជំនឿចិត្តលើ ឈាន ហុង ថា នឹងអាចយកឈ្នះកីឡាករថៃក្នុងភាគរយច្រើន។ ចំណែកគូប្រកួតធម្មតាវិញ មានកីឡាករថៃ រិទ្ធ មកពីក្លិបបុរីនាគរាជមានរិទ្ធ ប្រកួតជាមួយកីឡាករឆៃ សារ៉ា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ។
កីឡាករថៃ សារ៉ាក់ មកពីក្លិបកងទ័ពជើងទឹក ប្រកួតជាមួយកីឡាករញ៉ោ ពិសិដ្ឋ មកពីក្លិបអេភូថងកីឡា និងកីឡាករសេន វណ្ណេត មកពីក្លិបតាព្រហ្មមានជ័យ ប្រកួតជាមួយកីឡាករធូ សេនថៃ មកពីក្លិបខ្លារខិនមានឫទ្ធិ ៕
Subscribe to:
Post Comments (Atom)
Post a Comment