ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាចាប់ប្រមូលផ្ដុំរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី ២ ដល់ ៦ ដើមខែកុម្ភៈ នេះនៅទីលានបាល់ទាត់មជ្ឍមណ្ឌល និង សាលាបាល់ទាត់ជាតិទន្លេបាទី ក្នុងស្រុកបាទី ខេត្តតាកែវ ដើម្បីត្រៀមចេញទៅប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជើងខ្លាំងមកពីលីកលំដាប់ទី៣ របស់ប្រទេសកូរ៉េខាងត្បូង Hwaseong FC នៅថ្ងៃទី ៧ កុម្ភៈ ខាងមុខ នៅកីឡដ្ឋានខេត្តស្វាយរៀង។
គំរូសំបុត្រចូលរួមទស្សនា
យោងតាមលោក ឆាំង ពិសិដ្ឋ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិ បានប្រាប់ Sabay ថា កីឡាករដែលកោះហៅឱ្យចូលក្រុមជម្រើសជាតិសម្រាប់ប្រកួតមិត្តភាពអន្តរជាតិនេះមានចំនួន ៣១ នាក់មកពីក្លិបចំនួន ៨ ជាសមាជិកនៅក្នុងលីកកំពូលកម្ពុជា។ លោកថាការប្រមូលផ្ដុំនេះមិនផ្ដោតទៅលើជម្រើសជាតិឈុតធំ, U-22 ឬ U-23 នោះទេ តែជាដាក់បញ្ចូលគ្នាដើម្បីប្រកួតមិត្តភាពលើកនេះប៉ុណ្ណោះ។
សម្រាប់កម្មវិធីដែលត្រូវប្រកួតជាផ្លូវការ ក្រុមជម្រើសជាតិកម្ពុជា ត្រៀមចូលរួមជម្រុះជុំដំបូងក្នុងតំបន់នៃពានរង្វាន់ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី នាខែ មីនា។ ចំណែកឈុត U-22 ត្រូវប្រកួតវគ្គជម្រុះតាមពូលនៃពានរង្វាន់ 2016 AFC U-23 Championship និង ឈុត U23 ចូលរួមពានស៊ីហ្គេម២០១៥ នៅសិង្ហបុរី ជាដើម។
លោកអ្នកចាត់ការក្រុមបានបន្ថែមថាអ្នកមានឈ្មោះទាំង ៣១ នាក់នេះមិនប្រាកដថាឈ្មោះក្នុងក្រុមជម្រើសជាតិទាំងអស់នោះទេ ព្រោះលោកគ្រូបង្វឹក Lee Tea Hoon បានត្រៀមឈ្មោះកីឡាករជំហានដំបូងប្រមាណជា ៥០ នាក់មុនវគ្គជម្រុះ FIFA World Cup 2018 មកដល់ ប៉ុន្ដែភាគច្រើននៃពួកគេមានឈ្មោះក្នុងបញ្ជីនោះដែរ។
បញ្ជីឈ្មោះក្រុមកម្ពុជា កំពុងតែប្រមូលផ្ដុំ
ក្រុមជម្រើសជាតិ ត្រូវចេញទៅប្រកួតខេត្តស្វាយរៀង នៅរសៀលថ្ងៃទី ៦ កុម្ភៈ ពោលគឺ១ ថ្ងៃមុនការប្រកួតជាមួយក្រុម Hwaseong FC មកដល់។ ក្រុមទាំង ២ត្រូវប៉ះគ្នានៅម៉ោង ៥:៣០ នាទីល្ងាចថ្ងៃទី ៧ ខែ កុម្ភៈ នៅកីឡដ្ឋានខេត្តស្វាយរៀង ព្រមទាំងមានផ្សាយផ្ទាល់តាមប៉ុស្ដិ៍ BTV ផងដែរ។ បើតាមប្រភពពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រាប់តម្លៃសំបុត្រចូលទស្សនា ១ សន្លឹក ២០០០ រៀលសម្រាប់កន្លែងមានកៅអីអង្គុយ និង តម្លៃ ៥០០ រៀលសម្រាប់អ្នកឈរទស្សនា៕
Post a Comment