GuidePedia

0
ខ្លា​ចាស់​ ឡៅ ស៊ីណាត​ ចង់​​ផ្ដួល​អ្នក​ប្រដាល់​ជើង​ចាស់​ជនជាតិ​ថៃ Pirabkao ​ជា​បេក្ខភាព​ដណ្ដើម​ខ្សែ​ក្រវាត់ ខារ៉ាបាវ ឲ្យ​បាន​នៅ​ល្ងាច​​ថ្ងៃ​​ស្អែក​លើ​សង្វៀន​ប្រដាល់​បាយ័ន​ស្ទឹងមានជ័យ​ លើ​​ប្រភេទ​ទម្ងន់​ ៦៩ គីឡូក្រាម​ ស្រប​ពេល​​អ្នក​លេង​កណ្ដាប់​ដៃ​គ្មាន​មេត្តា​រូប​​នេះ​មិន​មាន​ឈ្មោះ​​ក្នុង​​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​អម​ទឹក​ប្រាក់​ ១ ម៉ឺន​ដុល្លារ​នា​ដើម​​ខែ​ មិនា​ខាង​មុខ​ឡើយ។


ជើង​ចាស់ ឡៅ​ ស៊ីណាត​ សង្កត់​ធ្ងន់​ថា​​៖ «​បើ​ផ្ដួល​​បាន​ខ្ញុំ​ចង់​​វាយ​​កីឡាករ​ថៃ​ ​ឲ្យ​សន្លប់​ក្នុង​ទឹក​ណាមួយ​ដើម្បី​បញ្ជក់​ថា​ខ្ញុំ​មិនមែន​អ្នក​ដណ្ដើម​ខ្សែក្រវាត់​តែ​​ខ្ញុំ​មាន​សមត្ថភាព​ដែរ​​​​ដូច​គេ​ដែរ»។ អ្នក​ប្រដាល់​កំពូល​ល្បិច​កំពុង​តែ​បង្កើន​ការ​ហ្វឹកហាត់​ ដោយ​បែងចែក​​ពេល​វេលា​ទាំង​ព្រឹក និង ល្ងាច​ដើម្បី​ត្រៀម​ប្រកួត​ក្នុង​​មិត្តភាព​អន្តរជាតិ​នេះ។

អ៊ុង វីរៈ និង ព្រំ សំណាង ជា​ដៃ​គូ​ហ្វឹកហាត់​រួម​គ្នា​ក្នុង​ក្លិប​ប្រដាល់​​កង​ពល​តូច​ឆត្រយោង ៩១១ ដើម្បី​បង្កើន​​បច្ចេកទេស​ដល់​ ឡៅ ស៊ីណាត ត្រៀម​​ប្រយុទ្ធ​ឱ្យ​ចំ​ចំណុច​ខ្សោយ​របស់​ដៃ​គូ​ប្រកួត និង បន្ថែម​ចំណុច​ខ្លាំង​ក្នុង​ខ្លួន។

២ ប្រកួត​ចុង​ក្រោយ​របស់ ឡៅ ស៊ីណាត​ សុទ្ធ​តែ​ធ្វើ​បាន​ល្អ​ដោយ​បាន​យក​ឈ្នះ​កូន​នាគ​ វង្ស ណយ​​ ត្រឹម​​ទឹក​ទី​ ២ នៅ​​បាយ័ន​រោង​សៀក និង​​បន្ត​​យក​ឈ្នះ អ្នក​ប្រដាល់​មកពី​អាមេរិក​ ត្រឹម​ទឹក​ទី​ ៣ ដោយ​ប្រើ​មួយ​កែង​មុត​ស្រួច​របស់​ខ្លួន​​ នៅ​​សង្វៀន​ប៉ុស្តិ៍​លេខ ៣ (TV3) ផង​ដែរ​។

ចំណែក កីឡាករ Pirabkao ជា​បេក្ខភាព​ម្នាក់​ក្នុង​ចំណោម ៨ នាក់ ដែលត្រូវ​ឡើង​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់ ខារ៉ាបាវ លើ​សង្វៀន​បាយ័ន ដែល​មាន​ទឹក​ប្រាក់ ១ ម៉ឺន​ដុល្លារ នៅ​ដើម​ខែ​មីនា ខាង​មុខ ជាមួយ​កីឡាករ ខ្មែរ វង្ស ណយ, ម៉ីន​ សុភា, កែវ រំចង់​, ឡុង សុភី រួម​ទាំង​កីឡាករ ថៃ ៤ នាក់​ផ្សេង​ទៀត មាន Tilek Pithak ,Sareung Lukchampachai និង Singha Thorngnoy។

ឡៅ ស៊ីណា កាល​ប្រកួត​ជាមួយ​ វង្ស ណយ


យោង​តាម​អ្នក​រៀបចំ​កម្មវិធី​ប្រកួត​នៅ​ប៉ុស្ដិ៍​បាយ័ន ឡៅ ស៊ីណាត មាន​កម្ពស់ ១.៧០ ម៉ែត្រ​ធ្លាប់​ប្រកួត​បាន​ ១១៥ ដង​ឈ្នះ ១០០ ដង​ចាញ់ ១៥ ដង​និង​ផ្ដួល​ដៃ​គូ​​ឲ្យ​សន្លប់​បាន​ ៣៧ ដង។ ចំណែក​អ្នក​ប្រដាល់​ឆ្លង​ដែន​​ថៃ Pirabkao មាន​​កម្ពស់​ ១.៧០ ម៉ែត្រ​ដូច​គ្នា​មាន​ប្រវត្តិ​ប្រកួត​ចំនួន​ ៩០ ដង​ឈ្នះ​ ៧០ ដង​ចាញ់ ២០ ដង​ហើយ​ធ្លាប់​ផ្ដួល​ដៃ​គូ​បាន ២៥ ដង៕

Post a Comment

 
Top