GuidePedia

0
ការ​ប្រកួត​ក្របខ័ណ្ឌ La Liga ​កាល​ពី​យប់​មិញ​នេះ ក្រុម​ម្ចាស់​ផ្ទះ Real Madrid ​យក​ឈ្នះ​ក្រុម Sevilla ​ដោយ​លទ្ធផល ២-១ ប៉ុន្តែ​មិន​បាន​ធ្វើ​ឱ្យ​លោក Carlo Ancelotti ​សប្បាយ​ចិត្ត​នោះ​ទេ ព្រោះ​មាន​កីឡាករ​សំខាន់​២​នាក់​រង​របួស​ គឺ James Rodriguez ​និង​ Sergio Ramos ។


បើក​ការ​ប្រកួត​បាន​ត្រឹម​តែ​៩​នាទី ខ្សែ​ការពារ Sergio Ramos ​ត្រូវ​ដូរ​ចេញ​ ​ដោយ​មាន​បញ្ហា​ត្រង់​សរសៃពួរ​កំភួន​ជើង ហើយ​អ្នក​ដែល​ត្រូវ​ចូល​មក​រ៉ាប់រង​តំបន់​នេះ​គឺ Nacho ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី James Rodriguez ​នៅ​តែ​អាច​រក​គ្រាប់​បាល់​នាំ​មុខ​ឱ្យ​ Real Madrid ​​ដដែល​ ដោយ​បាល់​តែត​នៅ​នាទី​ទី​១២​ ប៉ុន្តែ​លេង​បាន​ត្រឹម​នាទី​២៧​ កីឡាករ​រូប​នេះ​ក៏​​ត្រូវ​ដូរ​ចេញ​ទៀត បន្ទាប់​ពី មាន​បញ្ហា​ត្រង់​កែង​ជើង។ ចំណែក​ឯ​អ្នក​មក​ជំនួស​គឺ​ Jese Rodriguez ​ក៏​អាច​រក​បាន​មួយ​គ្រាប់​ទៀត​ផង​ដែរ ​នៅ​នាទី​ទី​៣៦​ ក្រោយ​ទទួល​បាល់​យ៉ាង​ស្អាត​ពី​ Isco ។ មួយ​គ្រាប់​លួងចិត្ត​របស់​ក្រុម​ភ្ញៀវ Sevilla ​រក​បាន​នៅ​នាទី​ទី​៨០​ដោយ​កីឡាករ Lago Aspas ។


ចប់​ការ​ប្រកួត​នេះ​ដែរ ក្រុម​គ្រូ​ពេទ្យ​បាន​ប្រាប់​ទៅ​លោក Ancelotti ​ថា​របួស​របស់​ James ​គឺ​ត្រូវ​ធ្វើ​ការ​ពិនិត្យ​ឱ្យ​មែន​ទែន​ហើយ​អាច​ឈាន​ដល់​ការ​វះកាត់​ថែម​ទៀត​ផង ខណៈ​ដែល​រយៈ​ពេល​វិញ ​គឺ​អាច​ប្រើ​ពេល​យូរ​ដើម្បី​ព្យាបាល។ ចំណែក​ឯ Ramos ​វិញ​មិន​ជា​ធ្ងន់ធ្ងរ​ប៉ុន្មាន​នោះ​ទេ។ យ៉ាង​ណា​មិញ អ្នក​ចាត់​ការ​សញ្ជាតិ​អ៊ីតាលី​ខាង​លើ​បាន​បញ្ជាក់​ដែរថា ​អ្នក​​ទាំង​ពីរ​នេះ​មិន​អាច​ចូល​លេង​បាន​ទេ​ពេល​ប៉ះ Atletico Madrid ​នៅ​ចុង​សប្ដាហ៍​នេះ ចំណែក​ឯ James Rodriguez ​វិញ ​គឺ​អាច​អវត្តមាន​ក្នុង​ពាន​រង្វាន់ Champions League ​ទៀត​ផង​ពេល​ប៉ះ Shalke ​ទាំង​ពីរ​ជើង (Real ​ប៉ះ Schalke ​នៅ​ថ្ងៃទី១៨​ខែ​នេះ ​និង​ថ្ងៃ​ទី​១០​ខែ​ក្រោយ) ៕

Post a Comment

 
Top