អ្នកចាត់ការក្លិបបឹងកេតអង្គរ និងគ្រូបង្វឹកភ្នំពេញក្រោនបានបញ្ជាក់ពីហេតុផលជុំវិញបរាជ័យនៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៥កាលពីម្សិលមិញ។
លោក បែ មករា អ្នកចាត់ការទូទៅរបស់ បឹងកេតអង្គរ បានប្រាប់ sabay ថា កូនក្រុមរបស់លោកមានកំហុសច្រើនណាស់ដែលជាលទ្ធផលគឺបរាជ័យ ប៉ុន្តែលោកគិតថា កត្តាសំខាន់បំផុតគឺសំណាង។ ក្រុមរបស់លោកធ្វើបានល្អដែរ តែសំណាងគ្មាន ជាពិសេសការទាត់បាល់ពិន័យ ១១ ម៉ែត្ររបស់កីឡាករ កែវ សុខង៉នមិនបានសម្រេច និងការទាត់បាល់ទៅបុកបង្គោលទីជាដើម។
លោកនិយាយទៀតថា ការខកចិត្តនៃភាពគ្មានសំណាងបានធ្វើឲ្យកីឡាករធ្លាក់ទឹកចិត្តខ្លះដែលបណ្តាលឲ្យណាហ្គាវើលអាចសម្រេចបានមួយគ្រាប់មុននៅនាទីទី ៧៥ ដោយកីឡាករ ជិន ជុំ។ មួយគ្រាប់នេះបានធ្វើឲ្យ អ្នកចាត់ការនិងគ្រូបង្វឹកមានប្រតិកម្ម ដូរទម្រង់លេងភ្លាមដោយទុកខ្សែការពារតែ៣រូប ហើយឲ្យកីឡាករឡើងប្រយុទ្ធដើម្បីតាមស្មើ។
លោកបញ្ជាក់ថា ការដូរទម្រង់លេងនេះមិនមែនបង្កើតឱកាសដើម្បីខ្លួនឯងបែរជាបង្កើតឱកាសសម្រាប់ណាហ្គាវើលទៅវិញ ហើយអាចឲ្យ ណាហ្គាវើល រកគ្រាប់បាល់បន្ថែមបាន២គ្រាប់ទៀតដោយ ជិន ជុំ ដដែលនៅនាទី ៨៤ និងមួយគ្រាប់ចុងក្រោយដោយកីឡាករប្រាក់ ចាន់រតនា នៅនាទី ៨៩។
«អ្វីដែលសំខាន់សម្រាប់ការប្រកួតគឺ ទឹកចិត្តកីឡាករនិងសំណាងមិនមែនអ្នកខ្លាំងរង់ចាំតែឈ្នះ ហើយអ្នកខ្សោយរង់ចាំចាញ់នោះទេ។ យ៉ាងណាការបរាជ័យនេះជាបទពិសោធន៍មួយនិងជាការបញ្ជាក់ពីទម្រង់ លេងរបស់ក្រុមទាំងមូលផងដែរ»។ អ្នកចាត់ការខាងលើនិយាយ។
លោកបន្ថែមថា បន្ទាប់ពីបរាជ័យនេះ ក្លិបនឹងមានវិធានការដោះដូរកីឡាករសម្រាប់ទុកត្រៀមរដូវកាលលីកកម្ពុជា។ លោកបានសម្លឹងឃើញនូវចន្លោះប្រហោងរបស់ក្លិបទាំងមូលត្រង់ខ្សែប្រយុទ្ធនិងការពារផងដែរ។
ចំណែកគ្រូបង្វឹកភ្នំពេញក្រោន លោក Sam Schewingruber បានឲ្យដឹងថា បរាជ័យរបស់ភ្នំពេញក្រោនក្រោមថ្វីជើងស្វាយរៀងគឺបណ្តាលមកពីសមាជិកក្រុមរបស់លោកមិនមានជឿជាក់លើខ្លួនឯងនៅលើទីលាន។
លោកបាននិយាយថា ៖«តង់ទីមួយយើងបានស៊ុតរហូតដល់៧ដង តែពួកយើងគ្មានសេចក្តីក្លាហាន មិនបានធ្វើតាមអ្វីដែលយើងប្រាប់ឲ្យពួកគេធ្វើនៅតំបន់គ្រោះថ្នាក់ មានការវាយសម្រុកច្រើន ហើយគ្មានភាពជឿជាក់លើខ្លួនឯងដើម្បីរកគ្រាប់បាល់»។
លោកបានបន្តថា ៖«គ្រាប់ទីមួយ យើងមិនអាចទទួលយកបាន តែនៅតំបន់ជួរមុខ យើងត្រូវតែប្រសើរជាងនេះ។ យើងបានរៀបចំទម្រង់សម្រាប់តង់ទីពីរ យើងមានឱកាសដែរ តែមិនសម្រេច។ គ្រាប់ទីពីរយើងរឹតតែមិនអាចទទួលយកបាន ខ្ញុំខឹងសម្បើមណាស់ផ្នែកការពារ»។
កាលពីម្សិលមិញ បឹងកេតអង្គរត្រូវបានណាហ្គាវើលស៊ីរហូតដល់៣-០ ខណៈភ្នំពេញក្រោនចាញ់ចាស់ដៃដោយលទ្ធផល៤-១ក្រោមថ្វីជើងម្ចាស់ផ្ទះខេត្តស្វាយរៀង៕
Post a Comment