សម្រាប់យុទ្ធនាការ ធំៗចំនួន ២ផ្សេងគ្នា របស់ក្លឹបបាល់ទាត់ ភ្នំពេញក្រោន កាលពីចុងសប្ដាហ៍មុននេះ គឺសុទ្ធតែទទួលរង នូវការបរាជ័យ ដូចគ្នា ក្នុងនោះក្រុមឈុតធំភ្នំពេញក្រោន ត្រូវហាលអាវត្រឹមវគ្គជម្រុះ ៨ក្រុមចុងក្រោយនៃពាន Hun Sen Cup រីឯក្រុមយុវជន U-14ភ្នំពេញក្រោន ត្រូវបានបរាជ័យក្នុងការការពារ តំណែងជើងឯកពានរង្វាន់ Singapore Soccer Sixes នៅប្រទេសសិង្ហបុរី ។
លទ្ធផលនេះ គឺជាការបរាជ័យដ៏ធ្ងន់ធ្ងរ ដែលក្លឹបភ្នំពេញក្រោន បានទទួលក្នុងថ្ងៃតែមួយ ពោលគឺនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៥ ។ សម្រាប់ការហាលអាវរបស់ ក្រុមឈុតធំភ្នំពេញក្រោន គឺក្រោយប្រកួតចាញ់ក្រុមម្ចាស់ផ្ទះខេត្ដស្វាយរៀង ក្នុងលទ្ធផល ៤-១ ។
ចំណែកការប្រកួតការពារ តំណែងជើងឯកពានរង្វាន់ S.S.S របស់ក្រុមយុវជនអាយុក្រោម ១៤ឆ្នាំភ្នំពេញក្រោនវិញ គឺពុំបានសម្រេច ដូចក្ដីបំណង ឡើយ ពោលគឺបានត្រឹមចំណាត់ថ្នាក់លេខ៣ប៉ុណ្ណោះ ។ ប៉ុន្ដែសម្រាប់លទ្ធផលនៃការប្រកួតរបស់ក្រុម U-14ភ្នំពេញក្រោននោះ គឺមិនសូវជាអន់ ណាស់ណាពេកទេ ព្រោះក្នុងការប្រកួតបើកឆាក U-14ភ្នំពេញក្រោន បានបំបាក់ក្រុម Muhamadiyah Welfare របស់ម្ចាស់ផ្ទះសិង្ហបុរី ក្នុងលទ្ធផល ៥-០ឯណោះ ។
ក្នុងការប្រកួតវគ្គជម្រុះបន្ទាប់ U-14ភ្នំពេញក្រោន បានបន្ដលុតក្រុម Bali Sports Foundation មួយប្រកួតទៀត ក្នុងលទ្ធផលបច្ចេកទេស ៦-១ មុននឹងបរាជ័យ ក្រោមថ្វីជើងក្រុម Youth Football Phuket របស់ថៃ ក្នុងលទ្ធផល ២-៤ និងចាញ់ក្រុម Muhamadiyah Welfare របស់ម្ចាស់ផ្ទះ សិង្ហបុរីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ៦-៣ ។ លុះចូលដល់ការប្រកួតដណ្ដើមចំណាក់លេខ៣ និងលេខ៤ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ក្រុម U-14ភ្នំពេញក្រោន បានលុតក្រុម Bali Sports Foundation ក្នុងលទ្ធផល ៣-០ ដើម្បីគ្រងមេដាយសំរិទ្ធតែម្ដង ។
គួរបញ្ជាក់ថា ក្រុម U-14ភ្នំពេញក្រោន ធ្លាប់គ្រងតំណែងជើងឯករង្វាន់ Singapore Soccer Sixes នេះចំនួន ២លើករួចមកហើយ ក្នុងចំណោមការបង្ហាញខ្លួន សរុបចំនួន ៤លើករួមទាំងលើកនេះផងដែរ ពោលគឺកាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៤កន្លងទៅនេះ ហើយសម្រាប់ដំណើរ វិលត្រឡប់មកមាតុភូមិរបស់ក្រុម U-14ភ្នំពេញក្រោន ក្រោយបញ្ចប់យុទ្ធនាការឆ្នាំ២០១៥នេះ បានមកដល់កម្ពុជានៅ ព្រឹកថ្ងៃទី០២ ខែកុម្ភៈនេះ ៕
Post a Comment