ខឹក សុខឿន អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆត្រយោង៩១១ ត្រូវចាន់ គង់រាជអ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យ វាយឲ្យបែកលើចិញ្ចើមឆ្វេងនិងសន្លប់នៅទឹកទី៣ ក្នុងការជួបប្រកួតគ្នាលើសង្វៀន TV3ថ្ងៃទី១ ខែកុម្ភៈនេះ។
ចាន់ គង់រាជ វាយពីរទឹកដំបូង គេគ្រាន់តែចង់ប្រឡែងលេងជាមួយសុខឿនប៉ុណ្ណោះ ពោកគឺគេគ្រាន់តែវាយទៅវាយមកប៉ុណ្ណោះ។ ចូលដល់ទឹកទី៣ ពេលដែលសុខឿនលេងខ្លាំងនិងឈឺនោះ គង់រាជចាប់ផ្តើមមានកំហឹង ហើយបានប្រើកែងវាយបកសងទៅលើសុខឿនវិញ បណ្តាលឲ្យសុខឿនបែកហូរឈាមចិញ្ចើមខាងឆ្វេង និងសន្លប់លែងក្រោកតែម្តង។ ក្រោយបញ្ចប់ការប្រកួតខឹក សុខឿនត្រូវពេទ្យដេរ៤ថ្នេរ។
រិទ្ធ ប្រាក់ប៊ិន អ្នកប្រដាល់ក្លិបកងពលតូចលេខ៧០ដែលធ្លាប់ប្រកួតចាញ់ពិន្ទុគង់ ហ៊ូវក្លិបកងយោធពលខេមរភូមិន្ទទាំងមិនអស់ចិត្តនោះ បានវាយចាញ់កាន់តែធ្ងន់នៅក្នុងការប្រកួតសងសឹក។
នៅទឹកទី ១ ពួកគេទាត់ប្ដូរជើងគ្នាទៅវិញទៅមក ដើម្បីស្ទង់ពីទម្ងន់ជើងគ្នា។ តែមកដល់ទឹកទី ២ដោយដឹងថាលេងជើងមិនអាចទៅរួចជាមួយគង់ ហ៊ូវនោះ ប្រាក់បិន្ដចាប់ផ្ដើមលេងជង្គង់ តែជង្គង់របស់គង់ហ៊ូវល្អជាងនោះ ទោះបីប្រាក់ប៊ិនខំបញ្ចេញជង្គង់យ៉ាងញាប់ក៏ដោយ ក៏គង់ ហ៊ូវមិនខ្វល់ដែរ។ មកដល់ពាក់កណ្ដាលទឹកទី២ គង់ ហ៊ូវបញ្ចេញតែមួយជង្គង់ចំពោះទឹកប្រាក់បិន្ដយ៉ាងពេញទំហឹងធ្វើឲ្យប្រាក់ប៊ិនសន្លប់ក្រោកលែងរួចតែម្ដង។
ហ៊ែល វ៉ា អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡា ដែលប្រកួតឈ្នះរឿង សារ័ត្ន អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆត្រយោង៩១១ដោយពិន្ទុ។ ពួកគេទាំងពីរប្រកួតគ្នា៥ទឹកពេញដែលម្នាក់ៗសុទ្ធតែប្រាថ្នាចង់ឈ្នះរៀងៗខ្លួន។
ប៉ុន្តែក្នុងការប្រកួតប្រាំទឹកនេះ ហ៊ែល វ៉ា គេមានប្រៀបឈ្នះត្រង់គេបានវាយចូលចំគោលដៅល្អច្រើនជាង ដែលធ្វើឲ្យចប់ការប្រកួតឈ្នះសារ័ត្នដោយពិន្ទុ។
បឺត សំរេច អ្នកប្រដាល់ក្លិបសាលវ័ន្ដកីឡា ដែលប្រកួតចាញ់ឡេះ តើក អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សដោយពិន្ទុកាលពីលើកមុននោះ ការឡើងវាយសងសឹកលើកនេះសំរេច នៅតែចាញ់ដោយពិន្ទុដដែល។
សំរេច ចាញ់ ឡេះ តើកដាច់តែម្ដង។ សំរេចដែលអន់ជើងក្រោមនោះ ត្រូវឡេះ តើកទាត់ឲ្យដួលលើសង្វៀនជាញឹកញាប់ចាប់ពីទឹកទី២ ទៅរហូតដល់ទឹកទី៥។ ទោះបីស្ថិតក្នុងស្ថានភាពវេទនា ក៏សំរេចតស៊ូរហូតចប់ទឹកទី ៥គឺសងសឹកមិនបានសម្រេចឡើយ។
ចំពោះការប្រកួតរវាងឡុង សុភ័ស្ស អ្នកប្រដាល់ក្លិបសាលវ័ន្ដកីឡា និងយឹម សារុនអ្នកប្រដាល់ក្លិបកងពលតូចលេខ ៣១ត្រូវបញ្ចប់នៅទឹកទី៤ ដោយគ្មានលទ្ធផល។
ការមិនប្រកាសលទ្ធផលនេះ ដោយសារតែសម្ផស្សសន្លប់ ព្រោះតែសារុនបន្ថែមនៅពេលដែលគេដួលទៅហើយនោះ។
តែទោះជាយ៉ាងណាក៏ពួកគេទាំង២ បានលុយតម្លៃខ្លួនដូចគ្នា គ្រាន់តែសារុនបានលុយក្នុងនាមជាអ្នកចាញ់ ឯ សុភ័ស្សបានលុយក្នុងនាមជាអ្នកឈ្នះ៕
ដោយឡែក ការប្រកួតនៅលើសង្វៀនអប្សរាថ្ងៃទី៣១ ខែមករាវិញ អ្នកប្រដាល់កម្ពុជា ង៉ែត្រ រដ្ឋា ក្លិបតាព្រហ្មមានជ័យ ដែលវាយជាមួយអ្នកប្រដាល់ថៃBack jo kiet kam phonនោះ មិនត្រូវបានគណៈកម្មការប្រកាសលទ្ធផលដែរ ក្រោយពីដេញចុះក្នុងទឹកទី៤នោះ។
ការមិនប្រកាសលទ្ធផលនេះ មិនមែនដោយសារអ្នកប្រដាល់ថៃនោះទេ គឺមកពីអ្នកប្រដាល់ខ្មែរយើងដែលប្រកួតមិនមានភាពប្រក្រតី គឺរដ្ឋាអត់វ៉ៃតែម្តង ដោយបណ្តោយឲ្យថៃវាយរហូតទាល់តែដួលក្នុងទឹក៤នោះ។
ចំណែក អ៊ុង វិរៈ អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆត្រយោង៩១១ វិញ បានប្រកួតឈ្នះអ្នកប្រដាល់ថៃSaree Chhai Luckbrabat ដោយពិន្ទុដាច់តែម្តង។
បឹង កាយ៉ាក អ្នកប្រដាល់សមាគមកីឡាក្រសួងកសិកម្ម បានយកឈ្នះសោម វិឆ័យ អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡាដោយពិន្ទុដាច់ដែរ បន្ទាប់ពីប្រកួតគ្នាប្រាំទឹកពេញនោះ។ អ្នកប្រដាល់សែន រ៉ាដេត សមាគមកីឡាក្រសួងកសិកម្មដែរនោះ បានចាញ់ឡុង បញ្ញា អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡាក្នុងទឹកទី៣ ក្រោយពីរូបគេបានវាយថែមទៅលើបញ្ញានោះ៕
Subscribe to:
Post Comments (Atom)
Post a Comment