GuidePedia

0
ក្រុមម្ចាស់ផ្ទះខេត្តស្វាយរៀង និងក្រុមណាហ្គាវើល បានដណ្ដើមកៅអីវគ្គ ១/២ ផ្ដាច់ព្រ័ត្រយ៉ាងងាយ ក្រោយទម្លាប់ក្រុមលំដាប់ League កំពូលកម្ពុជា គឺក្រុមភ្នំពេញក្រោន និងក្រុមបឹងកេតអង្គរ ជាមួយនឹងលទ្ធផលចាញ់យ៉ាងចាស់ដៃតែម្ដង ក្នុងវគ្គជម្រុះ ៨ក្រុមចុងក្រោយនៃពានរង្វាន់ Hun Sen-Cup នៅលើកីឡដ្ឋានខេត្តស្វាយរៀង នាព្រលប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៥ ។


លទ្ធផលពីខេត្តស្វាយរៀង ដែលបានធ្វើឲ្យអ្នកស្នេហាវិស័យកីឡាបាល់ទាត់ជាតិមានការភ្ញាក់ផ្អើលនោះ គឺក្រុមបាល់ទាត់ណាហ្គាវើល បានបំបាក់ក្រុមបឹងកេតអង្គរ មិនឲ្យតដៃរួចឡើយក្នុងលទ្ធផលបច្ចេកទេស ៣-០ ឯណោះ ដែលធ្វើសម្រេចបានដោយកីឡាករ ជិន ជុំ ចំនួន ២គ្រាប់នៅនាទី៧៥ និង៨៤ ខណៈកីឡាករ ប្រាក់ ចាន់រតនា បានបន្ថែម១គ្រាប់ទៀត មុននឹងកញ្ចែអាជ្ញាកណ្ដាលផ្លុំបញ្ចប់ការប្រកួត ។

ចំណែកក្រុមខេត្តស្វាយរៀង បានបំបាក់ក្រុមជើងឯក ៥សម័យកាលនៃលីកកំពូលកម្ពុជា គឺក្រុមភ្នំពេញក្រោន ដោយលទ្ធផលបច្ចេកទេស ៤-១ ។ តង់ទី១ ប្រធានក្រុមរបស់ស្វាយរៀង កីឡាករ ប្រាក់ មុន្នីឧត្តម បានទាត់បាល់បំបែកពងមាន់ ១គ្រាប់នៅនាទី២៦ ។

ចូលតង់ទី២ ភ្នំពេញក្រោន បានដាក់គំនាបមកលើក្រុមម្ចាស់ផ្ទះនៅដើមតង់យ៉ាងខ្លាំង ប៉ុន្ដែឱកាសនៃការស៊ុតជាច្រើនលើកច្រើនសា ពុំបានសម្រេចឡើយ ផ្ទុយទៅវិញ បែរជាត្រូវកីឡាករ ប្រាក់ មុន្នីឧត្តម, ណុប តុលា និងកីឡាករ ផានី អ៊ីរដ្ឋា បន្ថែម៣គ្រាប់ទៀតឲ្យស្វាយរៀង ខណៈភ្នំពេញក្រោន រកបានតែ ១គ្រាប់ប៉ុណ្ណោះនៅចុងម៉ោង ដោយកីឡាករ ពុំ តុលា ។ ចប់ការប្រកួតពេញម៉ោង ក្រុមម្ចាស់ផ្ទះ គឺជាអ្នកឈ្នះក្នុងលទ្ធផល ៤-១ តែម្ដង ។


គួរបញ្ជាក់ថា ជ័យជំនះនេះ គឺជាឱកាសសម្រាប់ក្រុមណាហ្គាវើល និងក្រុមខេត្តស្វាយរៀង ត្រូវបន្ដឡើងទៅប្រកួតវគ្គពាក់កណ្ដាល (វគ្គ១/២) ផ្ដាច់ព្រ័ត្រជាមួយនឹងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមត្រាយអាស៊ី នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ខាងខាងមុខនេះ ដើម្បីប្រជែងដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រ ។ រីឯក្រុមភ្នំពេញក្រោន និងបឹងកេតអង្គរ បានត្រឹមសោកស្ដាយ និងធ្វើឲ្យអ្នកគាំទ្រខ្លួនខកចិត្តប៉ុណ្ណោះ ៕

Post a Comment

 
Top