ព្រឹត្តិការណ៍ប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់លីអូទម្ងន់៦០គីឡូក្រាម នៅលើសង្វៀនរោងសៀកមុខរដ្ឋសភា នៅថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ជាការប្រកួតជម្រុះជុំទី២ សប្ដាហ៍ទី៤ ។ ជុំទី២នេះ មានចំនួន២គូ ដែលជាការប្រកួតរវាង ឈឿន ឆៃដែន អ្នកប្រដាល់ក្លិបនិរោធមានជ័យ និង សល់ ពិសិដ្ឋ អ្នកប្រដាល់ក្លិបកុសលកីឡា និងមួយគូទៀត ម៉ន លីហ៊ួរ អ្នកប្រដាល់ក្លិបការិយាល័យទី៥កងទ័ពជើងគោកជួប ស្រេង ស្រឿន អ្នកប្រដាល់ក្លិបព្រះខ័នរាជ្យ។ឈឿន ឆៃដែន កាលពីប្រកួតជុំទី១ បានវាយឈ្នះ ស្រេង ស្រឿន ដោយពិន្ទុទាំងលំបាក។ តែសម្រាប់ការជួប សល់ ពិសិដ្ឋ នៅជុំទី២នេះ ឆៃដែន ប្រហែលជាមិនលំបាកនោះទេ ព្រោះថា សល់ ពិសិដ្ឋ មិនជាខ្លាំងដូចជា ស្រេង ស្រឿននោះឡើយ។រវាង ឈឿន ឆៃដែន និង សល់ ពិសិដ្ឋនេះ ធ្លាប់ប៉ះគ្នាបីលើកមកហើយកាលពីពេល កន្លងមក ដែលក្នុងបីលើកនេះ ឆៃដែន ឈ្នះ ពិសិដ្ឋ ទាំងបីលើក។ ដូច្នេះសម្រាប់ជំនួបលើកនេះ ក៏ក្រុមអ្នកវិភាគប្រដាល់នៅតែអះអាងថា ឈឿន ឆៃដែននៅតែ អាចឈ្នះ សល់ ពិសិដ្ឋដដែល ព្រោះថាពិសិដ្ឋ គេមិនខ្លាំងដល់ ឆៃដែន នោះទេ។ឈឿន ឆៃដែន ជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃល្អនិងទាត់ខ្លាំង ចិត្តប្រដាល់ក៏ធំថែមទៀត។ ចំណែក សល់ ពិសិដ្ឋវិញ គេមានកម្លាំងខ្សោយ ហើយវាយក៏ពុំមានផ្លែល្អដែរ កាលពីប្រកួតជម្រុះជុំទី១ ពិសិដ្ឋ បានវាយចាញ់ ម៉ន លីហ៊ួរ អ្នកប្រដាល់ក្លិបការិយាល័យទី៥កងទ័ពជើងគោកដោយពិន្ទុ។ទោះជាយ៉ាងណា សម្រាប់ជំនួបរវាង ឈឿន ឆៃដែន និង សល់ ពិសិដ្ឋ ក្នុងការប្រកួតជម្រុះជុំទី២នេះ គេមានជំនឿទុកចិត្តថា ឆៃដែន នឹងឈ្នះការប្រកួតនេះ។ ចំពោះការប្រកួតជម្រុះមួយគូទៀតនោះ ម៉ន លីហ៊ួរ អ្នកប្រដាល់ក្លិបការិយាល័យទី៥កងទ័ពជើងគោកនឹងជួបជាមួយ ស្រេង ស្រឿន អ្នកប្រដាល់ក្លិបព្រះខ័នរាជ្យ។ ពួកគេពីរនាក់នេះ មិនធ្លាប់ប៉ះគ្នាទេកន្លងមក។ម៉ន លីហ៊ួរ គេបាន៣ពិន្ទុហើយ បន្ទាប់ពីការប្រកួតជុំទី១ គេបានវាយ សល់ ពិសិដ្ឋដោយពិន្ទុនោះ ។ ឯ ស្រេង ស្រឿន គេបាន១ពិន្ទុទេ ដោយការប្រកួតជុំទី១ គេបានវាយចាញ់ ឈឿន ឆៃដែនដោយពិន្ទុនោះ។ស្រេង ស្រឿន ទំនងជារកបាន៣ពិន្ទុបន្ថែម ក្នុងការជួប ម៉ន លីហ៊ួរ ព្រោះថា ស្រឿន គេមានប្រៀបខាងកម្ពស់ និងវាយខ្លាំងជាង លីហ៊ួរ ហើយថែមទាំងមានចិត្តធំមិនចេះខ្លាចថែមទៀត ឯការវាយរបស់គេក៏ច្បាស់ដែរ។ទោះជាយ៉ាងណា ស្រេង ស្រឿន មិនអាចមើលស្រាល លីហួរ បានឡើយ ដោយសារ លីហ៊ួរថ្វីត្បិតតែទាបក្តី ប៉ុន្តែគេមានកណ្ដាប់ដៃខ្លាំង និងមានកម្លាំងស៊ុហ្វខ្លាំងរឹងមាំផងដែរ។ តែភ្លាត់ត្រូវកណ្ដាប់ដៃរបស់ លីហ៊ួរ ហើយ ច្បាស់ជាមិនងាយស្តាលទ្ធផលបាននោះឡើយ។ទោះជាយ៉ាងណា សម្រាប់ការជួបប្រកួតគ្នារវាង ស្រេង ស្រឿន និង ម៉ន លីហ៊ួរនេះ មិនអាចទាយមុនថា នរណាជាអ្នកឈ្នះនោះទេ ព្រោះការប្រកួតខ្សែក្រវាត់គឺអត់មានហ៊ានប្រហែសរៀងៗខ្លួន ដើម្បីសន្សំពិន្ទុ៕
Subscribe to:
Post Comments (Atom)
Post a Comment