GuidePedia

0
នា​រសៀល​ថ្ងៃ​ទី​២៨​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៥​នេះ ​នៅ​ពហុ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង​មាន​រៀបចំ​ការប្រកួត​បាល់ទាត់​មិត្តភាព​លក្ខណ​អន្តរជាតិ​រវាង​ក្រុម​កីឡា​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ប្រកួត​ជាមួយ​ក្រុម​កីឡា​បាល់ទាត់​ប្រទេស​សិង្ហបុរី។


សូម​បញ្ជាក់​ថា ពហុ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង​កសាង​ឡើង​វិញ​ដោយ​លោក​នាយ​ឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​លោក ឌី វិជ្ជា ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ស្វាយរៀង។

ការ​កសាង​ឡើង​វិញ​​នេះ​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​២៩ ​ខែ​មីនា​ ឆ្នាំ​២០១៣​​​ហើយ​រួចរាល់​នា​​ថ្ងៃ​ទី​៧​ ខែ​មករា ​ឆ្នាំ​២០១៥​ ដោយ​មាន​វេទិកា​មាន​កៅអី​សម្រាប់​ទស្សនិកជន​ អង្គុយ​ទស្សនា​ចំនួន​១៥០០​នាក់។ ទីលាន​បាល់ទាត់​មាន​ដាំ​ស្មៅ​ស្អាត​ មាន​បរិស្ថាន​ល្អ​ មាន​ភ្លើង​ហ្វា​បំភ្លឺ​អាច​ធ្វើ​ប្រកួត​ពេល​យប់​ក៏បាន​ ហើយ​ពហុ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង​ធ្លាប់​ធ្វើ​ការប្រកួត​លក្ខណៈ​អន្តរជាតិ​មិត្តភាព​លើក​ទី​២​ហើយ​រហូត​មក​ដល់​ពេលនេះ។

ការ​ប្រកួត​នេះ ​ក្រុម​កីឡា​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​មាន​ឯកសណ្ឋាន​ពណ៌​ខៀវ​ ចំណែក​ក្រុម​កីឡា​បាល់ទាត់​ប្រទេស​សិង្ហ​បុរី​មាន​ឯកសណ្ឋាន​ពណ៌​ក្រហម។ អ្នក​ចូលរួម​ទស្សនា​ការ​ប្រកួត​នោះ​ មាន​លោក ឌី វិជ្ជា ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ស្វាយរៀង ​និង​ទស្សនិកជន​​​យ៉ាង​ច្រើន​កុះករ។

ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ​ប្រកបដោយ​លក្ខណ​បច្ចេកទេស​រវាង​ក្រុម​ទាំងពីរ​តង់​ទី​១​នៅ​នាទី​៧​ក្រុម​កីឡា​បាល់ទាត់​ខាង​កម្ពុជា​ទាត់​ចូល​១​គ្រាប់​ដោយ​កី ឡាករ​ពាក់​លេខ​៧​ឈ្មោះ​ប្រាក់ មុន្នី​ឧ​ត្ត​ម​ នៅ​នាទី​២២​ស៊ី​១​គ្រាប់​ទៀត​ ទាត់​ចូល​ដោយ​កីឡាករ​ពាក់​លេខ​១១​ឈ្មោះ ឃួន​ឡា បូរ៉ា​វី ​នៅ​នាទី​៣៨​ស៊ី​១​គ្រាប់​ទៀត​ទាត់​ចូល​ដោយ កីឡាករ​ប្រាក់ មុន្នី​ឧ​ត្ត​ម។ ជា​លទ្ធផល​តង់​ទី​១​កម្ពុជា​ឈ្នះ​​សិង្ហបុរី​៣-០។


នៅ​តង់​ទី​២​ក្រុម​កីឡាករ​ទាំង​សងខាង​ខិតខំ​រក​អស់​បច្ចេកទេស​រហូត​ប្ដូរ​កីឡាករ​ម្ខាង​៦​នាក់​ក៏​ពុំ​មាន​បាន​ទទួល​លទ្ធផល​ដែរ។ ដូច្នេះ​ចប់​ការ​ប្រកួត​ក្រុម​កីឡា​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​យកឈ្នះ​ក្រុម​កីឡា​បាល់ទាត់​ប្រទេស​សិង្ហ​បុរី​៣-០៕

Post a Comment

 
Top