កន្លងមកសម្រាប់ តម្លៃខ្លួនកីឡាករ ដែលជាឈ្នួល នៃការឡើងប្រកួត នៅលើសង្វៀន តាមបណ្ដាស្ថានីយ៍ទូរទស្សន៍ មួយចំនួន មិនត្រូវបានបញ្ជាក់ ពីចំនួនពិត ប្រាកដ នោះទេ ប៉ុន្ដែមានតែកីឡាករ ផ្ទាល់ប៉ុណ្ណោះ ដែលបានទម្លាយ ពីតម្លៃខ្លួនឯង រាល់ពេលឡើងប្រកួតម្ដងៗ ដោយកីឡាករ មានសមត្ថភាពគ្រាន់បើសម្រាប់ អ្នកឈ្នះនឹងទទួលបានប្រហែលជា ១០ម៉ឺនរៀលឡើង ហើយកីឡាករជើងខ្លាំង គឺទទួលបានទឹកប្រាក់ ប្រហែលជា៦០ម៉ឺនរៀល ។
ងាកទៅមើលការប្រកួតក្បាច់គុនបុរាណខ្មែរដើម្បីដណ្ដើមជើងឯកខ្សែក្រវាត់ Black Panther លើកទី២ ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយ ក្រុមហ៊ុនស្រាបៀរអង្គរនឹងចាប់ផ្ដើមនៅល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥នេះនៅស្រុកកោះធំខេត្តកណ្ដាលឃើញថាកីឡាករទាំង៨រូបដែល ត្រូវ បានជ្រើសរើស ឲ្យធ្វើការប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍នេះ គឺសុទ្ធតែទទួលបានការ ឧបត្ថម្ភតម្លៃខ្លួនរាល់ពេលឡើង ប្រកួតម្ដងៗយ៉ាងសមរម្យហើយក៏ ទទួលបានប្រាក់រង្វាន់ទៀតផង សម្រាប់កីឡាករទទួលបានជ័យលាភី ។
លោក យឺន ពន្លក មន្ដ្រីបច្ចេកទេស និងជាអ្នកសម្របសម្រួល ក្នុងព្រឹត្តិការណ៍ ដែលជាយុទ្ធនាការ ផ្សព្វផ្សាយអំពីដំណើរឆ្ពោះ ទៅការធ្វើម្ចាស់ផ្ទះកីឡា SEA Games ឆ្នាំ២០២៣ និងបញ្ជ្រៀបកីឡា ទៅតាមតំបន់ជនបទនេះ បានឲ្យដឹងថា ថ្នាក់ដឹកនាំបានរៀបចំ កញ្ចប់ប្រាក់ឧបត្ថម្ភ យ៉ាងសមស្របមួយ ដើម្បីតបស្នង ទៅនឹងការខិតខំប្រកួត បញ្ចេញអស់ពីសមត្ថភាព ដែលកីឡាករម្នាក់ៗមាន ដើម្បីឲ្យទស្សនិកជន ជក់ចិត្តតាមដានទស្សនា ។
មន្ដ្រីខាងលើ បានបន្ដថា "សម្រាប់ការ ប្រកួតកីឡាប្រដាល់ ជើងឯក Black Panther ឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនដែរ គឺយើងបានរៀបចំកញ្ចប់ ថវិកាឲ្យសមទៅ នឹងការខិតខំរបស់កីឡាករគ្រប់រូប ដោយក្នុងមួយប្រកួតៗ យើងត្រូវចំណាយ ទឹកប្រាក់ចំនួន ២៧០ដុល្លារ ក្នុងនោះឈ្នះទទួលបាន ១៥០ដុល្លារ និងអ្នកចាញ់ទទួលបាន ១២០ដុល្លារ គឺខុសគ្នាតែ ៣០ដុល្លារប៉ុណ្ណោះ" ។
លោកបានបញ្ជាក់ទៀតថា ក្រោយធ្វើការប្រកួតជម្រុះ អស់រយៈពេលជាច្រើនខែនោះ នៅពេលរកឃើញ ជើងខ្លាំងប្រចាំឆ្នាំចំនួន ៤រូបចុងក្រោយនោះថ្នាក់ដឹកនាំ រៀបព្រឹត្តិការណ៍ ថ្នាក់ជាតិមួយនេះ ក៏បានរៀបចំប្រាក់រង្វាន់ ដ៏ច្រើនសន្ធឹកសន្ធាប់ផ្សេងទៀតផងដែរ ។
ប្រាក់រង្វាន់ សម្រាប់កីឡាករ ដែលឈានដល់ការ ប្រកួតវគ្គផ្ដាច់ព្រ័ត្រនោះ មានដូចជា ជើងឯកលេខ១ ទទួលបានខ្សែក្រវាត់ ១គ្រឿង ទឹកប្រាក់ ២ពាន់ដុល្លារ ស្រាបៀរ Black Panter ២០កេស និងនាឡិកាម៉ាក TISSOT ១គ្រឿង, លេខ២ ទទួលបានទឹកប្រាក់ ១៥០០ដុល្លារ ស្រា១៥កេស និងនាឡិកាម៉ាក TISSOT ១គ្រឿង, លេខ៣ ទទួលបានប្រាក់រង្វាន់ ១ពាន់ដុល្លារ ស្រា១០កេស និង នាឡិកាម៉ាក TISSOT ១គ្រឿង និងចំណាត់ថ្នាក់លេខ៤ នឹងទទួលបានទឹកប្រាក់ ៥០០ដុល្លារ និងស្រា៥កេសផងដែរ ៕



Post a Comment