GuidePedia

0
ខ្សែ​ប្រយុទ្ធ Diego Costa ​​ត្រូវ​បាន​គេ​គិត​ថា​មាន​សំណាង​មែន ដែល​​មិន​បាន​ទទួល​កាត​ក្រហម​ពេល​ជាន់​ជើង​កីឡាករ Emre Can ​របស់ Liverpool នា​ការ​ប្រកួត​យប់​មិញ ខណៈ​ដែល​​អ្នក​វិភាគ​នៅ Skysport ២រូប គឺ​​ Thierry Henry និង​ Jamie Redknapp ​ក៏​បាន​​និយាយ​ថា​ខ្សែ​ប្រយុទ្ធ Chelsea រូប​នេះ ​សម​តែ​បាន​កាត​ក្រហម​​​ដែរ។


ក្នុង​ការ​ប្រកួត​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Capital One Cup ជើង​ទី​២​ ដែល Cheslea ​យក​ឈ្នះ Liverpool ​១-០​ នៅ​ក្រោយ​ម៉ោង​បន្ថែម​២ដង​​នោះ ​មាន​រឿង​រ៉ាវ​កើត​ឡើង​​ជា​ច្រើន​​ ពោល​គឺ​ក្រុម​ទាំង​ពីរ​នេះ​បើ​គិត​ពី​កាត​លឿង​វិញ​មាន​រហូត​ដល់​ទៅ​៩​ឯ​ណោះ។ អ្វី​ដែល​គេ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ទៀត​នោះ​គឺ​ការ​ប៉ះ​គ្នា​រវាង Costa ​និង Can ​ដែល​ពេល​នោះ ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ ​បាន​ជាន់​ជើង​ខ្សែ​ការពារ​ Liverpool ​ស្ដែង​ៗ​តែ​ម្ដង​ ប៉ុន្តែ​បែរ​ជា​មិន​ទទួល​បាន​កាត​ក្រហម​ទៅ​វិញ (សូម្បី​កាត​លឿង​ក៏​មិន​បាន​ផង) ។ មិន​ត្រឹម​តែ​ប៉ះ​គ្នា​ជាមួយ​ Can ​នេះ ខ្សែ​ប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​រូប​នេះ​ក៏​ប៉ះ​ជាមួយ​ Gerrard ​និង​ Martin Skrtel ​ផង​ដែរ។


ចំពោះ​ទង្វើ​នេះ​ដែរ លោក​ Thierry Henry និង​ Jamie Redknapp ​បាន​និយាយ​ដែរ​ថា​ Costa ​នៅ​គ្រា​នោះ​គួរ​តែ​ទទួល​បាន​កាត​ក្រហម​បណ្ដេញ​ចេញ ព្រោះ​រូប​គេ​បាន​ជាន់​ជើង​ខ្សែ​ការពារ Can ​ដោយ​ចេតនា​តែ​ម្ដង។ ចំណែក​ឯ​លោក Mourinho ​បាន​​និយាយ​​ការពារ​កីឡាករ​របស់​ខ្លួន​ថា​ពេល​នោះ​ដោយសារ​តែ​ស្ថានការណ៍​ប្រញាប់​ពេក​​ ទើប​ Costa ​ប្រញាប់​រត់​យក​បាល់​ ហើយ​ Can ​បាន​ដាក់​ជើង​មក​រាំង​ ទើប​ធ្វើ​ឱ្យ​អតីត​កីឡាករ Atletico Madrid ​រូប​នេះ​ជាន់​តែ​ម្ដង​ទៅ។


Diego Costa ​ពេល​ប៉ះ Liverpool ​ទាំង​ពីរ​ជើង​នេះ​នៅ​ក្របខ័ណ្ឌ Capital One Cup ​មាន​រឿង​រហូត​ ពោល​គឺ​នៅ​ជើង​ទី​មួយ ពេល​លេង​នៅ​ទឹកដី Liverpool ​រូប​គេ​ប៉ះ​គ្នា​ជាមួយ ​Henderson ​ទាំង​នៅ​លើ​ទីលាន​ និង​ក្រៅ​ទីលាន ហើយ​ជើង​ទី​២​នេះ​ប៉ះ​គ្នា​ជាមួយ​ Can ​នេះ​ទៀត៕

Post a Comment

 
Top