ខ្សែប្រយុទ្ធ Diego Costa ត្រូវបានគេគិតថាមានសំណាងមែន ដែលមិនបានទទួលកាតក្រហមពេលជាន់ជើងកីឡាករ Emre Can របស់ Liverpool នាការប្រកួតយប់មិញ ខណៈដែលអ្នកវិភាគនៅ Skysport ២រូប គឺ Thierry Henry និង Jamie Redknapp ក៏បាននិយាយថាខ្សែប្រយុទ្ធ Chelsea រូបនេះ សមតែបានកាតក្រហមដែរ។
ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Capital One Cup ជើងទី២ ដែល Cheslea យកឈ្នះ Liverpool ១-០ នៅក្រោយម៉ោងបន្ថែម២ដងនោះ មានរឿងរ៉ាវកើតឡើងជាច្រើន ពោលគឺក្រុមទាំងពីរនេះបើគិតពីកាតលឿងវិញមានរហូតដល់ទៅ៩ឯណោះ។ អ្វីដែលគេចាប់អារម្មណ៍កាន់តែខ្លាំងទៀតនោះគឺការប៉ះគ្នារវាង Costa និង Can ដែលពេលនោះ ខ្សែប្រយុទ្ធអេស្ប៉ាញ បានជាន់ជើងខ្សែការពារ Liverpool ស្ដែងៗតែម្ដង ប៉ុន្តែបែរជាមិនទទួលបានកាតក្រហមទៅវិញ (សូម្បីកាតលឿងក៏មិនបានផង) ។ មិនត្រឹមតែប៉ះគ្នាជាមួយ Can នេះ ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះក៏ប៉ះជាមួយ Gerrard និង Martin Skrtel ផងដែរ។
ចំពោះទង្វើនេះដែរ លោក Thierry Henry និង Jamie Redknapp បាននិយាយដែរថា Costa នៅគ្រានោះគួរតែទទួលបានកាតក្រហមបណ្ដេញចេញ ព្រោះរូបគេបានជាន់ជើងខ្សែការពារ Can ដោយចេតនាតែម្ដង។ ចំណែកឯលោក Mourinho បាននិយាយការពារកីឡាកររបស់ខ្លួនថាពេលនោះដោយសារតែស្ថានការណ៍ប្រញាប់ពេក ទើប Costa ប្រញាប់រត់យកបាល់ ហើយ Can បានដាក់ជើងមករាំង ទើបធ្វើឱ្យអតីតកីឡាករ Atletico Madrid រូបនេះជាន់តែម្ដងទៅ។
Diego Costa ពេលប៉ះ Liverpool ទាំងពីរជើងនេះនៅក្របខ័ណ្ឌ Capital One Cup មានរឿងរហូត ពោលគឺនៅជើងទីមួយ ពេលលេងនៅទឹកដី Liverpool រូបគេប៉ះគ្នាជាមួយ Henderson ទាំងនៅលើទីលាន និងក្រៅទីលាន ហើយជើងទី២នេះប៉ះគ្នាជាមួយ Can នេះទៀត៕
Post a Comment