GuidePedia

0
កិត្តិ​នាម​របស់​ Tottenham Hotspur ក្នុង​នាម​ជា​ក្លិប​ដែល​​ផ្តល់​ភាព​រំ​ភើប​ការ​ប្រកួត​ជម្រុះ​ផ្សេង​ៗ បាន​រង​នូវ​ការ​ប្រេះ​ស្រាំ​​តាម​រយៈ​ការ​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ពាន​ FA Cup ក្រោម​ស្នា​ដៃ​ក្រុម Leicester កាល​ពី​ចុង​សប្តាហ៍ ប៉ុន្តែ ក្រុម​របស់​លោក Mauricio Pochettino កំពុង​តែ​ស្ថិត​នៅ​លើ​ផ្លូវ​​ឆ្ពោះ​ទៅ​កាន់​​ការ​ឈាន​ទៅ​ប្រកួត​ដណ្តើម​ពាន League Cup វគ្គ​ផ្តាច់​ព្រ័ត្រ​ដើម្បី​ជួប​ជា​មួយ​នឹង​ក្រុម Chelsea​​។


ក្រុម Sheffield United ដែល​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​លំ​ដាប់​​ទី​៣ នឹង​ត្រូវ​រង់​ចាំ​នៅ​លើ​ទឹក​ដី​របស់​ពួក​គេ ហើយ​ក្រុម Spurs នឹង​ធ្វើ​ដំ​ណើរ​ទៅ​កាន់​ទីក្រុង Yorkshire ដើម្បី​ធ្វើ​ការ​ប្រកួត​ជើង​ទី​២​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៅ​ថ្ងៃ​ពុធ​នេះ​ជា​មួយ​នឹង​ការ​នាំ​មុខ ១-០ ពី​ការ​ប្រកួត​ក្នុង​ពេល​ដែល​ក្រុម​ទាំង​ពីរ​បាន​ជួប​គ្នា​នៅ​ភាគ​ខាង​​ជើង​ទីក្រុង​ឡុងដ៍​។

Spurs បាន​ឈ្នះ​ពាន​រង្វាន់ League Cup សរុប​ចំនួន​៤​លើក និង​បាន​ឈាន​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​​ចំនួន​៣​លើក​ក្នុង​រយៈ​ពេល​ត្រឹម​តែ​១​ទស​វត្សរ៍ ក្រោយ​ពី​បាន​ផ្តួល​ក្រុម Chelsea កាល​ពី​ឆ្នាំ​២០០៨ បន្ទាប់​មក​​បាន​ចាញ់​ក្រុម Manchester United ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី​នា​ឆ្នាំ​បន្ទាប់​នោះ និង​បាន​ចាញ់​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្រោម​ស្នា​ដៃ​ក្រុម Blackburn Rovers កាល​​ពី​ឆ្នាំ​២០០២​។

ការ​ឈាន​ទៅ​ប្រកួត​នៅ​កីឡ​​ដ្ឋាន Wembley ជា​មួយ​នឹង​ក្រុម Chelsea ដែល​បាន​ឈ្នះ ១-០ លើ​ក្រុម Liverpool ​កាល​ពី​ថ្ងៃ​ពី​​យប់​​មិញ កំ​ពុង​តែ​រង់​ចាំ​សម្រាប់​ក្រុម​ឈ្នះ​​ពី​ការ​ប្រកួត​នៅ​​ឯ​កីឡ​ដ្ឋាន Bramall Lane ហើយ​លោក Pochettino ពិត​ជា​ចង់​ឲ្យ​កីឡាករ​របស់​លោក​បំ​ភ្លេច​ការ​​ខក​ចិត្ត​​ដោយ​សារ​តែ​បរា​ជ័យ​ក្រោម​ស្នា​ដៃ​ក្រុម Leicester និង​ត្រូវ​ដណ្តើម​យក​ឱកាស​​នេះ​ឲ្យ​បាន​។


គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់​ទីន​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ «វា​សំ​ខាន់​ណាស់​ក្នុង​ការ​​រក្សា​នូវ​ការ​លើក​ទឹក​ចិត្ត​លើ​ខ្លួន​ឯង​ និង​ការ​ជឿ​ជាក់​របស់​យើង ពី​ព្រោះ​យើង​​ចាំ​បាច់​ត្រូវ​តែ​លេង​នៅ​ថ្ងៃ​​ពុធ​នេះ​ជា​មួយ​នឹង​ការ​ទម្រង់​លេង​ដ៏​ល្អ​បំផុត​របស់​យើង​​។ វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​​ស្វិត​ស្វាញ​មួយ​។

អ្នក​ចាំ​ទី Michel Vorm បាន​ចូល​លេង​ក្នុង​ការ​ប្រកួត​ដណ្តើម​ពាន​ជា Cup ក្នុង​ស្រុក ខណៈ​ដែល​អ្នក​ចាំ​ទី​ជម្រើស​ទី​១ Hugo Lloris របស់ Spurs ចង់​លេង​​ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League និង Europa League ​ជាង ខណៈ​​យុទ្ធ​នា​ការ​លំ​ដាប់​ទី​២​​ប្រចាំ​ទ្វី​បអឺ​រ៉ុប​​មួយ​នេះ នឹង​ចាប់​ផ្តើម​ប្រកួត​ឡើង​វិញ​នៅ​ខែ​ក្រោយ​។

អ្នក​ចាំ​ទី​សញ្ជាតិ​​ហូ​ឡង់ Vorm បាន​ធ្វើ​ឲ្យ​មាន​កំ​ហុស​ជា​ច្រើន​ដែល​នាំ​ឲ្យ Leicester អាច​រក​គ្រាប់​បាល់​ឈ្នះ​កាល​ពី​ថ្ងៃ​អាទិត្យ ប៉ុន្តែ វា​​នៅ​តែ​មិន​ច្បាស់​ថា តើ​រូប​គេ​នឹង​រក្សា​តំណែង​របស់​គេ ឬ​យ៉ាង​ណា​ឡើយ​​​។


បើ​គិ​តចាប់​តាំង​ពី​ឆ្នាំ​២០០៦ ក្រុម​ទាំង​ពីរ​ធ្លាប់​ជួប​គ្នា​​បី​លើក ខណៈ​ដែល​ក្រុម Tottenham បាន​កត់​ត្រា​ជ័យ​ជម្នះ​២​លើក និង​ចាញ់​១​លើក ហើយ​ការ​ជួប​គ្នា​លើក​ចុង​ក្រោយ​ក្នុង​ឆ្នាំ​២០១៥ Spurs បាន​យក​ឈ្នះ ១-០​៕

Post a Comment

 
Top