GuidePedia

0
អ្នក​ប្រដាល់ Manny Pacquiao បាន​និយាយថា កីឡាករ Floyd Mayweather មាន​ពេល​ត្រឹម​ថ្ងៃ​ទី​៣១​ខែ​មករា​នេះ ដើម្បី​ចុះហត្ថលេខា​លើ​ការប្រកួត​ដ៏​មហា​អស្ចារ្យ​តម្លៃ​២០០​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​លោក​បាន​និយាយ​ទទួល​ស្គាល់​ថា ពេលនេះ​លោក​ទាល់​គំនិត​ហើយ​​ ចំពោះ​ទស្សនីយភាព​នៃ​ការប្រកួត​មួយ​នេះ ដោយសារតែ​លោក​គឺជា​ភាគី​តែ​ម្ខាង​គត់​ដែល​ចង់​ឲ្យ​ការប្រកួត​មួយ​នេះ កើតឡើង។


សូមបញ្ជាក់ថា ស្តេច​គីង​កុង​មកពី​ហ្វីលីពីន​ម្នាក់នេះ បាន​ត្រៀមខ្លួន​រួចរាល់​អស់ហើយ និង​យល់ព្រម​រាល់​លក្ខន្តិកៈ​ ដើម្បី​ធ្វើ​ឲ្យ​ការប្រកួត​មួយ​នេះ ក្លាយជា​ការពិត និង​ជាការ​ប្រកួត​ដែល​ក្រុម​អ្នកគាំទ្រ​ទន្ទឹងរង់ចាំ​ជា​យូរ​មក​ហើយ ដែល​គេ​រំពឹង​ថា​នឹង​រៀបចំឡើង​នៅ​ថ្ងៃ​ទី​២​ ខែ​ឧសភា ខាងមុខនេះ លើ​សង្វៀន MGM Grand របស់​ទីក្រុង​ឡាស​វេ​ហ្គាស់។

ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយកីឡាករ Mayweather នៅ​មិនទាន់​តាំងចិត្តឬ​មាន​ឆន្ទៈ​មោះមុត​ដើម្បី​ធ្វើ​ឲ្យ​ការប្រកួត​មួយ​នេះ​កើតឡើង​ពិតប្រាកដ​នោះទេ​។​

កីឡាករ ​Pacquiao​បាន​និយាយ​ប្រាប់​កាសែត​ Los Angeles Times ថា ក្រុម​ផ្គូផ្គង​របស់​លោក និង​រូប​លោក​ផ្ទាល់ ​​បាន​ឯកភាព​លើ​តម្រូវការ​ទាមទារ​ទាំង​អស់​ ដែល​គាត់​ចង់បាន​ ទោះ​ក្នុង​លក្ខន្តិកៈ​ពិបាក​យ៉ាងណាក៏ដោយ។ យើង​ទាំង​អស់​គ្នា​នៅ​រង់ចាំ​តែ​ចម្លើយ​ចុង​ក្រោយ​ពី​គាត់​ប៉ុណ្ណោះ​ដើម្បី​ចុះ​ហត្ថលេខា​ឲ្យ​ការប្រកួត​ដែល​ក្រុម​អ្នក​គាំទ្រ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​៥​ឆ្នាំ​មក​ហើយ​មួយ​នេះ កើតឡើង​ពិតប្រាកដ ប៉ុន្តែ​ឥឡូវ​បែរជា​ស្ងាត់​ដូច​ចោរលួច​សេះ​បែប​នេះ​ទៅ​វិញ។

លោក​បាន​បន្ត​ទៀត​ថា កាយវិការ​របស់​លោក​ពេល​នេះ​ គឺ​គ្រាន់តែ​ចង់​បញ្ជាក់​ឲ្យ​ពិភពលោក​ទាំងមូល​ដឹង​ច្បាស់​ថា កីឡាករ​រូប​ណា​ដែល​ស័ក្ដិសម​ធ្វើជា​កីឡាករ​មួយ​លើ​លោក​ពិតប្រាកដ តែប៉ុណ្ណោះ ដូច្នេះ​ហើយ​ប្រសិនបើ​គាត់​គឺជា​ពិតជា​ខ្លាំង​ដូច​អ្វី​ដែល​គាត់​ធ្លាប់​អួតអាង​មែន​នោះ​​ មិន​ថ្វី​ឡើយ​គ្រាន់តែ​ដាក់​គូថ​អង្គុយ​ រួច​ចុះហត្ថលេខា ​នោះ​វា​រួចរាល់​បាត់​ទៅ​ហើយ៕

Post a Comment

 
Top