អ្នកប្រដាល់ Manny Pacquiao បាននិយាយថា កីឡាករ Floyd Mayweather មានពេលត្រឹមថ្ងៃទី៣១ខែមករានេះ ដើម្បីចុះហត្ថលេខាលើការប្រកួតដ៏មហាអស្ចារ្យតម្លៃ២០០លានដុល្លារអាមេរិក ប៉ុន្តែលោកបាននិយាយទទួលស្គាល់ថា ពេលនេះលោកទាល់គំនិតហើយ ចំពោះទស្សនីយភាពនៃការប្រកួតមួយនេះ ដោយសារតែលោកគឺជាភាគីតែម្ខាងគត់ដែលចង់ឲ្យការប្រកួតមួយនេះ កើតឡើង។សូមបញ្ជាក់ថា ស្តេចគីងកុងមកពីហ្វីលីពីនម្នាក់នេះ បានត្រៀមខ្លួនរួចរាល់អស់ហើយ និងយល់ព្រមរាល់លក្ខន្តិកៈ ដើម្បីធ្វើឲ្យការប្រកួតមួយនេះ ក្លាយជាការពិត និងជាការប្រកួតដែលក្រុមអ្នកគាំទ្រទន្ទឹងរង់ចាំជាយូរមកហើយ ដែលគេរំពឹងថានឹងរៀបចំឡើងនៅថ្ងៃទី២ ខែឧសភា ខាងមុខនេះ លើសង្វៀន MGM Grand របស់ទីក្រុងឡាសវេហ្គាស់។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយកីឡាករ Mayweather នៅមិនទាន់តាំងចិត្តឬមានឆន្ទៈមោះមុតដើម្បីធ្វើឲ្យការប្រកួតមួយនេះកើតឡើងពិតប្រាកដនោះទេ។កីឡាករ Pacquiaoបាននិយាយប្រាប់កាសែត Los Angeles Times ថា ក្រុមផ្គូផ្គងរបស់លោក និងរូបលោកផ្ទាល់ បានឯកភាពលើតម្រូវការទាមទារទាំងអស់ ដែលគាត់ចង់បាន ទោះក្នុងលក្ខន្តិកៈពិបាកយ៉ាងណាក៏ដោយ។ យើងទាំងអស់គ្នានៅរង់ចាំតែចម្លើយចុងក្រោយពីគាត់ប៉ុណ្ណោះដើម្បីចុះហត្ថលេខាឲ្យការប្រកួតដែលក្រុមអ្នកគាំទ្រទន្ទឹងរង់ចាំអស់រយៈពេល៥ឆ្នាំមកហើយមួយនេះ កើតឡើងពិតប្រាកដ ប៉ុន្តែឥឡូវបែរជាស្ងាត់ដូចចោរលួចសេះបែបនេះទៅវិញ។លោកបានបន្តទៀតថា កាយវិការរបស់លោកពេលនេះ គឺគ្រាន់តែចង់បញ្ជាក់ឲ្យពិភពលោកទាំងមូលដឹងច្បាស់ថា កីឡាកររូបណាដែលស័ក្ដិសមធ្វើជាកីឡាករមួយលើលោកពិតប្រាកដ តែប៉ុណ្ណោះ ដូច្នេះហើយប្រសិនបើគាត់គឺជាពិតជាខ្លាំងដូចអ្វីដែលគាត់ធ្លាប់អួតអាងមែននោះ មិនថ្វីឡើយគ្រាន់តែដាក់គូថអង្គុយ រួចចុះហត្ថលេខា នោះវារួចរាល់បាត់ទៅហើយ៕
Subscribe to:
Post Comments (Atom)
Post a Comment