GuidePedia

0
ប្រឹក្សា​បច្ចេកទេស​នៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក​ Gabriel Ken Gadaffi បាន​ជំរុញ​ឲ្យ​ម្ចាស់​មេដាយ​មាស​អាស៊ី​ឆ្នាំ​២០១៤​របស់​កម្ពុជា​កញ្ញា ស៊ន សៀវម៉ី​ វិល​ចូល​សាលា​វិញ​ដើម្បី​ជា​ទុន​សម្រាប់​អនាគត​របស់​នាង។

លោក Ken និង​កញ្ញា ស៊ន សៀវម៉ី


លោក​បាន​ប្រាប់​ថា លោក​មិន​ស្រួល​ចិត្ត​ទេ​នៅ​ពេល​ឃើញ​ម្ចាស់​មេដាយ​មាស​តេក្វាន់ដូ​​ទ្វីប​អាស៊ី​ ស៊ន សៀវម៉ី​ មិន​ទាន់​បន្ត​ចូល​​រៀន​មហា​វិទ្យាល័យ​ បន្ទាប់​ពី​ទទួល​បាន​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​ដោយ​ស្វ័យប្រវត្តិ។

លោក Ken Gadaffi បាន​ផ្តល់​ដំបូន្មាន​ថា ឥឡូវ ស៊ន សៀវម៉ី​ ​ដល់​ពេល​ត្រូវ​​ចូល​សាលា​រៀន​វិញ​ហើយ​ដើម្បី​បង្កើន​ចំណេះ​ដឹង​របស់​នាង។ «ការ​អប់រំ​ពិត​ជា​សំខាន់​ណាស់ កីឡា​គឺ​ជា​រឿង​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ហើយ​បើ​យើង​មិន​ចោល​កីឡា ក៏​កីឡា​ចោល​យើង​វិញ​ថ្ងៃ​ណា​មួយ​ដែរ។ ខ្ញុំ​លេង​បាល់ទាត់​ឈាន​ដល់​កម្រិត​កំពូល តែ​ខ្ញុំ​មិន​ចោល​សាលា​​ ហើយ​ទី​បំផុត​ខ្ញុំ​បាន​បញ្ចប់​ថ្នាក់​បណ្ឌិត»។

សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ​ធន​ធាន​មនុស្ស​រូប​នេះ​បាន​បន្ត​ថា ៖«យើង​រស់​នៅ​ក្នុង​សង្គម​មួយ​ដែល​សមត្ថភាព​បុគ្គល​ម្នាក់​ៗ​ត្រូវ​ពឹង​ផ្អែក​លើ​ការ​អប់រំ។ ខ្ញុំ​និយាយ​ទី​នេះ​ក្នុង​គោល​បំណង​ជំរុញ​ឲ្យ​កញ្ញា​ ស៊ន សៀវម៉ី​ឲ្យ​វិល​ចូល​បន្ទប់​រៀន​វិញ»។

ស៊ន សៀវម៉ី​កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​ចូល​រួម​សិក្ខា​សាលា​ស្តីពី​ភាព​ជា​អ្នក​ដឹក​នាំ​សម្រាប់​ស្ត្រី​ និង​កីឡា​ IOC នៅ​ខេត្ត​សៀមរាប​​ដែល​នាង​មាន​ផល​លំបាក​ក្នុង​វគ្គ​នេះ​ដោយ​សារ​ភាសា​អង់គ្លេស​របស់​នាង​នៅ​មាន​កម្រិត។ លោក Ken Gadaffi ជឿ​ថា ការ​ចាប់​ផ្តើម​ចូល​សាលា​របស់​ម្ចាស់​មេដាយ​មាស​រូប​នេះ​ចាប់​ពី​ពេល​នេះ​ទៅ​នឹង​ជួយ​ផ្តល់​ឲ្យ​នាង​កាន់​តែ​ល្អ​សម្រាប់​ការងារ​នា​ពេល​ខាង​មុខ។

ស៊ន សៀវម៉ី បង្ហាញ​មេដាយ​មាស


លោក Gadaffi បាន​និយាយ​ថា ៖«នាង​កាន់​តែ​មាន​ផល​ល្អ ប្រសិន​បើ​នាង​រៀន​ភាសា​អង់គ្លេស​យ៉ាង​ពិសេស។ នាង​ជា​ទូត​ផ្សព្វផ្សាយ​ឲ្យ​ក្រុម​ហ៊ុន​ជា​ច្រើន ហើយ​នឹង​មាន​ក្រុម​ហ៊ុន​ជា​ច្រើន​ទៀត​មក​រក​នាង»។

ស៊ន សៀវម៉ី​បាន​ក្លាយ​ជា​វីរនារី​កម្ពុជា​ក្នុង​វិស័យ​កីឡា​ទី​មួយ​កាល​ពី​ឆ្នាំ​២០១៤​កន្លង​ទៅ បន្ទាប់​ពី​នាង​ឈ្នះ​បាន​មេដាយ​មាស​ពី​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ នាង​ទទួល​បាន​សញ្ញាប័ត្រ​បាក់ឌុប​ដោយ​ស្វ័យ​ប្រវត្តិ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​នាង​ក៏​ទទួល​បាន​ការ​បំពាក់​គ្រឿង​ឥស្សរិយយស​ពី​រដ្ឋាភិបាល ជា​ពិសេស​នាង​​ជា​អ្នក​កីឡា​ម្នាក់​គត់​ដែល​បាន​ចូល​គាត់​ព្រះ​មហា​ក្សត្រ៕

Post a Comment

 
Top