GuidePedia

0
ខ្សែ​ការពារ Edimar ​របស់​ Cordoba ​ដែល​ត្រូវ Ronaldo ​ទាត់​ពី​ក្រោយ​អំឡុង​ប្រកួត​អាទិត្យ​មុន​នោះ ពេល​នេះ​ព្រម​ទទួល​យក​ការ​សូមទោស​ពី​ខ្សែ​ប្រយុទ្ធ Real Madrid ​ហើយ ថែម​ទាំង​បាន​សុំ​ឱ្យ​ខាង​សហព័ន្ធ​កីឡា ​បន្ថយ​ការ​​ពិន័យ​មក​ត្រឹម​មួយ​ប្រកួត​ទៀត​ផង។


សហព័ន្ធ​កីឡា​របស់​ប្រទេស​អេស្ប៉ាញ​បាន​ពិន័យ​ Ronaldo ​៣​ប្រកួត​បន្ទាប់​ពី​រូប​គេ​ទទួល​បាន​កាត​ក្រហម​ដោយសារ​ទាត់​ខ្សែ​ការពារ Edimar ​អំឡុង​ពេល​ Real Madrid ​ប្រកួត​ជាមួយ​ Cordoba ​កាល​ពី​ថ្ងៃ​សៅ​កន្លង​ទៅ។ ខណៈ​ដែល​ម្ចាស់​ពាន​ Ballon d’Or ​៣​សម័យ​រូប​នេះ​ក៏​បាន​ធ្វើ​ការ​សូមទោស​ផង​ដែរ​ ចំពោះ​ទង្វើ​របស់​ខ្លួន​បន្ទាប់​ពី​ដឹង​ថា​ត្រូវ​គេ​ពិន័យ​៣​ប្រកួត​នោះ។


ក្រោយ​ពី​ដឹង​ថា Ronaldo ​សូមទោស​ ខ្សែ​ការពារ​វ័យ​២៨​ឆ្នាំ​របស់ Cordoba ​ខាង​លើ​នេះ​ក៏​បាន​អភ័យទោស​ផង​និង​និយាយ​ដែរ​ថា៖ “នោះ​ជា​ការ​ប្រកួត​ដែល​ Cristiano ​មាន​កំហុស​បន្តិចបន្តួច ព្រោះ​ស្ថានការណ៍​នា​ពេល​នោះ​មិន​សូវ​ជា​ល្អ​នោះ​ទេ ប៉ុន្តែ​រឿង​ដែល​បាន​កើត​ឡើង​រវាង​ខ្ញុំ​ និង​គេ​នោះ​គឺ​ខ្ញុំ​បាន​អភ័យទោស​ឱ្យ​គេ​ទៅ​ហើយ។ ខ្ញុំ​មិន​ទៅ​គុំកួន​អី​នឹង​គេ​នោះ​ទេ។ Cristiano ​គួរ​តែ​ទទួល​បាន​ការ​ពិន័យ​ធម្មតា​ មិន​មែន​ដល់​ទៅ​៣​ប្រកួត​ឡើយ។ ខ្ញុំ​មិន​ចង់​ឱ្យ​គេ​ឈឺ​ចាប់​ដោយ​សារ​រឿង​នេះ​នោះ​ទេ ហើយ​ខ្ញុំ​សង្ឃឹម​ថា​គាត់​នៅ​តែ​ជា​កីឡាករ​ល្អ​ជាង​គេ​នៅ​លើ​លោក​នេះ​ដដែល”៕

Post a Comment

 
Top