GuidePedia

0
កំពង់ស្ពឺ ៖ ការប្រកួត​ប្រដាល់​ទេសចរណ៍​លក្ខណៈ​អន្តរជាតិ​លើក​ទី​៣​សម្រាប់​ខែ មករា​នេះ ​SEA -TV បាន​រៀបចំ​នៅ​ទី​រួម​ខេត្តកំពង់ស្ពឺ ដែល​មាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​៣​រូប និង​ថៃ​៣​រូប​ជួប​ប្រកួត​គ្នា​នា​យប់​ថ្ងៃ​សៅរ៍​ ទី​២៤ ខែ​មករា​នេះ។

ផុន ផាន់​ណា អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​នៃ​សមាគម​កីឡា​ក្រសួងកសិកម្ម នឹង​ត្រូវ​ស្វាគមន៍​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​មកពី​ប្រទេស​ថៃ​ឈ្មោះ​ Noppa Kao ក្នុង​ទម្ងន់​៧0​គីឡូក្រាម។ Noppa Kao​នេះ មក​វាយ​នៅ​ស្រុក​ខ្មែរ​៣​ដង​ហើយ ដោយ​វាយ​ឈ្នះ​២​ដង​ គឺ​ឈ្នះ​ពេជ្រ អា​រុណ ក្លឹប​តា​ព្រហ្ម​មានជ័យ​ក្នុង​ទឹក​ទី​២-(ថ្ងៃ​ទី​២៩ ខែ​ឧសភា​ ឆ្នាំ​២០១៤) នឹង​ឈ្នះ ​លៀង ស៊ី​ពេជ្រ ក្លឹប​ប្រដាល់​ខេត្តកោះកុង​(ថ្ងៃ​ទី​២៦​ ខែ​មិថុនា​ ឆ្នាំ​២០១៤) ហើយ​ចាញ់​ម្តង​នោះ​គឺ​ចាញ់ ​ពុទ្ធ ហ៊ុ​ច ក្លឹប​ពុទ្ធ​សេរី​វង្ស​កីឡា​ក្នុង​ទឹក​ទី​៣​(ថ្ងៃ​ទី​២៨ ខែ​សីហា​ ឆ្នាំ​២០១៤) លើ​សង្វៀន ​SEA-TV​នេះ។

Noppa Kao ប្រុង​មក​សងសឹក ​ពុទ្ធ ហ៊ុ​ច​វិញ តាំងពី​ចុងឆ្នាំ​២០១៤​មក​ម្ល៉េះ ឥឡូវ​បាន​មក​ហើយ​មិនបាន​ជួប ​ពុទ្ធ ហ៊ុ​ច ទៀត គឺ​ជួប ​ផុន ផាន់​ណា​ទៅវិញ ធ្វើ​ឲ្យ​ខកបំណង​សងសឹក​របស់​គេ។ តែ​យ៉ាង​ណា ​ផាន់​ណា មិន​ខ្សោយ​ជាង ​ពុទ្ធ ហ៊ុ​ច​ នោះ​ទេ ផ្ទុយទៅវិញ​ ផាន់ ​ណា​ មាន​ផ្លែ​ល្អ​ជាង​ពុទ្ធ ​ហ៊ុ​ច​ ទៅ​ទៀត។​

អ្នក​ប្រដាល់​ថៃ Noppa Kao នេះ មិនជា​អន់​នោះ​ទេ ដោយ​ធ្លាប់​ឆ្លងកាត់​ប្រកួត​ចំនួន​៦៥​ដង​វាយ​ឈ្នះ​៥២​ដង​ទៅ​ហើយ ដោយ​ចាញ់​១៣​ដង​ និង​មិនដែល​ស្មើ។ នេះ​ជា​គូប្រកួត​ដ៏​អស្ចារ្យ​មួយ ដែល​គេ​ជឿ​ថា​អ្នក​ប្រដាល់​ថៃ​រូប​នេះ​គឺជា​គូប្រកួត​ដ៏​ខ្លាំង​សម្រាប់ ​ផុន ​ផាន់​ណា ហើយ។ ផាន់​ណា ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា គេ​ក៏​មាន​ប្រវត្តិ​ប្រកួត​មិន​តិច​ដង​ដែរ គឺ​ប្រកួត​ចំនួន​៧០​ដង ឈ្នះ​៦០​ដង ចាញ់​៦​ដង​ និង​ស្មើ​៤​ដង ហើយ​គេ​ធ្លាប់​ផ្ដួល​អ្នក​ប្រដាល់​បរទេស​អស់​ច្រើន​មក​ហើយ។

ផាន់​ ណា ​និង Noppa Kao អ្នក​ប្រដាល់​ថៃ​នេះ គឺ​អាច​ស៊ីសង​គ្នា​បាន ព្រោះ​ ផាន់ ណា គេ​មាន​បទ​ពិសោធន៍​ច្រើន​ក្នុង​ការប្រកួត ហើយ​គេ​ក៏​មាន​កលល្បិច​សម្រាប់​ទប់ទល់​ជាមួយ​អ្នក​ប្រដាល់​ថៃ​នេះ​ដែរ។ ទោះជា​យ៉ាងណា សម្រាប់​ការ​ជួបគ្នា​រវាង​អ្នក​ប្រដាល់​ថៃ Noppa Kao និង​ផុន ផាន់ ណា នេះ គឺ​មិនអាច​ទស្សន៍ទាយ​មុន​ថា​នរណា​ជា​អ្នកឈ្នះ​នោះ​ទេ។ ចាំ​មើល តើ ​ផុន ​ផាន់​ណា មាន​សំណាង​ល្អ​ដូច​ ពុទ្ធ​ ហ៊ុ​ច ​ឬ​អត់​?​​

ឯម ខ្លឹម​ខ្មៅ អ្នក​ប្រដាល់​នៃ​ក្លឹប​ឫទ្ធី​ពោធិ​សែន​ជ័យ​នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Sen Sep ក្នុង​ទម្ងន់​៦៧​គីឡូក្រាម​ដែរ។ Sen Sep​នេះ តាម​ការស្រាវជ្រាវ​ប្រវត្តិ​របស់​គេ​នោះ គឺ​ប្រដំ​ប្រសង​ជាមួយ​នឹង​ខ្លឹម​ខ្មៅ​របស់​កម្ពុជា​យើង​ទេ។ អ្នក​ប្រដាល់​ថៃ​រូប​នេះ ធ្លាប់​ប្រកួត​ចំនួន​៧៨​លើក ដោយ​ឈ្នះ​៦៤​លើក ចាញ់​១៤​លើក មិនដែល​ស្មើ ខណៈ​ដែល​ខ្លឹម​ខ្មៅ​មាន​ប្រវត្តិ​ប្រកួត​៧៩​ដង ឈ្នះ​៦៦​ដង ចាញ់​១០​ដង​និង​ស្មើ​៣​ដង​គឺ​ប្រហាក់​ប្រហែល​គ្នា។ ជា​មួយ​គ្នា​នេះ Sen Sep​ នៅ​ចាញ់​កម្ពស់ ខ្លឹម​ខ្មៅ​បន្តិច​ថែមទៀត ដោយ​ខ្លឹម​ខ្មៅ​មាន​កម្ពុជា​១,៧២ ម៉ែត្រ ខណៈ​ដែល ​Sen Sep គេ​មាន​កម្ពស់​តែ​១,៧០​ម៉ែត្រ​នោះ។​

ខ្លឹម​ខ្មៅ ជា​អ្នក​ប្រដាល់​ដែល​វាយ​កាច​បំផុត ក្នុងចំណោម​អ្នក​ប្រដាល់​នៅក្នុង​ស្រុក​ខ្មែរ។ អ្នក​ប្រដាល់​រូប​នេះ ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស មាន​ ថៃ រុស្សី ប្រេស៊ីល ប្រមាណ​៥​លើក​ហើយ ដោយមាន​ឈ្នះ​៣​លើក និង​ចាញ់​២​លើក។ ការប្រកួត​ជាមួយ​បរទេស​ចុងក្រោយ​នោះ ខ្លឹម​ខ្មៅ​វាយ​ចាញ់​អ្នក​ប្រដាល់ Rareung Luk Champachhai​ ក្នុង​ទឹក​ទី​៣។ ការ​ចាញ់​របស់​ខ្លឹម​ខ្មៅ​ពេលនោះ ដោយ​សារ​តែ​គេ​ចាញ់​កម្ពស់​ដាច់​ពេក។​

ដូច្នេះហើយ សម្រាប់​ការប្រកួត​របស់​ ឯម ខ្លឹម​ខ្មៅ​លើក​នេះ គេ​មិន​ហ៊ាន​អះអាង​មុន​ថា​ខ្លឹម​ខ្មៅ​នឹង​ឈ្នះ​ Sen Sep នោះ​ទេ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូប​នេះ ក៏​មិនជា​អន់​ប៉ុន្មាន​ដែរ។ ហើយ​មួយទៀត ខ្លឹម​ខ្មៅ​គេ​ក៏​រកស៊ី​ជាមួយ​ថៃ​មិនសូវ​កាក់កប​ដែរ។​

អ្នក​ប្រដាល់​រឿង សោ​ភ័​ណ្ឌ មកពី​ក្លឹប​មកុដ​រាជសីហ៍​នឹង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Or Rano ក្នុង​ទម្ងន់​៦៧​គីឡូក្រាម​ដែរ។ សោ​ភ័​ណ្ឌ​ ជា​អ្នក​ប្រដាល់​មាន​អំនួត​បន្តិច គេ​ត្រៀម​ចាំតែ​ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​បរទេស​ប៉ុណ្ណោះ។ ជា​អ្នក​ប្រដាល់​ដែល​មាន​កណ្ដាប់ដៃ​ធ្ងន់ ជើង​ធ្ងន់​នោះ​ សោ​ភ័​ណ្ឌ​ ឆ្លងកាត់​ការប្រកួត​ចំនួន​១២៣​ដង ​ក្នុង​នោះ​ឈ្នះ​១០៤​ដង ចាញ់​១៤​ដង និង​ស្មើ​ពិន្ទុ​៥​ដង។

ចំពោះ​អ្នក​ប្រដាល់​ថៃ Or Rano​វិញ​នោះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៨​ដង ឈ្នះ​៥៨​ដង ចាញ់​១០​ដង​និង​មិនដែល​ស្មើ។ Or Rano ពុំ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ តែបើ​តាម​ការ​អះអាង​ពី​លោក​ ញាន សុធី អ្នកគ្រប់គ្រង​កម្មវិធី​ប្រដាល់​SEA-TV នោះ​ថា អ្នក​ប្រដាល់​ថៃ​រូប​នេះ ​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា​ជាមួយនឹង​ សោ​ភ័​ណ្ឌ ​ដែរ​ទេ គឺ​ពួកគេ​អាច​វាយ​គ្នា​បាន​ល្អ​មើល។ ចាំ​មើល ការប្រកួត​លើក​នេះ រឿង សោ​ភ័​ណ្ឌ អាច​យកឈ្នះ​Or Rano បាន​អត់៕​

Post a Comment

 
Top