GuidePedia

0
ព្រឹត្តិការណ៍​ Hun Sen-Cup វគ្គ​១​ភាគ​៨​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី​២២ ខែ​​មករា​ ឆ្នាំ​២០១៥ ដែល ជាការ​ប្រកួត​ក្នុង​ពូ​ល​C និង ពូ​ល D ដែល​មួយ​ពូ​លៗ​មាន ២ ប្រកួត​សរុប​៤​ប្រកួត​នោះ ឃើញ​ថា​ក្នុងចំណោម​ក្រុម​ក្នុង​League ៥​ក្រុម ដែល​មាន​វត្តមាន​ក្នុងការ​ប្រកួត​នេះ សុទ្ធតែ​ឈ្នះ​ និង​លត់​ក្រុម​ខ្សោយៗ​យ៉ាង​ចាស់ដៃ លើកលែងតែ​ក្រុម​ក្រសួងការពារជាតិ​មួយ​ប៉ុណ្ណោះ​ដែល​ចាញ់ ត្បិត​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​ជើងឯក​League។


នៅក្នុង​ការប្រកួត​ពូ​ល C ក្រុម​បឹងកេត​អង្គរ FC បាន​លត់​ក្រុម​ចំណូល​ថ្មី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបាត់ដំបង ១០​ទល់ ២។ នៅ​តង់​ទី ១​បឹងកេត​អង្គរ FC នាំមុខ​មុន​តែ ២ ទល់ ០​ប៉ុណ្ណោះ តែ​តង់​ទី ២​បឹងកេត​អង្គរ FC រកបាន​៨ គ្រាប់​បន្ថែមទៀត។ មួយ​ប្រកួត​ទៀត​របស់​ពូ​ល C ក្រុម​ភ្នំពេញ​ក្រោ​ន បាន​យកឈ្នះ​ក្រុម​ក្រសួងការពារជាតិ ៤ ទល់ ០។

ការពារជាតិ​ជា​ក្រុម​ដែល​លេង​ជម្រុះ​នៅ​តំបន់​ភ្នំពេញ បាន​ចំណាត់ថ្នាក់​លេខ​១ ហើយក៏​ជា​ក្រុម​ដែល​លេង​ក្នុង League ដែរ។ ក្រុម​ក្រសួងការពារជាតិ​អាច​នឹង​ហាលអាវ​ត្រឹម​វគ្គ​១​ភាគ​៨ នេះ ដោយសារ​ក្នុង​ពូ​ល​C​នេះ មាន​ក្រុម​ខ្លាំង​ក្នុង​League​ដល់​ទៅ​៣ គឺ​ភ្នំពេញ​ក្រោ​ន បឹងកេត​អង្គរ​FC និង​ការពារ​ជាតិ ខណៈ​ដែល​ក្នុង​១​ពូ​ល​ជម្រុះ​យកតែ​២​ក្រុម​ឡើង​ប៉ុណ្ណោះ។


សម្រាប់​ពូ​ល D វិញ ក្រុម​ណាហ្គា​វើ​ល​បាន​លត់​ក្រុម​ខ្សោយ​ខេត្តព្រៃវែង​១៥​ទល់ ​០ ឯណោះ។ ព្រៃវែង​ទំនងជា​ឆ្លង​មិន​ផុត​វគ្គ​១​ភាគ​៨​ឬ​១៦​ក្រុម​ចុងក្រោយ​នេះ​ឡើយ។ ក្នុង​ពូ​ល D នេះដែរ ក្រុម​ខ្លាំង​ខេត្តស្វាយរៀង ក៏បាន​លត់ ក្រុម​ខ្សោយ​អាជ្ញាធរ​អប្សរា​( កងរាជអាវុធហត្ថ​ខេត្តសៀមរាប​) ៦ ទល់ ០ ផងដែរ។


សម្រាប់​ពូ​ល D នេះ ក្រុម​ខេត្តព្រៃវែង និង អាជ្ញាធរ​អប្សរា គឺជា​ក្រុម​នឹងត្រូវ​ធ្លាក់​ត្រឹមនេះ ព្រោះ​ក្រុម​ដែល​ត្រៀម​ឡើង មាន​រួច​ទៅ​ហើយ គឺ ណាហ្គា​វើ​ល និង ស្វាយរៀង៕

Post a Comment

 
Top