GuidePedia

0
ក្លឹបបាល់ទាត់លំដាប់កំពូលកម្ពុជា ភ្នំពេញក្រោន បានសម្រេចចិត្ត លក់ខ្សែប្រយុទ្ធ ដ៏ឆ្នើមមួយរូបទៀត គឺកីឡាករជនជាតិ អូស្ដ្រាលី Adriano Pelegrino ឲ្យទៅក្លឹប Udonthani FC ដែលជាក្រុមលេងក្នុង League លំដាប់ទី៣របស់ថៃ ។


នេះជាកីឡាករទី៤ហើយ ដែលក្លឹបជើងឯក League ៥រដូវកាល ភ្នំពេញក្រោន លក់ចេញក្នុងខែមករា ដើមឆ្នាំ២០១៥នេះ ក្នុងនោះគឺមានកីឡាករ ឃឹម បូរី, គួច សុកុម្ភៈ និងកីឡាករ ហុង ផេង ផងដែរ ។ កីឡាករ Adriano ជាខ្សែប្រយុទ្ធដ៏ឆ្នើម ដែលបានបង្កើនឱកាស ឲ្យក្លឹបភ្នំពេញក្រោន គ្រងតំណែងជើងឯក League ជាលើកទី៥ កាលពីឆ្នាំ២០១៤កន្លងទៅ ។

មូលហេតុដែលកីឡាករ Adriano អាចទាក់ទាញចំណាប់អារម្មណ៍ លោក Suwit Pipatwilaikul ប្រធានក្លឹប Udonthani FC ឲ្យចរចាជាមួយលោក រិទ្ធី សំណាង ប្រធានក្លឹបភ្នំពេញក្រោន ហើយឈានដល់ការចុះកិច្ចសន្យាលក់ កីឡាករជនជាតិអូស្រ្ដាលីនេះ គឺដោយសារកាលពីសប្ដាហ៍មុន Adriano បានទៅលេងឲ្យក្រុម Udonthani FC ក្នុងជំនួបមិត្តភាពទល់នឹងក្រុម Muangthong United ពេលនោះ Udonthani FC បានបង្កើតភាពភ្ញាក់ផ្អើលមួយ ក្រោយរកបាន គ្រាប់បាល់ជ័យជំនះ ១គ្រាប់នៅចុងម៉ោងឲ្យក្រុម Udonthani FC ។ ហេតុនេះហើយ ទើបថ្នាក់ដឹកនាំក្លឹប លំដាប់លីកទី៣ថៃ និងអ្នកគាំទ្រចង់បាន Adriano ដូច្នេះ ។ ការបាត់បង់កម្លាំងស្នូល ដ៏សំខាន់កីឡាករ Adriano នាពេលនេះ បានធ្វើឲ្យថ្នាក់ដឹកនាំក្លឹប សម្ដែងនូវការសោកស្ដាយជាខ្លាំង ។

ទន្ទឹមជាមួយគ្នានោះ លោក Sam Schweingruber គ្រូបង្គោលក្លឹបភ្នំពេញក្រោន បានលើកឡើងថា ក្នុងនាមលោកជាគ្រូបង្វឹក លោកពិតជាក្រៀមក្រំណាស់ ដែលឃើញកីឡាករ Adriano ចាកចេញ ដើម្បីទៅរកការប្រកួតប្រជែង ថ្មីមួយទៀតក្នុងប្រទេសថៃ ។

ប៉ុន្ដែភ្នំពេញក្រោន ក៏សំណាងណាស់ដែរ ដែលបានកីឡាករ មានទេពកោសល្យ និងបទពិសោធន៍ល្អបែបនេះ មកចូលរួមជាមួយក្រុម របស់យើងរយៈពេល៩ខែកន្លងមក ។


លោកបន្ដថា ក្រោយបាត់បង់កីឡាករ ដ៏មានសមត្ថភាព មួយរូបខាងលើ ថ្នាក់ដឹកនាំក្លឹប នឹងស្វែងរកកីឡាករខ្លាំងម្នាក់ទៀត មកជំនួសតំណែង Adriano ដើម្បីបង្កើនសក្ដានុពល ក្នុងក្លឹបឡើយវិញ ។

ប៉ុន្ដែលោកក៏បានអរគុណ ចំពោះកីឡាករ Adriano ដែលបានខិតខំជួយ ភ្នំពេញក្រោន ឲ្យលើកពាន Metfone កាលពីរដូវកាលមុន និងជូនពរឲ្យគេ (Adriano) ជោគជ័យគ្រប់ពេល សម្រាប់ការប្រកបអាជីព ជាមួយនឹងក្រុម Udonthani FC របស់ថៃនោះ ៕

Post a Comment

 
Top